User Tools

Site Tools


laws:ctip:full

This is an old revision of the document!


Table of Contents

Full

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ១ គោលបំណងនច្បាប់នេះ

ច្បាប់នេះមានគោលបំណងបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីការពារសិទ្ធិ និង សេចក្ដីថ្លៃថ្នូររបស់មនុស្សនិងបង្កើននូវសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនិងរក្សាការពារ លើកកម្ពស់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិនិងមានគោលបំណងអនុវត្តឱ្យបានសមស្របផងដែរ តាមពិធីសារអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ ការបង្ក្រាប និង ការផ្ដន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារបន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឬឧបករណ៍ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រ កម្ពុជាបានឱ្យសច្ចាប័ន ឬ ចុះហត្ថលេខា។

មាត្រា ២ ការអនុវត្តច្បាប់នេះនៅក្នុងដែនដី

ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើស ដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងច្បាប់នេះ រួមបញ្ចូលទាំងនាវាឬអាកាសយានណាមួយដែលមានសិទ្ឋិប្រើប្រាស់ទង់ជាតិកម្ពុជា ។ បទល្មើសមួយត្រូវចាត់ទុកថា បានប្រព្រឹត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើរួមផ្សំណាមួយនៃបទល្មើសនោះកើតឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣ ការអនុវត្តច្បាប់នេះនៅក្នុងដែនដី

ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើសឧក្រិដ្ឋឬមជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើងនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយពលរដ្ឋខ្មែរ។ ច្បាប់នេះអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើងនៅក្រៅដែនដីនៃព្រះរាជណាចក្រកម្ពុជា ដោយជនបទេស ហើយជនរងគ្រោះគឺជាពលរដ្ឋខ្មែរនៅពេលដែលបទល្មើសកើតឡើង ។

មាត្រា ៤ ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ

រាល់ការប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះត្រូវ ផ្តន្ទាទោសនិងត្រូវទទួលខុសត្រូវ ដូចករណីដែលបទល្មើសត្រូវបានប្រព្រឹត្តិ ។

អ្នកសមគំនិត និង អ្នកផ្តើមគំនិត ក្នុងបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវផ្តន្ទាទោស និងត្រូវទទួលខុសត្រូវដូចចារីដែលប្រព្រឹត្តបទល្មើស។ អ្នកសមគំនិត និងអ្នកផ្តើមគំនិតរួមមាន អ្នករៀបចំ ឬ ចង្អុលបង្ហាញជាអាទិ៍ឱ្យជនដទៃប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ។

នៅពេលដែលមានតំណាង ភ្នាក់ងារ ឬ និយោជិតនៃនីតិបុគ្គល ឬ ភារប្បទាយីណាមួយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងនៅក្នុងច្បាប់នេះក្នុងក្របខ័ណ្ឌនៃមុខជំនួញ ឬ ផលប្រយោជន៍នៃនីតិបុគ្គល ឬភារប្បទាយីនោះ នីតិបុគ្គល ភារប្បទាយីនោះ ត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ និងទោសបន្ថែមដោយយោង ទៅតាមការផ្តន្ទាទោសដែលមានចែងនៅក្នុងមាត្រាដែលពាក់ព័ន្ធ។

មាត្រា ៥ ការប្រកាសមូលទោស

នៅក្នុងគ្រប់ករណី ដែលបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងនិងពិន័យជាប្រាក់ផង តុលាការអាចប្រកាស:

១ - ទោសជាប់ពន្ធនាគារ និងទោសពិន័យត្រួតគ្នា ។

២ - ទោសដាក់ពន្ធនាគារតែមួយប៉ុណ្ណោះ ។

៣ - ឬ ក៏ទោសពិន័យជាប្រាក់តែមួយមុខប៉ុណ្ណោះ ។

មាត្រា ៦ បទល្មើសត្រួតគ្នា

កាលបើនៅក្នុងពេលចោទប្រកាន់តែមួយ ជនជាប់ចោទត្រូវបានគេរកឃើញថាមានបទល្មើសច្រើន ទោសនីមួយៗអាចត្រូវប្រកាសឡើង ។ ប៉ុន្តែកាលបើទោសត្រូវទទួលច្រើននិងមានប្រភេទដូចគ្នា ទោសតែមួយ នៃប្រភេទនេះអាចត្រូវបានប្រកាសជាអតិនៅក្នុងព្រំដែនស្របច្បាប់ដែលខ្ពស់ជាងគេ។

