ឃាត់ខ្លួនជនជាតិថៃប្រុសស្រី៤នាក់ ដែលប្រមុងលួចឆ្លងដែនពីកម្ពុជាទៅថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៧ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ១៤:៤៦

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិថៃប្រុសស្រីចំនួន៤នាក់ ដែល ប្រមុងលួចឆ្លងដែនពីកម្ពុជាទៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនប្រគល់ជូនភាគីថៃវិញ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែនក្បែរច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក។ បើតាមកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានប្រាប់ថា ៖ នៅពេលកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ក៏បានប្រទះឃើញជនជាតិថៃប្រុសស្រីចំនួន៤នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨០៧ ប្រចាំច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក។

កម្លាំងនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនជាតិថៃចំនួន៤នាក់ ក្នុងស្រី១នាក់ បាននាំយកមកសារសួរ ហើយបើតាមចម្លើយ គឺពួកគាត់បានមកធ្វើការនៅកាស៊ីណូ «ហាយសូ» ក្នុងក្រុងប៉ោយប៉ែត ហើយក៏មានបំណងឆ្លងទៅប្រទេសថៃវិញគ្មានច្បាប់ តាមរយៈមេខ្យល់ខ្មែរ ដោយបានជូនមកទម្លាក់ចោលក្បែរអូរព្រំដែន ដើម្បីអោយត្រឡប់ទៅវិញដោយខ្លួនឯង តែក៏ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩០៧ ឃាត់នាំយកមកសាកសួរតែម្តង។ កម្លាំងនគរបាលរូបនោះបានបញ្ជាក់ទៀតថាជនជាតិថៃប្រុស-ស្រីទាំង៤នាក់ខាងលើរួមមាន៖ ១- ឈ្មោះ ផាន់ ផាយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ២- ឈ្មោះ ផា ភុម ភេទប្រុស អាយុ១៩ឆ្នាំ ៣- ឈ្មោះ មុន្នី រ៉ាត់ ភេទស្រី អាយុ៣៣ឆ្នាំ និង៤- ឈ្មោះ វីរ៉ាក់ ណែនឧដន ភេទប្រុស អាយុ៣០ឆ្នាំ ដែលរស់នៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ក្រោយការសាកសួរជនជាតិថៃទាំងនេះរួចហើយ ក៏បានរៀបចំឯកសារ និងប្រគល់ជូនជនជាតិថៃទាំង៤នាក់រូបនេះ ទៅឱ្យសមត្ថកិច្ចជំនាញថៃ ដើម្បីមកទទួលយកនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក ដើម្បីទទួលទៅអនុវត្តន៍តាមនីតិវិធីនៃច្បាប់បន្តទៀត៕