document:laws:20080118-tip

ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

Last update 18 Jan 2008

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ១ គោលបំណងនច្បាប់នេះ

ច្បាប់នេះមានគោលបំណងបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីការពារសិទ្ធិ និង សេចក្ដីថ្លៃថ្នូររបស់មនុស្សនិងបង្កើននូវសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនិងរក្សាការពារ លើកកម្ពស់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិនិងមានគោលបំណងអនុវត្តឱ្យបានសមស្របផងដែរ តាមពិធីសារអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ ការបង្ក្រាប និង ការផ្ដន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារបន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឬឧបករណ៍ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រ កម្ពុជាបានឱ្យសច្ចាប័ន ឬ ចុះហត្ថលេខា ។

មាត្រា ២ ការអនុវត្តច្បាប់នេះនៅក្នុងដែនដី

ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើស ដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងច្បាប់នេះ រួមបញ្ចូលទាំងនាវាឬអាកាសយានណាមួយដែលមានសិទ្ឋិប្រើប្រាស់ទង់ជាតិកម្ពុជា ។

បទល្មើសមួយត្រូវចាត់ទុកថា បានប្រព្រឹត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើរួមផ្សំណាមួយនៃបទល្មើសនោះកើតឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣ ការអនុវត្តច្បាប់នេះនៅក្រៅដែនដី

ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើសឧក្រិដ្ឋឬមជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើងនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយពលរដ្ឋខ្មែរ“។

ច្បាប់នេះអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើងនៅក្រៅដែនដីនៃព្រះរាជណាចក្រកម្ពុជា ដោយជនបទេស ហើយជនរងគ្រោះគឺជាពលរដ្ឋខ្មែរនៅពេលដែលបទល្មើសកើតឡើង ។

មាត្រា ៤ ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ

រាល់ការប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះត្រូវ ផ្តន្ទាទោសនិងត្រូវទទួលខុសត្រូវ ដូចករណីដែលបទល្មើសត្រូវបានប្រព្រឹត្តិ ។

អ្នកសមគំនិត និងអ្នកផ្តើមគំនិត ក្នុងបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវផ្តន្ទាទោស និងត្រូវទទួលខុសត្រូវដូចចារីដែលប្រព្រឹត្តបទល្មើស ។

អ្នកសមគំនិត និងអ្នកផ្តើមគំនិតរួមមាន អ្នករៀបចំ ឬ ចង្អុលបង្ហាញជាអាទិ៍ឱ្យជនដទៃប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ។

នៅពេលដែលមានតំណាង ភ្នាក់ងារ ឬ និយោជិតនៃនីតិបុគ្គល ឬ ភារប្បទាយីណាមួយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងនៅក្នុងច្បាប់នេះក្នុងក្របខ័ណ្ឌនៃមុខជំនួញ ឬ ផលប្រយោជន៍នៃនីតិបុគ្គល ឬភារប្បទាយីនោះ នីតិបុគ្គល ភារប្បទាយីនោះ ត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ និងទោសបន្ថែមដោយយោង ទៅតាមការផ្តន្ទាទោសដែលមានចែងនៅក្នុងមាត្រាដែលពាក់ព័ន្ធ ។

document/laws/20080118-tip.txt · Last modified: 2022/06/20 21:58 by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki