សពពលករខ្មែរ២នាក់ ត្រូវបានបញ្ជូនមកព្រមគ្នាទាំងយប់

http://mmcnews.asia/local-news/ October 17, 2019

ខេត្តបន្ទាយមានជ័យ ៖ ពិតជាកម្សត់ខ្លាំងណាស់ តើពលករខ្មែរប៉ុន្មាននាក់ហើយ ដែលត្រូវបញ្ជូនសពមក ក្នុងមូលហេតុមិនច្រើនករណី? នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ សពពលករខ្មែរ២នាក់ ត្រូវបានបញ្ជូនមកព្រមគ្នា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយម្នាក់ដេកស្លាប់ ដោយមិនដឹងមូលហេតុ និងម្នាក់ទៀតលោតទឹកសម្លាប់ខ្លួន សង្ស័យមានវិបត្តិផ្លូវចិត្ត។

សពរងគ្រោះទី១ឈ្មោះ ណោក ណាង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទៅធ្វើជាអ្នកកសាង នៅទីក្រុងបាងកក ប្រទេសថៃ ដេកស្លាប់កាលពី១៦ អត់ដឹងមូលហេតុ។ សពរងគ្រោះទី២ ឈ្មោះ ចង់ តាក់ ភេទប្រុស អាយុ២៨ឆ្នាំ ភូមិខ្វម ឃុំក្នាច់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាជាងកាត់កញ្ចក់ នៅខេត្តឆាក់ឈឺងសៅ សង្ស័យមានវិបត្តិផ្លូវចិត្ត ក្រោយទូរស័ព្ទលានិងសុំទោសបងប្អូននៅខ្មែរ រួចក៏លោតទឹកសម្លាប់ខ្លួន តាំងពីថ្ងៃទី១៤ ហើយរកឃើញសពនៅថ្ងៃទី១៥ ខែឆ្នាំដដែល។

ក្រោយបញ្ជូនសពចេញពីច្រកព្រំដែន សព១ដែលដេកស្លាប់ ត្រូវបានផ្ទេរដាក់រថយន្តដឹកបន្ត ទៅបូជាតាមប្រពៃណី នៅឯខេត្តឧត្តរមានជ័យ រីឯសពដែលស្លាប់ ដោយសារលោតទឹកសម្លាប់ខ្លួន កំពុងត្រូវបានរៀបចំបូជាតែម្តង នៅក្នុងវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយបែត ព្រោះសពមិនអាចទុកយូរ ម្យ៉ាងត្រូវដឹកទៅខេត្តឆ្ងាយមិនកើត ទើបត្រូវបូជារួចទើបយកធាតុ ទៅខេត្តតាកែវវិញ៕ ដោយ ធីតា