User Tools

Site Tools


laws:online_scam:start

Table of Contents

ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Back

Law On Combating Online Scams

Date: 06 April 2026

Download

ជំពួកទី១ បទប្បញ្ញត្តិទូទៅ

មាត្រា១ គោលបំណង

ច្បាប់នេះកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

មាត្រា២ វិសាលភាព

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បទល្មើសដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់នេះ គឺជាបទល្មើសដែលត្រូវបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖

១-បទល្មើសត្រូវបានប្រព្រឹត្ត ឬចាត់ថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាម បទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមាន។
២-បទល្មើសត្រូវបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីណាមួយដូចខាងក្រោម៖
- បទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរ។
- បទល្មើសត្រូវបានប្រព្រឹត្តលើពលរដ្ឋខ្មែរ។
- ទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានចែងក្នុង ច្បាប់នេះ បានផ្ទេរចូលមកក្នុង ឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា។

៣-បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច

មាត្រា៣ យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ដោយត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើត យន្តការដោយឡែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដឹកនាំ សម្របសម្រួល ត្រួតពិនិត្យ និងអនុវត្តការងារបង្ការ ទប់ស្កាត់ និងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសដែល មានចែងក្នុងច្បាប់នេះ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មនេះ។

ការសម្របសម្រួលសមត្ថកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ និងយន្តការនេះ ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។

មាត្រា៤ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌

មន្ត្រីរាជការទទួលបន្ទុកការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបម្រើការងារក្នុងយន្តការដែលត្រូវបានបង្កើតឡើងតាមមាត្រា៣ (យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា) នៃច្បាប់នេះ ទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិនិត្យ ស៊ើបអង្កេត និង ស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះ ដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីរាជការ បម្រើការងារក្នុងយន្តការនេះ ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ការធ្វើសម្បថ និងការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

ជំពូកទី៣ បទល្មើសទាក់ទងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

មាត្រា៥ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយបើ ឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ៖

១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
២-ការផ្គត់ផ្គង់សេវា។
៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។

អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និង ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖

១-ដោយមានការរៀបចំជាក្រុមមានការចាត់តាំង។
២-ដោយមានជនរងគ្រោះច្រើននាក់។

មាត្រា៦ បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អំពើរៀបចំ ឬដឹកនាំទីកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលផ្ដុំ ឬក្នុងទម្រង់ជា មជ្ឈមណ្ឌល ដែលអនុញ្ញាតឱ្យបុគ្គលច្រើននាក់ចងក្រងគ្នាជាក្រុម ឬជាបណ្តាញ ទោះមាន ឬគ្មានរចនាសម្ព័ន្ធ គ្រប់គ្រងជាក់លាក់ក៏ដោយ ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវកំណត់ជាបទល្មើសរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយលាន) រៀល។

ត្រូវចាត់ទុកថាជាបទល្មើសរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវផ្តន្ទាទោស ដូចគ្នានឹងបទល្មើសដែលមានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះផងដែរ ចំពោះអំពើរៀបចំ ឬដឹកនាំទីកន្លែង ដាច់ដោយឡែកៗពីគ្នាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែអាចចងក្រងគ្នាជាបណ្តាញតាម គ្រប់រូបភាព ទោះបីពុំមានលក្ខណៈប្រមូលផ្ដុំគ្នាក្នុងទម្រង់ជាមជ្ឈមណ្ឌលក៏ដោយ។

អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល ទៅ ២ ០០០ ០០០ ០០០ (ពីរប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖

១-ដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ។
២-ដោយមានការចាប់ ការឃុំឃាំង ឬការបង្ខាំង។
៣-ដោយមានការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស ការកេងចំណេញលើពលកម្ម ការធ្វើអំពើបង្ខិតបង្ខំ ឱ្យធ្វើសកម្មភាពខុសពីឆន្ទៈ ឬទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។

អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយបណ្តាល ឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់។

មាត្រា៧ បទជ្រើសរើស ឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អំពើជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃក្នុងគោលបំណងឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។

អំពើជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖

១-ដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ។
២-ដោយមានការចាប់ ការឃុំឃាំង ឬការបង្ខាំង។
៣-ដោយបណ្តាលឱ្យមានមនុស្សស្លាប់។
៤-ដោយដឹងថាបុគ្គលដែលត្រូវបានជ្រើសរើស ឬបណ្តុះបណ្តាល គឺជាជនរងគ្រោះនៃអំពើរត់ពន្ធ មនុស្ស ឬអំពើជួញដូរមនុស្ស។

មាត្រា៨ បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៣០០ ០០០ ០០០ (បីរយលាន) រៀល ចំពោះបុគ្គលដែលប្រមូលនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ ក្នុងគោលបំណង ប្រើប្រាស់ ឬបង្កើតជាអាទិ៍នូវគណនីធនាគារ គណនីអនឡាញ វេបសាយ គណនីអេឡិចត្រូនិក ឬគណនី បណ្ដាញសង្គមនានាសម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អំពើប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់ អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៣០០ ០០០ ០០០ (បីរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយ ក្រុមមានការចាត់តាំង។

មាត្រា៩ បទសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសដែលមានចែងក្នុងច្បាប់នេះ

ត្រូវចាត់ទុកថាជាទម្រង់មួយនៃបទល្មើសសម្អាតប្រាក់ និងត្រូវផ្ដន្ទាទោសដូចគ្នានឹងបទល្មើសសម្អាតប្រាក់ ក្នុងករណីដែលម្ចាស់ទ្រព្យមិនមានភស្តុតាងបង្ហាញអំពីប្រភពស្របច្បាប់នៃទ្រព្យ ដែលសង្ស័យថាពាក់ព័ន្ធនឹង បទល្មើស ឬជាផលនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសពាក់ព័ន្ធផ្សេងទៀតដែលមានចែង ក្នុងច្បាប់នេះ។

មាត្រា១០ ទោសបន្ថែម

ចំពោះជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងចាប់ពីមាត្រា៥ (បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ដល់មាត្រា៨ (បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ) នៃច្បាប់នេះ តុលាការអាចប្រកាសទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

តុលាការអាចប្រកាសរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តុលាការអាចសម្រេចបិទ ឬលុបគណនីធនាគារ គណនីអនឡាញ វេបសាយ គណនីអេឡិចត្រូនិក ឬ គណនីបណ្តាញសង្គមនានា ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ។

ខ្លឹមសារ បែបបទ និងនីតិវិធីសម្រាប់ការអនុវត្តទោសបន្ថែមទាំងនេះ ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។

មាត្រា១១ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុង មាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមាន ចែងចាប់ពីមាត្រា៥ (បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ដល់មាត្រា៩ (បទសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើស ដែលមានចែងក្នុងច្បាប់នេះ) នៃច្បាប់នេះ។

នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០០ ០០០ ០០០ (មួយប៊ីលាន) រៀល ទៅ ៣០ ០០០ ០០០ ០០០ (សាមសិបប៊ីលាន) រៀល ឬរហូតដល់ស្មើនឹងតម្លៃមូលនិធិ ឬទ្រព្យសម្បត្តិដែល ជាផលនៃបទល្មើស ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្ត ចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

មាត្រា១២ ការប៉ុនប៉ង

ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដូចមានចែងក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោសដូចគ្នានឹងបទមជ្ឈិមបានសម្រេចដែរ។

មាត្រា១៣ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត

សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិតនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះ ត្រូវផ្តន្ទាទោស ដូចគ្នានឹងចារីដែរ។

មាត្រា១៤ ការប្រកាសមូលទោស

បទប្បញ្ញត្តិនៃមាត្រា៩៧ (ការប្រកាសមូលទោស) នៃក្រមព្រហ្មទណ្ឌ មិនត្រូវយកមកអនុវត្តឡើយ ចំពោះបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ។ ការប្រកាសមូលទោសត្រូវអនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

មូលទោសចំពោះបទល្មើសទាំងឡាយដូចមានចែងក្នុងច្បាប់នេះ មិនអាចត្រូវបានជំនួសដោយទោសជំនួស ឬទោសបន្ថែមតាមលក្ខខណ្ឌដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ។

មាត្រា១៥ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌរបស់ជនដែលត្រូវបានបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនដែលបានចូលរួមប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកម្លាំង ឬការបង្ខំ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងច្បាប់នេះឡើយ ដោយអនុវត្តស្របតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមាន។

មាត្រា១៦ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស

បុគ្គលណាដែលបានចូលរួមប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងមាត្រា៦ (បទរៀបចំ ឬដឹកនាំ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) និងមាត្រា៧ (បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួម ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) នៃច្បាប់នេះ ត្រូវលើកលែងឱ្យរួចផុតពីការទទួលទោស ប្រសិនបើ មុនការចោទប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចអំពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឱ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀត ឬអាចនាំឱ្យប្រមូលមកវិញបាននូវផលនៃបទល្មើស។

ប៉ុន្តែ បុគ្គលនោះត្រូវទទួលបាននូវស្ថានសម្រាលទោស ប្រសិនបើការបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចខាងលើធ្វើឡើងក្រោយការចោទប្រកាន់។ អានុភាពនៃស្ថានសម្រាលទោសនេះ ត្រូវអនុវត្តស្របតាមក្រមព្រហ្មទណ្ឌ។

ជំពូកទី៤ បទប្បញ្ញត្តិស្តីពីនីតិវិធីព្រហ្មទណ្ឌ

មាត្រា១៧ នីតិវិធីនៃការអនុវត្ត

នីតិវិធីសម្រាប់អនុវត្តចំពោះការពិនិត្យ ការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស ចំពោះបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេងទៀតដូចមានចែងក្នុងច្បាប់នេះ ត្រូវអនុវត្ត តាមនីតិវិធីដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់នេះ។

មាត្រា១៨ ការឃាត់ខ្លួន

ការឃាត់ខ្លួនត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ផ្អែកតាមតម្រូវការចាំបាច់នៃការអនុវត្តនីតិវិធី រយៈពេលនៃការឃាត់ខ្លួនអាចពន្យារពេលរៀងរាល់ ៤៨ (សែសិបប្រាំបី) ម៉ោងម្តង ដោយមានការអនុញ្ញាតពី ព្រះរាជអាជ្ញា ក្នុងករណីដូចតទៅ៖

- បទល្មើសត្រូវបានប្រព្រឹត្តដោយក្រុមមានការចាត់តាំង ឬដោយមានជនសង្ស័យច្រើននាក់។
- បទល្មើសត្រូវបានប្រព្រឹត្តដោយមានជនរងគ្រោះច្រើននាក់។

រយៈពេលសរុបនៃការឃាត់ខ្លួនមិនត្រូវលើសពី ១០ (ដប់) ថ្ងៃ។

ការពន្យារពេលនៃការឃាត់ខ្លួនគឺជាវិធានការពិសេស។ រាល់ការពន្យារពេលនៃការឃាត់ខ្លួនត្រូវទទួលបាន ការអនុញ្ញាតពីព្រះរាជអាជ្ញា ដែលត្រូវផ្ទៀងផ្ទាត់មើលមូលកភាពឱ្យបានច្បាស់លាស់ និងយោងលើតម្រូវការ ចាំបាច់ក្នុងការអនុវត្តនីតិវិធី។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវកត់ត្រាចូលក្នុងកំណត់ហេតុឃាត់ខ្លួនអំពីការសម្រេច របស់ព្រះរាជអាជ្ញាដែលអនុញ្ញាតឱ្យពន្យារពេលនៃការឃាត់ខ្លួន។

មាត្រា១៩ - ការផ្អាក ការឃាត់ទុក និងការបង្កក

ក្នុងករណីដែលពិនិត្យឃើញមានប្រតិបត្តិការសង្ស័យ ឬដើម្បីទប់ស្កាត់ការផ្ទេរចេញនូវសាច់ប្រាក់ពី គណនីដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌ អាចស្នើសុំដោយផ្ទាល់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាឱ្យផ្អាកជាបណ្ដោះអាសន្ន នូវប្រតិបត្តិការសង្ស័យ។ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ត្រូវធ្វើការផ្អាកប្រតិបត្តិការនោះភ្លាមៗ ដោយគ្មានបង្អង់។ ការផ្អាកប្រតិបត្តិការសង្ស័យ មានរយៈពេលមិនលើសពី ៤៨ (សែសិបប្រាំបី) ម៉ោង។ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅព្រះរាជអាជ្ញាដើម្បីសម្រេចអំពីការឃាត់ទុកគណនី ឬស្នើសុំទៅតុលាការ ដើម្បីសម្រេចបង្កកគណនីនោះ។ តុលាការអាចសម្រេចអំពីការឃាត់ទុក និងការបង្កកគណនីនេះដោយឯកឯងបាន។

ក្នុងករណីដែលពិនិត្យឃើញមានទ្រព្យសម្បត្តិ ឬប្រតិបត្តិការសង្ស័យផ្សេងទៀតជាប់ពាក់ព័ន្ធបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឃាត់ទុកទ្រព្យសម្បត្តិ ឬផ្អាកប្រតិបត្តិការទាំងនោះជាបណ្ដោះអាសន្ន។ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ វិធានការជាបន្ទាន់ដើម្បីឃាត់ទុកទ្រព្យសម្បត្តិ ឬផ្អាកប្រតិបត្តិការទាំងនោះជាបណ្ដោះអាសន្ន។

តុលាការត្រូវសម្រេចអំពីការឃាត់ទុក ឬការបង្កកគណនីឬទ្រព្យសម្បត្តិនេះ ក្នុងរយៈពេលមិនលើសពី ៤៨ (សែសិបប្រាំបី) ម៉ោង គិតពីថ្ងៃទទួលពាក្យស្នើសុំ ឬពាក្យបណ្ដឹង។ រយៈពេលនេះអាចពន្យារពេលបាន មិនលើសពី ២៤ (ម្ភៃបួន) ម៉ោង ចំពោះបទល្មើសដែលមានលក្ខណៈស្មុគស្មាញ។

ម្ចាស់គណនី ម្ចាស់ទ្រព្យសម្បត្តិ ឬតតិយជនដែលមានប្រយោជន៍ពាក់ព័ន្ធ អាចប្ដឹងតវ៉ាចំពោះ ការសម្រេចរបស់តុលាការដូចមានកំណត់ក្នុងកថាខណ្ឌខាងលើនេះ បន្ទាប់ពីបានទទួលដំណឹងអំពីវិធានការបណ្ដោះអាសន្ននេះដោយអនុវត្តតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន។

មាត្រា២០ ការសម្ងាត់វិជ្ជាជីវៈ

ជាការសម្ងាត់វិជ្ជាជីវៈ ពុំមែនជាឧបសគ្គរារាំងដល់ការអនុវត្តច្បាប់នេះឡើយ។

មាត្រា២១ កិច្ចសហប្រតិបត្តិការអន្តរជាតិ

កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបរទេសទាក់ទងនឹងបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ជាអាទិ៍ ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស រួមទាំងការប្រមូល និងចែករំលែកព័ត៌មាន ការកំណត់ អត្តសញ្ញាណបុគ្គល ការកំណត់អត្តសញ្ញាណទ្រព្យ ការឃាត់ទុកឬបង្កកទ្រព្យ និងការប្រមូលត្រឡប់មកវិញនូវ ផលនៃបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវអនុវត្តស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាជារដ្ឋភាគី។

មាត្រា២២ ការរឹបអូសទ្រព្យសម្បត្តិ

ក្នុងករណីដែលមានការលើកលែងចោទប្រកាន់ដោយមូលហេតុអត្តសញ្ញាណរបស់ជនត្រូវចោទមិនត្រូវបានស្គាល់ ឬក្នុងករណីដែលជនត្រូវចោទទទួលមរណភាព ចៅក្រមស៊ើបសួរអាចប្ដឹងសុំតាមដីកាបញ្ជូន ទៅតុលាការព្រហ្មទណ្ឌឱ្យសម្រេចរឹបអូសឧបករណ៍ សម្ភារៈ មូលនិធិ ផលទុន ឬទ្រព្យសម្បត្តិដែលជា មធ្យោបាយប្រព្រឹត្តបទល្មើស ទីតាំងប្រព្រឹត្តបទល្មើស ឬផលនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះ ដោយ អនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

មាត្រា២៣ ការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ក្រៅពីបញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ បទប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះវិធានការប្រឆាំងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹង បទល្មើសដូចមានចែងក្នុងច្បាប់នេះ។

ជំពូកទី៥ អវសានប្បញ្ញត្តិ

មាត្រា២៤ ការប្រកាសឱ្យប្រើ និងការអនុវត្តច្បាប់

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

ច្បាប់នេះត្រូវមានអានុភាពអនុវត្តភ្លាម។

laws/online_scam/start.txt · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki