ក្រសួងការបរទេស៖ ករណីទី១ ពលករខ្មែរនៅប្រទេសថៃ ស្លាប់ដោយសារកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 04/05/2021 - 09:04 ដោយ៖អោ ស្រីពេជ្រ

ពលករខ្មែរធ្វើការនៅប្រទេសថៃ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យទីក្រុងបាំងកក កាលពីថ្ងៃទី៣០ មេសាឆ្នាំ២០២១ កន្លងទៅ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ rfi នៅថ្ងៃទី០៤ ឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឲ្យដឹងថា សពពលករខ្មែរដែលបានស្លាប់នោះ ត្រូវបានបូជានៅប្រទេសថៃតែម្តង។ មានដើមកំណើតមកពីខេត្តត្បូងឃ្មុំ មកធ្វើការងារនៅទីក្រុងបាងកក ពលករខ្មែរម្នាក់ដែលជាករណីទីមួយត្រូវបានកូវីដ១៩ឆក់យកជីវិតនៅក្នុងទឹកដីនៃប្រទេសថៃ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សពខាងលើ គឺជាពលករស្របច្បាប់ ភេទប្រុស មានវ័យ៣៤ឆ្នាំ និងដែលបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងបាំងកក។ សពជាពលករនេះ ចាំបាច់ត្រូវបូជានៅប្រទេសថៃតែម្តង។

នៅថ្ងៃទី០៤ឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានលើកឡើងថា ប្រពន្ធរបស់សពខាងលើដែលជាពលករខ្មែរដូចគ្នានោះ បានឆ្លងកូវីដ១៩ ទន្ទឹមនឹងស្វាមីខ្លួនដែរ។ បច្ចុប្បន្ននេះ នាងកំពុងតែបន្តព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានការដាក់ឧបករណ៍ជំនួយដង្ហើម។ អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងទៅមន្ទីរពេទ្យព្យាបាលប្រពន្ធសពជាប្រចាំ និងបានអះអាងដែរថា មន្ទីរពេទ្យក៏បានយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺជាពលករខ្មែររូបនេះផងដែរ។

នាអំឡុងពេលផ្ទុះជំងឺកូវីដ១៩ខ្លាំងនៅប្រទេសថៃនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ស្ថានទូតកម្ពុជា កំពុងទាក់ទងសហការជាមួយក្រុមហ៊ុនបញ្ជូន និងទទួលពលករ ដើម្បីទាមទារអត្ថប្រយោជន៍នានា ជូនគ្រួសារជនរងគ្រោះដោយវិបត្តិកូវីដ១៩នេះ៕