មាត្រា ៧ និយមន័យនៃអនីតិជន

អនីតិជន នៅក្នុងច្បាប់នេះមានន័យថា ជាជនដែលមានអាយុក្រោម ១៨ ឆ្នាំ ។

ជនណាដែលរក្សាទុកអនីតិជនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ឬ ត្រួតនិនិត្យរបស់ខ្លួននឹងត្រូវចាត់ទុកថា បានដឹងពីអាយុរបស់អនីតិជននោះ លើកលែងតែជននោះបង្ហាញឱ្យឃើញថា ខ្លួនមានការជឿជាក់ដោយសមហេតុផលថា អនីតិជននោះ មានអាយុ ១៨ ឆ្នាំ ឬ ច្រើនជា ១៨ ឆ្នាំ។

ជំពូកទី២ អំពើលក់ ដូរមនុស្ស

មាត្រា ៨ និយមន័យនៃការនាំយកចេញដោយមិនស្របច្បាប់

ការនាំយកចេញដោយមិនស្របច្បាប់ នៅក្នុងច្បាប់នេះមានន័យថា :

១-ការធ្វើឱ្យមនុស្សម្នាក់ ផ្លាស់ទីពីទីកន្លែងដែលគេកំពុងដែលគេកំពុងរស់នៅទៅកាន់ទីកន្លែងដទៃដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្លួន ឬ របស់តតិយជន តាមមធ្យោយបាយបង្ខិតបង្ខំ គម្រាមកំហែងបោកបញ្ជោត បំពានដោយអំណាច ឬ លួងលោម។

២-ការនាំយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាលទូទៅ ឬ នៅក្រោម ហិតូបត្ថម្ភ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ឬ យុត្តិកម្មតាមផ្លូវច្បាប់ចេញពីការគ្រប់គ្រងស្របច្បាប់នៃឪពុកម្តាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលរបស់គេ ។

មាត្រា ៩ ការនាំយកអនីតិជន ជាអាទិ៍ ចេញដោយមិនស្របច្បាប់

ជនណានាំយកអនីតិជន ឬ ជនដែលនៅអាណាព្យាលទូទៅ ឬ នៅក្រោមហិតូបត្ថម្ភ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ចេញដោយមិនស្រច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ការផ្តន្ទាទោសត្រូវលើកលែងឬ ទទួលស្ថានសម្រាលក្នុងករណីលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញដូចតទៅនេះ:

១-បើជនស្ថិតនៅក្រោមការគ្រប់គ្រង ដែលគេនាំយកទៅនោះ មានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ និងយល់ព្រមដោយស្ម័គ្រចិត្ ចំពោះអំពើល្មើស។

២-ការពុំមានប្រើវិធានការណាមួយ ដែលមានចែងក្នុងកថាខណ្ឌទី១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់។

៣-ជនល្មើសមិនមានគោលបំណង ប្រព្រឹត្តបទល្មើសណាមួយ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះអាចធ្វើការចោទប្រកាន់បាន លុះត្រាតែមានពាក្យបណ្តឹងពីឪពុកម្តាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលស្របច្បាប់ ប្រសិនបើមធ្យោបាយណាមួយដូចមានចែងនៅក្នុងកថាខណ្ឌទី១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់។

មាត្រា ១០ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ឈានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់ណាមួយនៃការករងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែលៈ

  • ជនរងគ្រោះជាអនីតិជន។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។

ពាក្យថា ទម្រង់នាំកេងប្រវ័ញ្ចន៍ផ្សេងទៀត នៅក្នុងមាត្រា ១២ មាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះរួមមានការកេងប្រវ័ញ្ចន៍លើពេស្យាតកម្មជនដទៃ រូបភាព និងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ សេវា ឬ ពលកម្មដោយបង្ខំទាលភាព ឬ ការអនុវត្តស្រដៀងគ្នានឹងទាសភាព ការបញ្ចាំខ្លួនដោះបំពុលសេវភាពដោយសមនុស្ស ពលកម្មកុមារ ឬ ការដកហូតសរីរាង្គ។

ការយល់ព្រមរបស់ជនរងគ្រោះចំពោះគោលដៅដែលមានចែងក្នុងកថាខណ្ឌទី១ នៃមាត្រានេះ មិនទាក់ទងនឹងមធ្យោយបាយណាមួយដែលមានចែងក្នុងកថាខណ្ឌទី១ មាត្រា ៨ នៃច្បាប់នេះ ដែលត្រូវបានប្រើនោះទេ ។ ករណីនេះត្រូវយកទៅអនុវត្តផងដែរ ចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ។

មាត្រា ១១ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅ ព្រះរាជណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ នាំជននោះទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ឌទី១ ខាងលើ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :

