ជាង ៣០០នាក់ ក្នុង ១ថ្ងៃ ត្រូវបានថៃ ចាប់បញ្ជូនតាមច្រកអូរបីជាន់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ២០:១៨ ប៊ុន ធឿន

បន្ទាយមានជ័យ៖ ភាគីថៃ បានចាប់ពលករខ្មែរ បញ្ចូនតាមច្រកអូរបីជាន់ ១ថ្ងៃ ជាង ៣០០នាក់។ ក្នុងចំណោមនោះ ២៣នាក់ ត្រូវបានធ្វើចត្តាឡីស័ក ដោយជាប់សង្ស័យកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ច្រកព្រំដែនអូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា ចាប់ពីម៉ោង ១២យប់ ដល់ ១១ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃ បានចាប់បញ្ជូនពលករខ្មែរ តាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួនជាង ៣០០នាក់ ក្នុងមាន ស្ត្រី ១៥០នាក់។ ក្នុងនោះ មាន ២៣នាក់ (ស្រី៣នាក់ និងកុមារម្នាក់ ) ជាប់សង្ស័យឆ្លងជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃ បានចាប់បញ្ជូនពលរដ្ឋខ្មែរ តាមច្រកអូរបីជាន់ មានចំនួន ២៩៧នាក់ (ស្រី ១៣៦នាក់ )។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ពលករចំណាកស្រុក ដែលភាគីថៃ ចាប់បញ្ជូនតាមច្រកអូរបីជាន់ ត្រូវបានមន្ត្រីចត្តាឡីស័កកម្ពុជា ចាំទទួល ដែលរួមមានក្រុមគ្រូពេទ្យសហការជាមួយកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ និងកម្លាំងនគរបាលការពារព្រំដែនគោក។ ពលករចំណាកស្រុកទាំងនោះ ត្រូវបានត្រួតពិនិត្យពិនិត្យ ដោយធ្វើចត្តាឡីស័ក ដោយវាស់កំដៅ ហើយបើសិនជាជាប់សង្ស័យ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងអ្នកដែលមិនជាប់សង្ស័យ ត្រូវធ្វើការអប់រំណែនាំ អោយបញ្ឈប់សកម្មភាពឆ្លងដែន ដោយខុសច្បាប់ ដែលប្រឈមគ្រោះថ្នាក់ ដោយមិនត្រូវចាញ់បោកមេខ្យល់ សុំអោយត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវដោះសំលៀកបំពាក់បោកគក់អោយបានស្អាត និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ ដោយមិនអោយក្រុមគ្រួសារមកជិតស្និទ្ធស្នាល និងត្រូវពាក់ម៉ាស់ លាងដៃដោយអាកុលសាប៊ូ អោយបានស្អាតគ្រប់ពេល ដោយអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩៕ ប៊ុនធឿន