ពលករខ្មែរត្រឡប់ពីថៃចូលកម្ពុជាក្នុង១ថ្ងៃជិត១០០នាក់ ហើយមានលួចឆ្លងដែនទៅថៃចាប់បញ្ជូនមកវិញទៀត

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២២ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៩:១៥

បន្ទាយមានជ័យ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញក្នុង១ថ្ងៃជិត១០០នាក់ហើយមានលួចឆ្លងដែនទៅថៃចាប់បញ្ជូនមកវិញរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជៅ និងជាសមាជិកក្រុមការងារទទួលពលករខ្មែរច្រកអូរបីជាន់បានប្រាប់ថា ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមការងារបានទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ និងអាជ្ញាធរមានសមត្ថកិច្ចថៃចាប់តាមបន្ទាត់ព្រំដែននៅលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃត្រូវបានបញ្ជូនមកវិញមានចំនួន៤០នាក់ ស្រី១៨នាក់ កុមារ៣នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ ស្រី៨នាក់ កុមារ៣នាក់ ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មការច្រកតំបន់ព្រំដែនបឹងត្រកួន និងក្រុមការងារទទួលពលករត្រឡប់ពីប្រទេសថៃបានបញ្ជាក់ថា ៖ ច្រកបឹងត្រកួនស្រុកថ្មពួក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះមានពលករខ្មែរ ត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ដែលត្រូវបានទទួលមានចំនួន២៦នាក់ ស្រី១២នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់បញ្ជូនមកវិញ ។

គួរបញ្ជាក់ថា ៖ ចំពោះពលករខ្មែរដែលត្រឡប់មកផ្ទះវិញ និងអាជ្ញាធរថៃចាប់បញ្ជូនដែលក្រុមការងារទទួល រយៈពេល១ថ្ងៃ មានចំនួន៦៦នាក់ ស្រី៣០នាក់ កុមារ៣នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ១៩មានចំនួន១២នាក់ ស្រី៨នាក់ ចំពោះអ្នកវិជ្ជមានកូវីដ១៩ត្រូវបានបញ្ជូនទៅព្យាបាល និងអ្នកអវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលក្រុងសិរីសោភ័ណ ៕