ជនសង្ស័យជាមេខ្យល់ ២ នាក់ប្តីប្រពន្ធនាំមនុស្សឆ្លងដែនខុសច្បាប់ចូលដីថៃ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 05 May 2021 | 13:39 ICT

បាត់ដំបងៈ ជនសង្ស័យ ២ នាក់ប្តីប្រពន្ធ ក្នុងបទល្មើសនាំមនុស្សចំនួន ១០ នាក់ ឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ កំពុងត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំរៀងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ក្រោយឃាត់ខ្លួនបានពេលកំពុងនាំពលករឆ្លងដែននៅចំណុចស្ពានបី ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង កាលពីថ្ងៃទី៤ ឧសភា។

លោក ស្រី វុទ្ធី អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី៥ ឧសភានេះ ថា មេខ្យល់ជាប្តីប្រពន្ធចំនួន ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ ៥៣៣ កងពលតូចថ្មើរជើងលេខ ៥៣ ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី៤ ខែឧសភា ខណៈពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១០នាក់។ ក្នុងនោះប្រុសចំនួន ៥ នាក់ ស្រីចំនួន ៤ នាក់ និងកុមារចំនួន ១នាក់ ត្រង់ភូមិសាស្ត្រ ចំណុចស្ពានបី ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។ លោកថ្លែងថា៖«ពេលនេះ យើងបានឃុំខ្លួនជនសង្ស័យទាំង ២នាក់ប្ដី ប្រពន្ធនៅ អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្រោយបញ្ចប់ការសាកសួរ យើងនឹងបញ្ចូនជនសង្ស័យទាំង ២ នាក់ទៅតុលាការល្ងាចនេះ[ថ្ងៃទី៥ ឧសភា] ដើម្បីទុកឱ្យតុលាការសម្រេចតាមនីតិវិធី»។ បើតាមលោក អធិការស្ដីទី ក្រៅពី ប្ដីប្រពន្ធ ២នាក់នេះ ដែលកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនោះ រីឯពលករ ១០នាក់ទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកកំរៀង។

លោក រ៉េន ឌិន មេបញ្ជាការរងកងអនុសេនាធំទី៣ វរសេនាតូច ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានរាយការណ៍ថា ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ ២៤ម៉ោង ដោយប្តូរវេនគ្នា។ ការចុះល្បាតនេះ សហការជាមួយកម្លាំងប៉ូលិសការពារព្រំដែនគោក លេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង។ ប្រតិបត្តិការរួមគ្នានេះ គឺដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ លោកថ្លែងថា តាមរយៈការអនុវត្ដសកម្មភាពល្បាតត្រួតពិនិត្យនេះ នៅម៉ោង៧ព្រឹក ថៃ្ងទី៤ ខែឧសភា ស្របពេលលោកកំពុងដឹកនាំកម្លាំងដើរល្បាត ក៏ជួបមេខ្យល់ប្តីប្រពន្ធ ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តងរួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុក កំរៀង ចាត់ការតាមផ្លូវច្បាប់។ បើតាមលោក រ៉េន ឌិន មេខ្យល់ដែលត្រូវបានចាប់ខ្លួន ឈ្មោះ ភោគ ផឿន (ហៅនាង) ភេទស្រី អាយុ ៣៥ ឆ្នាំ ជាប្រពន្ធ របស់ឈ្មោះ សៅ ធី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅ ភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