  • ជនរងគ្រោះជាអនីតិជន។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។

មាត្រា ១២ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍

ការជ្រើសរើសដោយមិនស្របច្បាប់នៅក្នុងច្បាប់នេះ មានន័យថា ការបញ្ចុះបញ្ចូល ការជួល ឬការឱ្យជនណាបម្រើការក្រោមទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត តាមមធ្យោយបាយបោកបញ្ជោតបំពានដោយអំណាច ការបង្ខាំខ្លួន ការប្រើប្រាស់កម្លាំង ការតម្រាម កំហែង ឬ មធ្យោយបង្ខិតបង្ខំផ្សេងៗទៀត ។

ជនណាដែលជ្រើសរើសជនដទៃដោយមិនស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:

  • ជនរងគ្រោះជាអនីតិជន។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណ:ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចំាតំាង។

មាត្រា ១៣ និយមន័យនៃអំពើលក់ដូរមនុស្ស

អំពើលក់ - ដូរមនុស្សមានន័យថាប្រគល់ឪ្យដោយខុសច្បាប់នូវការគ្រប់គ្រងលើជនណាម្នាក់ទៅលើជនដទៃឫទទួលយកដោយខុសច្បាប់នូវការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ពីជនដទៃដោយផ្តោះប្តូរទៅនឹងរបស់មានតម្លៃអ្វីមួយដោយរាប់បញ្ចូលទំាងសេវានិងមនុស្សផង។

អំពើធ្វើជាភ្នាក់ងារកណ្តាលនៃការលក់ ដូរមនុស្សត្រូវផ្តន្ទាទោសដូចគ្នានឹងអំពើលក់-ដូរមនុស្សដោយផ្ទាល់។

មាត្រា ១៤ អំពើលក់_ដូរមនុស្ស

ជនណាដែលលក់ ដូរជនដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាដល់៥(ប្រំា)ឆ្នំា។

មាត្រា ១៥ អំពើលក់ ដូរមនុស្សដោយមានគោលដៅ

ជនណាដែលលក់ ដូរជនដទៃដោយមានគោលដៅស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទ:របស់ជនរងគ្រោះស្មុំកូនឬទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧(ប្រំាពីរ)ឆ្នាំដល់១៥(ដប់ប្រំា)ឆ្នំា។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រំា)ឆ្នាំដល់២០(ម្ពៃ)ឆ្នំាក្នុងករណីដែល:

  • ជនរងគ្រោះជាអនីតិជន។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណ:ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចំាតំាង។

មាត្រា ១៦ អំពើលក់ ដូរមនុស្សសម្រាប់នំាឆ្លងដែន

ជនណាដែលលក់ ដូរជនដទៃ ក្នុងគោលដៅប្រគល់ឬ នំាយកទៅក្រៅព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧(ប្រំាពីរ)ឆ្នំាដល់១៥(ដប់ប្រំា)ឆ្នំា។

ជនណាដែលលក់ ដូរជនដទៃក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាក្នុងគោដៅប្រគល់ឫនំាជននោះទៅប្រទេសផ្សេងទៀតត្រូវផ្តន្ទាទោសដូខគ្នានឹងកថាខណ្ឌទី១ខាងលើ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រំា)ឆ្នំាទៅ២០(ម្ភៃ)ឆ្នំាក្នុងករណីដែល :

  • ជនរងគ្រោះជាអនីតិជន។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណ:ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចំាតំាង។

មាត្រា ១៧ ការដឹកជញ្ចូនដោយមានគោលដៅ

ជនណាដែលដឹកជញ្ចូនជនដទៃដែលត្រូវបាននំាយកចេញដោយមិនស្របច្បាប់ជ្រើសរើស លក់ ដូរ ឫ ដឹកជញ្ចូនដោយដឹកដឹងថាជននោះត្រូវបាននំាយកចេញដោយមិនស្របច្បាប់ជ្រើសរើសលក់ ដូរ ឬដឹកជញ្ចូនក្នងគោលដៅដើម្បីស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ

ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទ:របស់ជនរងគ្រោះ ស្មុំកូន ឬទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងៗទៀតត្រូវផ្តាន្ទាទោសដាក់ពន្ធនាគារពី៧(ប្រំាពីរ)ឆ្នំាដល់១៥(ដប់ប្រំា)ឆ្នំា។

ត្រួវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រំា)ឆ្នំាទៅ២០(ម្ភៃ)ឆ្នំាក្នុងករណីដែល :

