This is an old revision of the document!
Table of Contents
អនុសារណៈ នៃការយោគយល់រវាងក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា 2026-2029
ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជននៅព្រះរាជាណាចក្រកម្ពុជា
បុព្វកថា
ដោយហេតុថា ៖
- ក្រសួងមហាផ្ទៃបានបង្ហាញនូវការគាំទ្ររបស់ខ្លួន ដែលស្តែងឡើងនៅក្នុងអនុស្សរណៈនៃការយោគយល់នេះ ដល់អង្គភាពការពារកុមារ (CPU)នៃអង្គការមូលនិធិកុមារកម្ពុជាចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីសុខុមាលភាពសង្គម និងប្រយោជន៍សាធារណៈតាមកិច្ចសហប្រតិបត្តិការទៅវិញទៅមក។
- ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា ទទួលស្គាល់ថា មានបទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្ស ការកេងប្រវញ្ចផ្លូវភេទ និងបទល្មើសផ្សេងទៀតដែលប្រព្រឹត្តប្រឆាំងស្ត្រី និងកុមារ។
- ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើស្ត្រី និងកុមារ អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា មានបំណងសហការផ្ទាល់ជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃដោយចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ដោយផ្ទាល់ដូចខាងក្រោម៖
ផ្នែកទី១ គោលបំណង
ប្រការ១
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រវាងអង្គភាពពាក់ព័ន្ធនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា ក្នុងការរួមចំណែកប្រមូល និងផ្តល់ព័ត៌មាន ធ្វើអន្តរាគមន៍ និងជួយសង្គ្រោះ សម្របសម្រួលថែទាំ កុមារក្រោយពេលសង្គ្រោះ និងការបណ្តុះបណ្តាលនគរបាលជាតិកម្ពុជា។
ផ្នែកទី២ ការទទួលខុសត្រូវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ
ប្រការ២
ទទួលស្គាល់ថា ដោយសារលក្ខណៈស្មុគស្មាញនៃបទល្មើសព្រហ្មទណ្ឌទាំងនេះ អាចមានភាពចាំបាច់ក្នុងការប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតរបស់អ្នកឯកទេស ដែលរួមទាំងភ្នាក់ងារសម្ងាត់ផងដែរ ក្នុងគោលបំណងប្រមូលភស្តុតាង និងព័ត៌មានសម្ងាត់ ដើម្បីធ្វើការចោទប្រកាន់ បទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ ការកេងប្រវញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងទៀត ដែលប្រព្រឹត្តប្រឆាំងនឹងកុមារ ។ ការប្រើប្រាស់ភ្នាក់ងារសម្ងាត់ គឺជាធនធានមួយដ៏ជោគជ័យ និងមានប្រសិទ្ធភាពដែលត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារអនុវត្តន៍ច្បាប់នៅទូទាំងពិភពលោក។
អនុញ្ញាតឱ្យអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជាសហការគាំទ្រដល់អង្គភាពដែលពាក់ព័ន្ធនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការស៊ើបអង្កេតសម្ងាត់អំពីអ្នកជួញដូរមនុស្ស និងជន ដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើកុមារ ជនល្មើសដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទនិងការកេងប្រវញ្ចផ្សេងៗលើកុមារ ជនល្មើសពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញ បទល្មើសផ្សេងទៀតដែលប្រព្រឹត្តប្រឆាំងនឹងកុមារ និងអំពើល្មើសប្រព្រឹត្តឡើងដោយមន្ត្រីសាធារណៈ ដែលបំពានអំណាចរបស់ខ្លួន ទៅលើជនរងគ្រោះ ។ ក្រោយពេលទទួលភស្តុតាងដែលអាចទុកចិត្ត និងអាចជឿជាក់បានពីអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាដឹកនាំភ្លាម ឱ្យមានការស៊ើបអង្កេតបន្ថែម ដោយអនុវត្តទៅតាមនីតិវិធីជំនាញដើម្បីធ្វើការបង្ក្រាបបទល្មើស និងធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
- យល់ព្រមថា ការប្រមូលព័ត៌មាន និងភស្តុតាងពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ និងបទល្មើសផ្សេងទៀត ត្រូវអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- អនុញ្ញាតឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកភាពចំពោះគម្រោងរបស់អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលនគរបាលជំនាញ និងការពង្រឹងសមត្ថភាពនគរបាលជាតិ។ គម្រោងនៃការបណ្តុះបណ្ដាលទាំងអស់នេះ នឹងត្រូវបានឯកភាពដោយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃជាមុន។
