អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូធ្វើវេទិកាកុមារ និងយុវជន ដើម្បីពិភាក្សាលើផលប៉ះពាល់ពីការធ្វើទេសន្តរប្រវេសន៍

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 06 May 2021 | 18:22 ICT

ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូក្នុងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី ៦ ខែឧសភានេះ បានធ្វើវេទិកាកុមារ និងយុវជនតាមអនឡាញ ស្តីពីផលប៉ះពាល់ពីការធ្វើទេសន្តរប្រវេសន៍ ដើម្បីពិភាក្សាគ្នាលើបញ្ហាចំណាកស្រុកក្រោមស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ និងថ្លែងការណ៍រួមគ្នា ដើម្បីស្វែងរកមតិគាំទ្រពីអ្នកពាក់ព័ន្ធក្នុងបំណងឱ្យជួយគាំទ្រដល់ពួកគេ។

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាថ្លែងនៅថ្ងៃនេះថា ការធ្វើវេទិកានាថ្ងៃនេះ គឺជាលើកទី២ ហើយបន្ទាប់ពីលើកទី១ បានធ្វើកាលពីខែមីនា ឆ្នាំ ២០២១ ដោយបានប្រមូលធាតុចូលពីក្រុមយុវជន និងកុមារដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ។ លោកបានបន្តថា៖ «ការធ្វើវេទិកានេះ យើងមានគោលបំណងពង្រឹងចំណងមិត្តភាពរវាងកុមារកម្ពុជា និងកុមារ ដែលកំពុងធ្វើចំណាកស្រុករស់នៅក្នុងប្រទេសថៃ។ តាមរយៈវេទិកានេះកុមារនៃប្រទេសទាំង ២ បានឯកភាពគ្នាធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីអំពីបញ្ហាដែលកំពុងជួបប្រទះ និងស្វែងរកការគាំទ្រ ដើម្បីជួយដល់ពួកគាត់។ សេចក្ដីថ្លែងការណ៍របស់កុមារនេះ នឹងផ្ញើទៅរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ (កម្ពុជា និងថៃ)»។

លោក គីមថាន បានឱ្យដឹងថា តាមរយៈវេទិកានេះ កុមារបានពិភាក្សាអំពីបញ្ហារបស់កុមារធ្វើចំណាកស្រុកទៅរស់នៅប្រទេសថៃដែលបានជួបប្រទះ។ ក្រៅពីនោះកុមារក៏អាចចែករំលែកអំពីបញ្ហាផ្សេងៗរបស់ពួកគេផងដែរ។លោកថ្លែងថា៖ «យើងឃើញបញ្ហាជាច្រើនដែលកុមារបានជួបប្រទះទាក់ទងទៅនឹងកង្វះការអប់រំ កុមារមិនទទួលបានសេវាអប់រំបានពេញលេញទេ ហើយកុមារក៏ប្រឈមនឹងបញ្ហាសុខភាព និងមិនទទួលបានសេវាគាំពារសង្គមកិច្ច»។

លោក John McGown នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិថៃ បានចែករំលែកបទពិសោធជាមួយកុមារ និងយុវជនតាមរយៈការធ្លាប់បានរៀបចំវេទិកានៅប្រទេសថៃ ជាមួយដោយដៃគូក្នុងស្រុក គឺបណ្តាញការពារការងារ (LPN) កាលពីខែមីនា និងខែមេសា ឆ្នាំនេះថា ជាការផ្តល់ឱ្យកុមារដែលបានធ្វើទេសន្តរប្រវេសន៍មានសុវត្ថិភាព និងមានបរិយាកាសរីករាយ។ ក្នុងនោះគេបានចែករំលែកបទពិសោធជីវិតរបស់ពួកគេជាមួយមិត្តភក្ដិ និងប្រមូលសំឡេងរបស់ពួកគេរួមគ្នា ដើម្បីសិទ្ធិរបស់កុមារ និងទទួលបានសេវាកម្មកិច្ចគាំពារសង្គមមូលដ្ឋានតាមរយៈ បណ្តាញសង្គម។ លោកថ្លែងថា៖ «ដំណើរការដែលខ្ញុំបានឃើញនៅក្នុងប្រទេសថៃ គឺអស្ចារ្យណាស់ដោយមានការសម្របសម្រួលបានល្អ ហើយជាលទ្ធផលមិនត្រឹមតែមានប្រសិទ្ធភាពដល់អ្នកកាន់កាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចងមិត្តភាពដែលនឹងបន្តទៅមុខបានល្អទៀតផង»។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាថ្លែងថា វេទិកានេះផ្តោតសំខាន់លើការកសាងទំនាក់ទំនងរវាងកុមារ និងយុវជនដែលរងផលប៉ះពាល់ដោយការធ្វើទេសន្តរប្រវេសន៍ពីប្រទេសកម្ពុជា ទៅប្រទេសថៃ។ លោកស្រីថ្លែងថា៖ «វេទិកានេះ នឹងរួមចំណែកដល់ការបង្កើនការយល់ដឹងអំពីចន្លោះខ្វះខាតនៃសេវាកម្មលើផ្នែកតម្រូវការយេនឌ័រ កិច្ចគាំពារសង្គមសម្រាប់កុមារ និងយុវជនដែលរួមគ្នាបង្កើតសេចក្តីថ្លែងការណ៍រួម ដើម្បីស្វែងរកមតិគាំទ្រពីអ្នកពាក់ព័ន្ធនានាទាក់ទងទៅនឹងការលើកកម្ពស់សិទ្ធិកុមារលើបញ្ហាការធ្វើទេសន្តរប្រវេសន៍»។

តាមរយៈការសិក្សាគម្រោងមួយដែលគាំទ្រដោយអង្គការភ្លែនបានរកឃើញថា មានកុមារកម្ពុជា ចំនួន ១. ៣២២ នាក់ កំពុងសិក្សានៅប្រទេសថៃ ក្នុងខេត្តខ្លងយ៉ៃ ជាប់ព្រំប្រទល់នឹងខេត្តកោះកុង។ ក្នុងចំណោមសិស្ស ១ ៣២២ នាក់ (មានចំនួន ៥០០នាក់ កំពុងសិក្សាថ្នាក់ទី៤ និងទី៩ នៃសាលារដ្ឋរបស់ប្រទេសថៃ)។ ក៏ប៉ុន្តែចំនួននេះមានការថយចុះនៅពេលដែលកុមារកម្ពុជាមានអាយុច្រើន ដោយសារត្រូវត្រឡប់មកកម្ពុជាវិញជាមួយឪពុកម្តាយក្រោយពីផុតសិទ្ធិធ្វើការក្នុងប្រទេសថៃ៕