  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណ:ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចំាតំាង។

មាត្រ ១៨ អំពើនាំឆ្លងដែន

ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះ ត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬដឹកជញ្ជូនទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។

ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ដឹកជញ្ជូនក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែលៈ

  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានអ្នកចាត់តាំង។

មាត្រា ១៩ ការទទួលយកមនុស្សដោយមានគោលដៅ

ជនណាដែលទទួល ផ្តល់ជម្រក ឬលាក់បំពួនជនណាមួយ ដែលបានមកពីអំពើនាំយកចេញដោយមិនស្របច្បាប់ ឬ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនក្នុងគោលដៅ ដើម្បីស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាព អាសអាភាស អាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ដល់ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល :

  • ជនរងគ្រោះជាអនីតិជន។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
  • អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។

មាត្រា ២០ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស

ជនណាដែលទទួល ផ្តល់ជម្រក ឬ លាក់បំពួន ជនរងគ្រោះក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីជួយដល់ជនល្មើសដែលបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនជនរងគ្រោះនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និងពិន័យប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ក្នុងករណីជនរងគ្រោះជាអនីតិជន។

ជំពូកទី ៣ ការបង្ខាំង

មាត្រា ២១ ការចាប់ពង្រត់ ការឃុំឃាំង ឬ ការបង្ខាំង

បុគ្គលដែលចាប់ឃុំឃាំង ឬ បង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្តន្ទាទោស :

១-ដាក់ពន្ធនាគារពី ៣ (បី)ឆ្នាំ ទី ៥ (ប្រាំ)ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួន មានរយៈពេលតិចជាងមួយខែ។

២-ជាប់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួន មានរយៈពេលស្មើ ឬ លើសរយៈពេលមួយខែ។

មាត្រា ២២ ស្ថានទម្ងន់ទោស

បុគ្គលដែលចាប់ឃុំឃាំង ឬ បង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងករណីដូចខាងក្រោម :

១ - ដោយមានទារុណ្ឌកម្ម ឬ អំពើឃោឃៅ។

២ - បណ្តាលឱ្យមានមនុស្សស្លាប់ ឬ

៣ - ប្រព្រឹត្តក្នុងគោលដៅជំរិតយកប្រាក់។


ជំពូកទី ៤ អំពើពេស្យាចារ និង អំពើពេស្យាចារកុមារ

មាត្រា ២៣ និយមន័យនៃអំពើពេស្យាចារ និង អំពើពេស្យាចារកុមារ

“អំពើពេស្យាចារ” នៅក្នុងច្បាប់នេះមានន័យថា ការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្តោះប្តូរនឹងវត្ថុមានតម្លៃអ្វីមួយ។

“អំពើពេស្យាចារកុមារ” នៅក្នុងច្បាប់នេះមានន័យថា ជាអំពើរួមភេទ ឬ អំពើគ្រប់រូមភាពផ្សេងទៀតដែលទាក់ទងនឹងភេទ រវាងអនីតិជនជាមួយជនដទៃ ដើម្បីផ្តោះប្តូរទៅនឹងវត្ថុមានតម្លៃអ្វីមួយ។

មាត្រ ២៤ អំពើអូសទាញ

ជនណាអូសទាញដោយចេតនានូវជនដទៃក្នុងទីសាធារណៈក្នុងគោលដៅប្រព្រឹត្តអំពើពេស្យាចារផ្ទាល់ខ្លួន ត្រូវផ្តន្ទាទោសដាក់បន្ធនាគារពី ១ (មួយ)ថ្ងៃ ដល់ ៦ (ប្រាំមួយ)ថ្ងៃ និងពិន័យជាប្រាក់ពី ៣,០០០ (បីពាន់) រៀល ដល់ ១០,០០០ (មួយម៉ឺន)រៀល។

អនីតិជនត្រូវលើកលែងពីការផ្តន្ទាទោសចំពោះបទល្មើស ដូចមានចែងនៅក្នុងមាត្រានេះ។

មាត្រា ២៥ និយមន័យនៃសញ្ចារកម្ម

អំពើសញ្ចារកម្ម នៅក្នុងច្បាប់នេះ មានន័យថា :

១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ

២-ជួយ ឬ ការពារអំពើពេស្យាចាររបស់ជនដទៃ

៣-ជ្រើសរើស អូសទាញ ឬ បណ្តុះបណ្តាលជនណាម្នាក់ឱ្យធ្វើអំពើពេស្យាចារ

៤-ធ្វើការគាបសង្កត់លើបុគ្គលណាម្នាក់ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។

អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថាដូចគ្នាទៅនឹងសញ្ចារកម្ម :

១-អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬ ឱ្យលាភសការដល់ពេស្យាចារជនដទៃ។

២-អំពើរបស់ជនណាដែលបានជួយសម្រួល ឬ បិទបាំងនូវធនធានដែលខ្លួនបានដឹងថាបានមកពីអំពើសញ្ចារកម្ម។

៣-អំពើរារាំងដល់ការបង្ការ ការជួយ ឬ ការអប់រំជាថ្មី ដោយទីភ្នាក់ងារសាធារណៈ ឬ ដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គលដែលប្រព្រឹត្តអំពើពេស្យាចារ ឬ កំពុងមានគ្រោះ ដោយការធ្វើពេស្យាចារ។

មាត្រា ២៦ សញ្ចារកម្ម

ជនណាដែលប្រព្រឹត្តសញ្ចារកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ។

មាត្រា ២៧ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម

ជនណាប្រព្រឹត្តសញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ក្នុងករណីដូចខាងក្រោម ៖

១-កាលបើសញ្ចាវិក សញ្ចារិកា ឬ ជនជាមេពេស្យាជាបុព្វញាតិ ឬ បង្ហាញពីមានខាន់ស្លា អត់ខាន់ស្លា ឬ សាច់បង្កើត ឬ ចិញ្ចឹមរបស់បុគ្គលដែលធ្វើពេស្យាចារ។

២-កាលបើសញ្ចាវិក សញ្ចារិកា ឬ ជនមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្តល់ឱ្យទៅលើបុគ្គលដែលធ្វើពេស្យាចារ។

៣-កាលបើសញ្ចាវិក សញ្ចារិកា ឬ ជនមេពេស្យាប្រើហឹង្សា ឬ ការបង្ខិតបង្ខំ ចំពោះជនដែលជាពេស្យាចារ។

៤-កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។

៥-កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើនាក់ធ្វើពេស្យាចារ។

មាត្រា ២៨ សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ

សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់ប្រាំ)ឆ្នាំ ចំពោះបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន។

ពាក្យថា “ពេស្យាចារ” នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃជំពូកនេះត្រូវជំនួសដោយពាក្យ ‘’ ពេស្យាចារកុមារ ’’ នៅពេលដែលបទល្មើសដែលមានចែងនៅក្នុងកថាខណ្ឌទី១នៃមាត្រានេះ ត្រូវអនុវត្ត។

មាត្រា ២៩ សញ្ចារកកម្មដោយមានការធ្វើទារុណកម្ម

សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០(ដប់)ឆ្នំាទៅ២០(ម្ភៃ)ឆ្នំាកាលបើសញ្ចារិក សញ្ចារិកា ឫ មេពេស្យាបានប្រើទារុណកម្មឫអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ។

មាត្រា ៣០ ការដឹកនំាពេស្យាចារ

ជនណាដឹកនំាធ្វើអាជីវកម្ម ធ្វើប្រតិបត្តិការ ឫចេញប្រាក់ឳ្យគ្រឹះស្ថានពេស្យាចារដោយផ្ទាល់ ឫតាមរយ:អន្តរការី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាទៅ៥(ប្រំា)ឆ្នំា។

មាត្រា ៣១ ការដឹកនំាគ្រឹះស្ថានពេស្យាចារ

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាទៅ(ប្រំា)ឆ្នំាកាលបើបានយល់ព្រម ឫ បានអនុគ្រោះ:

១- ឳ្យបុគ្គលណាម្នាក់ប្រព្រឹត្តពេស្យាចារនៅក្នុងគ្រឹះស្ថាន ឫ នៅក្នុង ឧបសម្ព៍ន្ធរបស់គ្រឹះស្ថាន ឫ

២- ឳ្យបុគ្គលណាម្នាក់រកភ្ញៀវ ដើម្បីធ្វើពេស្យាចារនៅក្នុងគ្រឹះស្ថាន ឫនៅក្នុងឧបសម្ព័ន្ធរបស់គ្រឹះស្ថាននេះ។

មាត្រា ៣២ ការផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ

ជនណាលក់ ឫ ដាក់ឳ្យបុគ្គលណាម្នាក់ប្រើប្រាស់ទីកន្លែងដែលមិនមែនប្រើប្រាស់ដោយសាធារណជន ដោយដឹងថាបុគ្គលនោះនឹងប្រើប្រាស់ទីកន្លែងនោះសម្រាប់ធ្វើសកម្មភាពពេស្យាចារត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាទៅ៥ឆ្នំា(ប្រំា)ឆ្នំា។