ផ្នែកទី៣ ការទទួលខុសត្រូវរបស់អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា
មានភារកិច្ចដូចខាងក្រោម៖
ប្រការ៣
គោរពតាមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា នឹងមិនអនុញ្ញាតឱ្យភ្នាក់ងាររបស់ខ្លួនចូលរួម ឬធ្វើសកម្មភាពណាមួយផ្ទុយពីច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ឬសកម្មភាពដែលអាចបង្កអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាឡើយ។
- អនុវត្តសកម្មភាព និងកម្មវិធីរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ក្នុងដែនកំណត់នៃធនធានបុគ្គលិក និងមូលនិធិរបស់ខ្លួន។ កម្មវិធីរួមមានជាអាទិ៍៖ ការអន្តរាគមន៍ ជួយសង្គ្រោះ និងសម្របសម្រួលថែទាំក្រោយពេលសង្គ្រោះ និងការគាំទ្រលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនគរបាលជាតិកម្ពុជា ។
- ធានាថា រាល់ភស្តុតាងនៃការប្រព្រឹត្តល្មើសនៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរកឃើញ និងប្រមូលបាន ត្រូវផ្តល់ជូនអង្គភាពជំនាញ ពាក់ព័ន្ធដែលមានសមត្ថកិច្ច និងសហការអនុវត្តនីតិវិធីជំនាញ។ រាល់នីតិវិធីប្រមូលព័ត៌មានសម្ងាត់ នឹងត្រូវដាក់ស្នើដើម្បីសុំការឯកភាពរវាងភាគី មុនពេលចាប់ផ្តើម ឬអនុវត្ត។
- ចូលរួមតែក្នុងប្រភេទសកម្មភាពមនុស្សធម៌ ដែលត្រូវបានអនុញ្ញាតដោយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីសុខុមាលភាពសង្គម និងផលប្រយោជន៍សាធារណៈប៉ុណ្ណោះ។
- ប្រតិបត្តិរាល់សកម្មភាពមនុស្សធម៌ជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សស្របតាមផែនការសកម្មភាព និងគោលនយោបាយរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃកិច្ចសហប្រតិបត្តិការឱ្យស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
- មិនអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងការស្វែងរកផលប្រយោជន៍ និងធ្វើសកម្មភាពនយោបាយណាមួយ ដែលអាចប៉ះពាល់ដល់សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ឬសកម្មភាពដទៃទៀតដែលអាចបង្កអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ និងប្រពៃណីរបស់ប្រជាជនកម្ពុជា។
- ធ្វើរបាយការណ៍ឆមាស និងឆ្នាំស្ដីពីសមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានាដែលបានជួបប្រទះ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ដើម្បីជ្រាប និងដោះស្រាយ។
- ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរណាមួយទាក់ទងនឹងអាសយដ្ឋាន អ្នកតំណាង និងនាយកគម្រោងដែលបានចាត់តាំង។
- សេចក្ដីសង្ខេបអំពីគម្រោង និងសកម្មភាពមនុស្សធម៌ជាក់ស្ដែងរបស់អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ត្រូវប្រតិបត្តិដូចមានចែងលម្អិតក្នុងឧបសម្ពន្ធ(១) និង (២)។
ផ្នែកទី៤ ការដោះស្រាយវិវាទ
ប្រការ៤
រាល់វិវាទដែលអាចកើតឡើងពាក់ព័ន្ធនឹងការបកស្រាយ ឬការអនុវត្តអនុស្សរណៈនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា ត្រូវដោះស្រាយតាមរយៈការចរចាដោយសន្ដិវិធី។
ផ្នែកទី៥ អវសានប្បញ្ញត្តិ
ប្រការ៥
- អនុស្សរណៈយោគយល់នេះ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៣(បី) ឆ្នាំ ហើយអាចបន្តសុពលភាពបាន ដោយមានការយល់ព្រមពីភាគីទាំងពីរ។
- ភាគីម្ខាងអាចជូនដំណឹងទៅភាគីម្ខាងទៀតជាលាយលក្ខណ៍អក្សរ ក្នុងពេលណាក៏បាន ប្រសិនបើខ្លួនមានបំណងបញ្ចប់អនុស្សរណៈនេះ។ អនុស្សរណៈយោគយល់នឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦០(ហុកសិប)ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការទទួលបានការជូនដំណឹង។
- អនុស្សរណៈយោគយល់នេះ ធ្វើឡើងជាពីរច្បាប់ដើម ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលអត្ថបទទាំងពីរភាសាមានតម្លៃស្មើគ្នា។ ក្នុងករណីមិនមានការឯកភាពគ្នាលើការបកស្រាយអត្ថបទទាំងពីរនេះ អត្ថបទជាភាសាខ្មែរត្រូវយកជាគោល។
