មេខ្យល់ម្នាក់ នាំពលករខ្មែរ១៩នាក់មានកុមារ២នាក់ បម្រុងឆ្លងដែន ត្រូវនគរបាលការពារព្រំដែនគោកឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១៩ តុលា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង សហការជាមួយ កម្លាំងយោធាប្រតិបត្តិការសឹករង ខេត្ដបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនពលករខ្មែរ ប្រុស ស្រី ចំនួន១៩នាក់ ក្នុងនោះមានកុមារចំនួន២នាក់ និងមេខ្យល់១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ពលករខ្មែរទាំង១៩នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ កុមារចំនួន២នាក់ មកពី៤ខេត្ត ក្នុងនោះ ១.មានខេត្តបន្ទាយមានជ័យចំនួន៣នាក់ ២.ខេត្តបាត់ដំបងចំនួន៩នាក់ ៣.ខេត្តត្បូងឃ្មុំចំនួន១នាក់ និង ៤.ខេត្តព្រៃវែងចំនួន៦នាក់។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងចំណោម ពលរទាំង១៩នាក់នោះ សមត្ថកិច្ចចម្រុះបានរកឃើញមេខ្យល់ម្នាក់បម្រុងជូនពលករទាំង១៩នាក់លួចឆ្លងដែនចូលទៅប្រទេសថៃរកការងារធ្វើមាន ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់បន្ថែមទៀតថា ចំពោះពលករទាំងអស់និងមេខ្យល់បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ មេរោគកូវីដ-១៩ និងធ្វើកិច្ចសន្យារួច បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩មុននឹងប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីសួរនាំនិងចាត់វិធានការតាមនីតិវិធី ចំពោះអ្នកនាំផ្លូវផងដែរ៕ វ៉ាន់ ណាង