មាត្រា ៣៣ បទល្មើសទាក់ទងនឹងពេស្យាចារកុមារ

ជនណាប្រព្រឹត្តបទល្មើសណាមួយដែលមានចែងក្នុងមេត្រា ៣០ មេត្រា ៣១ និងមេត្រា៣២ នៃច្បាប់នេះត្រូបផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រំាពីរ)ឆ្នំា ទៅ ១៥ (ដប់ប្រំា)ឆ្នំា បើបទល្មើសដែលបានប្រព្រឹត្តនោះទាក់ទងនឹងពេស្យាចារកុមារ។

ពាក្យ “ ពេស្យាចារ ” នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃជំពូកនេះត្រូវជំនួសដោយពាក្យ“ ពេស្យាចារ ” នៅពេលដែលបទល្មើសដែលមានចែងនៅក្នុងកថាខណ្ឌទី១នៃមេត្រានេះត្រូវអនុវត្ត។

មាត្រា ៣៤ ការទិញពេស្យាចារកុមារ

ជនណារួមភេទ ឫ ធ្វើអំពើគ្រប់រូបភាពផ្សេងទៀតដែលទាក់ទងនឹងភេទជាមួយអនីតិជនដែលមានអាយុចាប់ពី ១៥ ឆ្នំា ឡើងទៅដោយផ្តល់ ឫ សន្យាផ្តល់វត្ថុមានតម្លៃអ្វីមួយទៅឳ្យ អនីតិជននោះឫ ទៅឳ្យអន្តរការី ឪពុកម្តាយ អ្នកអាណាព្យាបាល ឬ ជនដទៃទៀតដែលគ្រប់គ្រង ឫត្រួតពិនិត្យលើអនីតិជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ) ឆ្នំា ដល់៥ (ប្រំា) ឆ្នំា ។

ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនដែលមានអាយុតិចជាង ១៥ ឆ្នំា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ( ប្រំាពីរ ) ឆ្នំា ដល់ ១៥ ( ដប់ប្រំា ) ឆ្នំា ។

មាត្រា ៣៥ អំពើអូសទាញពេស្យាចារកុមារ

ជនណាអូសទាញជនដទៃសម្រាប់អំពើពេស្យាចារកុមារ ឬ ផ្សាយពាណិជ្ជកម្មនូវអំពើពេស្យាចារកុមារក្នុងគោលដៅធ្វើជាអន្តរការីនៃអំពើពេស្យាចារកុមារនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ( ពីរ ) ឆ្នំា ដល់ ៥ ( ប្រំា ) ឆ្នំា និងពិន័យជាប្រាក់ ៤.០០០.០០០ ( បួនលាន )រៀល ដល់ ១០.០០០.០០០ ( ដប់លាន ) រៀល ។

ជនណាប្រព្រឹត្តបទល្មើសខាងលើធ្វើជាមុខរបរ ត្រូវផ្តាន្ទាទោសដាក់ពន្ធនាគារពី ៥ ( ប្រំា )ឆ្នំា ដល់ ១០ ( ដប់ ) ឆ្នំា។

មាត្រា ៣៦ ការឲ្យខ្ចីប្រាក់ដោយមានលក្ខខណ្ឌទាក់ទងទៅនឹងអំពើពេស្យាចារកុមារ

ជនណាឱ្យជនដទៃខ្ចីប្រាក់ ឬ វត្ថុមានតម្លៃអ្វីមួយដោយភ្ជាប់ទៅនឹងលក្ខខណ្ឌដែល តម្រូវឱ្យអនីតិជន ប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។

ជនណាឱ្យអនីតិជនខ្ចីប្រាក់ ឬ វត្ថុមានតម្លៃអ្វីមួយ ដោយភ្ជាប់ទៅនឹងលក្ខខណ្ឌដែល តម្រូវឱ្យអនីតិជននោះ ប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃ មាត្រានេះ។

មាត្រា ៣៧ កិច្ចសន្យានៃអំពើពេស្យាចារកុមារ

ជនណាធ្វើកិច្ចសន្យាជាមួយជនដទៃដែលក្នុងកិច្ចសន្យានោះតម្រូវឱ្យអនីតិជនប្រកបរបរពេស្យាចារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ។

ជនណាធ្វើកិច្ចសន្យាជាមួយអនីតិជនដែលក្នុងកិច្ចសន្យានោះតម្រូវឱ្យអនីតិជនប្រកបរបរ ពេស្យាចារ ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃមាត្រានេះ ។


ជំពូកទី ៥ រូបភាព និង សម្ភារៈអាសអាភាស

មាត្រា ៣៨ និយមន័យនៃរូបភាព នឹង សម្ភារៈអាសអាភាស

រូបភាព និង សម្ភារៈអាសអាភាស នៅក្នុងច្បាប់នេះមានន័យថា ជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នា អំពីកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬ រំជួល ដល់ចំណង់ផ្លូវភេទ ។

មាត្រា ៣៩ រូបភាព និង សម្ភារៈអាសអាភាស

ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាពនិងសម្ភារអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ថ្ងៃ ដល់ ១ (មួយ) ខែ និងពិន័យជាប្រាក់ពី១០០.០០០ (មួយសែន)រៀល ដល់ ២០០.០០០ (ពីរសែន)រៀល។

ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាស ក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដូចគ្នា នឹងកថាខណ្ឌទី ១ ខាងលើ ។

ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅ ក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និងទី ២ នៃមាត្រា នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០.០០០ (ពីរសែន)រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល ។

មាត្រា ៤០ និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាសនកុមារ

រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ នៅក្នុងច្បាប់នេះមានន័យថា សម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈ អេឡិចត្រូនិច ដែលបង្ហាញ ពីរូបរាងអាក្រាតរបស់អនីតិជនដែលធ្វើឱ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ ។

មាត្រា ៤១ រូបភាព និង សម្ភារៈអាសអាភាសនកុមារ

ជនណាឲ្យចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូប ភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល ។

ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាស នៃកុមារក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើស ដូចមានចែងនៅក្នុង កថាខណ្ឌទី ១ ខាងលើត្រូវផ្តន្ទាទោសដូចគ្នា ។

ជនណាផលិតរូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ។

ជនណាផលិត រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី១ និងទី២ ខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់)ឆ្នាំ ដល់ ២០ (ម្ភៃ)ឆ្នាំ ។


ជំពូកទី ៦ អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆាំ្ន

មាត្រា ៤២. អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ

ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ)ឆ្នាំ ត្រូវផ្តន្ទាទោសដាក់កំពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (៥) ឆ្នាំ ។

មាត្រា ៤៣. អំពើអាសប្រឆាំងនឹងអនីតិជនអាយុ ១៥ ឆ្នាំ

អំពើអាសនៅក្នុងច្បាប់នេះ មានន័យថា ជាអំពើនៃការប៉ះពាល់ ឬ ការបង្ហាញកេរភេទ ឬ ផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬ ការឱ្យជនដទៃប៉ះពាល់កេរភេទ ឬ ផ្នែកភេទ ផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬ របស់តតិយជនក្នុងចេតនាធ្វើឱ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។

ជនណាដែលប្រព្រឹត្តអំពើអាសទៅលើជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និង ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ដល់ ៦.០០០.០០០ (ប្រាំមួយលាន)រៀល។

ជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ៤២ ឬ មាត្រានេះ បើមិនរាង ចាលទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដង។

មាត្រា ៤៤. ការលើកលងពីការផ្តន្ទាទោស

ជនណាដែលមានអាយុក្រោម ១៥ ឆ្នាំ នឹងត្រូវលើកលែងពីការផ្ដន្ទាទោស ចំពោះ បទល្មើសដូចមានចែងនៅក្នុងមាត្រា ៤២ និងមាត្រា ៤៣ នៃច្បាប់នេះ ។


ជំពូកទី ៧ សំណងរដ្ឋប្បវេណី

មាត្រ ៤៥ កិច្ចសន្យាសម្រាប់អំពើលក់ ដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ

កិច្ចសន្យាមួយនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងមានគោលដៅបំពេញនូវអំពើលក់ ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទ។ កិច្ចសន្យាឲ្យខ្ចីនឹងត្រូវចាត់ទុកជាមោឃៈប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងដោយភ្ជាប់ទៅនឹងអំពើលក់ ដូរមនុស្សឬអំពើអាជីវកម្មផ្លូវភេទ។

«អំពើលក់ ដូរមនុស្ស» ឬ « អំពើធ្វើអាជីវកម្មផ្លូវភេទ» នៅក្នុងមាត្រានេះ និមាត្រាបន្ដបន្ទាប់មានន័័យថាជាអំពើខុសច្បាប់ដែលពាក់ព័ន្ធទៅនឹងបទល្មើសទាំងឡាយដូចមានចែងនៅក្នុងច្បាប់នេះ

មាត្រា ៤៦ សំណាងបដិទានលើការទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល

