User Tools

Site Tools


laws:online_scam:start

This is an old revision of the document!


ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជំពួកទី១ បទប្បញ្ញត្តិទូទៅ

មាត្រា១ គោលបំណង

ច្បាប់នេះកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

មាត្រា២ វិសាលភាព

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បទល្មើសដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់នេះ គឺជាបទល្មើសដែលត្រូវបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖

១-បទល្មើសត្រូវបានប្រព្រឹត្ត ឬចាត់ថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាម បទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមាន។
២-បទល្មើសត្រូវបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីណាមួយដូចខាងក្រោម៖
- បទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរ។
- បទល្មើសត្រូវបានប្រព្រឹត្តលើពលរដ្ឋខ្មែរ។
- ទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានចែងក្នុង ច្បាប់នេះ បានផ្ទេរចូលមកក្នុង ឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា។

៣-បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច

មាត្រា៣ យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ដោយត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើត យន្តការដោយឡែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដឹកនាំ សម្របសម្រួល ត្រួតពិនិត្យ និងអនុវត្តការងារបង្ការ ទប់ស្កាត់ និងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសដែល មានចែងក្នុងច្បាប់នេះ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មនេះ។

ការសម្របសម្រួលសមត្ថកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ និងយន្តការនេះ ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។

មាត្រា៤ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌

មន្ត្រីរាជការទទួលបន្ទុកការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបម្រើការងារក្នុងយន្តការដែលត្រូវបានបង្កើតឡើងតាមមាត្រា៣ (យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា) នៃច្បាប់នេះ ទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិនិត្យ ស៊ើបអង្កេត និង ស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះ ដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីរាជការ បម្រើការងារក្នុងយន្តការនេះ ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ការធ្វើសម្បថ និងការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

ជំពូកទី៣ បទល្មើសទាក់ទងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

មាត្រា៥ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

laws/online_scam/start.1776161065.txt.gz · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki