ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា ១ថ្ងៃ ជិត ២០០នាក់ រកឃើញអ្នកឆ្លង ជំងឺកូវីដ ៤៣នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ១៩ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២០:២៨

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា ១ថ្ងៃ ជិត ២០០នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ មានចំនួន ៤៣នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅមណ្ឌលសំចតច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ ទទួលតួនាទីថ្មី ជាអភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ស្រុកអូរជ្រៅ ទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានចំនួន ១៤៧នាក់ ស្រី ៧០នាក់ បានយកសំណាក់ធ្វើតេស្តរហ័ស (Rapid Test) លទ្ធផលវិជ្ជមានកូវីដ.១៩ មានចំនួន ៤៣នាក់ ស្រី ២១នាក់ ក្មេង ២នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ រស់នៅខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ ខេត្តបាត់ដំបង មានចំនួន ៦នាក់ ខេត្តសៀមរាប មានចំនួន ៣នាក់។

លោក បានបញ្ជាក់ថា នៅពេលដែលប្រទេសថៃ ឆ្លងកូវីដ ដែលកំពុងរីករាលដាល ហើយត្រូវបានកន្លែងការងារ ដែលប្រជាពលរដ្ឋខ្មែរ ធ្វើការនៅប្រទេសថៃ មិនមានការងារធ្វើ ពួកគេបានត្រឡប់មកវិញ ក្នុង ១ថ្ងៃ ជិត ២០០នាក់។ ក្រុមការងារទទួល ហើយពិនិត្យសុខភាព និងយកសំណាកធ្វើតេស្ត បើរកឃើញវិជ្ជមានកូវីដ.១៩ ត្រូវបានបញ្ជូន មកមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ដើម្បីព្យាបាល និងអ្នកដែលអវិជ្ជមានកូវីដ ត្រូវបានបញ្ជូន ទៅដាក់មណ្ឌលវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ២១ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា នៅពេលដែលជំងឺឆ្លងកូវីដ ដែលកំពុងឆ្លងរីករាលទូទាំងប្រទេស ហើយពលករខ្មែរ ដែលត្រឡប់បីប្រទេសថៃ ចូលកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន ៨៨៣៦៥នាក់ ស្រី ៣៩៨៨៧នាក់៕ ប៊ុន ធឿន