ជនណាទទួលយកនូវផលប្រយោជន៍ ដោយគ្មានហេតុផលស្របច្បាប់ ដោយដដឹងថាផលប្រយោជន៍នោះបានមកពីអំពើលក់ ដូរមនុស្សឬអំពើអាជីវកម្មផ្លូវភេទ នឹងត្រូទទួលខុសត្រូវលើសំណងបដិទានចំពោះអំពើទទួលបានផលប្រយោជន៍ ដោយមិនសមហេតុផលព្រមទាំងការប្រាក់ដែលកើតឡើង។

ជនដែលត្រូវគេកេងយកប្រយោជន៍អាចប្ដឹងទាមទារសំណងលើការខូចខាតជាបន្ថែមលើសំណងបដិទាន ចំពោះអំពើទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល។

ជនណាបានបង្កើតកិច្ចសន្យាឲ្យខ្ចី ឬ ការផ្ដល់ផ្សេងទៀតទៅជនដទៃក្នុងគោលដៅធ្វើការលក់ ដូរមនុស្ស ឬ ធ្វើអាជីវកម្មផ្លូវភេទ មិនអាចប្ដឹងទាមទារសំណងបដិទាន ចំពោះការផ្ដល់នោះបានទេ។

មាត្រា ៤៧ សិទ្ធជាអាទិភាពក្នុងការទទួលបានទ្រព្យសម្បិត្តិដែលត្រូវគេរឺបអូស

ជនរងគ្រោះ ត្រូទទួលបានដោយអាទិភាពនូវទ្រព្យដែលត្រូវបានរឹបអូសដោយរដ្ឋសម្រាប់ជាសំណងលើការខូចខាត និងសំណងបដិទានដល់ជនរងគ្រោះនោះ។


ជំពូកទី៨ បទប្បញ្ញត្តិបន្ថែម

មាត្រា ៤៨ ទោសបន្ថែម

ចំពោះបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ អាចត្រូវទទួលទោសបន្ថែមដូចជា៖

១. រឹបអូសឧបករណ៍ សម្ភារៈ ឬ វត្ថុទាំងឡាយដែលត្រូវបានប្រើប្រាស់ ឬ នឹងត្រូវប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស

២. រឹបអូសសម្ភារៈទាំងឡាយដែលជាកម្មវត្ថុនៃបទល្មើស

៣. រឹបអូសប្រាក់ចំណូល ឬ ទ្រព្យដែលរកបាន ឬ ជាផលនៃបទល្មើស

៤. បិទការផលិត ដែលបម្រើដល់ការប្រព្រឹត្តបទល្មើស

៥. ការដាក់កំហិតលើសិទ្ធិពលរដ្ឋ និង

៦. ការហាមឃាត់ការស្នាក់នៅ។

មាត្រា ៤៩ ការលាក់បាំងនូវអត្ថសញ្ញាណនៃជនរងគ្រោះ

សារព័ត៌មាន និងគ្រប់មធ្យោបាយផ្សព្វផ្សាយដទៃទៀត ត្រូវហាមឃាត់មិនឲ្យធ្វើការបោះពុម្ភផ្សាយឬ ផ្សព្វផ្សាយនូវព័ត៌មាន ដែលអាចធ្វើឲ្យសាធារណជនដឹងអំពីអត្ថសញ្ញាណរបស់ជនរងគ្រោះក្នុងបទល្មើសទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ។

មាត្រា ៥០ និរាករណ៍នៃច្បាប់ដែលផ្ទុយ

ច្បាប់ស្ដីពី «ការបង្ក្រាបអំពើពង្រាត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស» ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ៧ស/រតម/០២៩៦/០១ ត្រូវទុកជានិរាករណ៍។

ច្បាប់នេះត្រូវមានអាទិភាពប្រសិនបើបទប្បញ្ញត្តិនៃច្បាប់ផ្សេងទៀតមិនស្របគ្នានឹងបទប្បញ្ញត្តិនៃច្បាប់នេះ។

មាត្រា ៥១ ការជំនួសដោយក្រមព្រហ្មទណ្ឌ

មាត្រា២ មាត្រា៣ មាត្រា៤ និងមាត្រា៦ នៃច្បាប់នេះ ត្រូវជំនួសដោយបទប្ពញ្ញត្តិពាក់ព័ន្ធទាំងឡាយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៅពេលដែលក្រមនោះចូលជាធរមាន។

មាត្រា ៥២ ការអនុវត្តច្បាប់នេះ

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

laws/ctip/full.1663829199.txt.gz · Last modified: 2022/09/22 14:46 by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki