This is an old revision of the document!
Table of Contents
ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជំពួកទី១ បទប្បញ្ញត្តិទូទៅ
មាត្រា១ គោលបំណង
ច្បាប់នេះកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
មាត្រា២ វិសាលភាព
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បទល្មើសដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់នេះ គឺជាបទល្មើសដែលត្រូវបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖
១-បទល្មើសត្រូវបានប្រព្រឹត្ត ឬចាត់ថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាម បទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមាន។
២-បទល្មើសត្រូវបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីណាមួយដូចខាងក្រោម៖- បទល្មើសត្រូវបានប្រព្រឹត្តដោយពលរដ្ឋខ្មែរ។
- បទល្មើសត្រូវបានប្រព្រឹត្តលើពលរដ្ឋខ្មែរ។
- ទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានចែងក្នុង ច្បាប់នេះ បានផ្ទេរចូលមកក្នុង ឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា។៣-បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច
មាត្រា៣ យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ដោយត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើត យន្តការដោយឡែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដឹកនាំ សម្របសម្រួល ត្រួតពិនិត្យ និងអនុវត្តការងារបង្ការ ទប់ស្កាត់ និងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសដែល មានចែងក្នុងច្បាប់នេះ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មនេះ។
ការសម្របសម្រួលសមត្ថកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ និងយន្តការនេះ ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
មាត្រា៤ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌
មន្ត្រីរាជការទទួលបន្ទុកការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបម្រើការងារក្នុងយន្តការដែលត្រូវបានបង្កើតឡើងតាមមាត្រា៣ (យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា) នៃច្បាប់នេះ ទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិនិត្យ ស៊ើបអង្កេត និង ស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះ ដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីរាជការ បម្រើការងារក្នុងយន្តការនេះ ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ការធ្វើសម្បថ និងការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
ជំពូកទី៣ បទល្មើសទាក់ទងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មាត្រា៥ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយបើ ឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ៖
១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
២-ការផ្គត់ផ្គង់សេវា។
៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និង ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
១-ដោយមានការរៀបចំជាក្រុមមានការចាត់តាំង។
២-ដោយមានជនរងគ្រោះច្រើននាក់។
មាត្រា៦ បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អំពើរៀបចំ ឬដឹកនាំទីកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលផ្ដុំ ឬក្នុងទម្រង់ជា មជ្ឈមណ្ឌល ដែលអនុញ្ញាតឱ្យបុគ្គលច្រើននាក់ចងក្រងគ្នាជាក្រុម ឬជាបណ្តាញ ទោះមាន ឬគ្មានរចនាសម្ព័ន្ធ គ្រប់គ្រងជាក់លាក់ក៏ដោយ ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវកំណត់ជាបទល្មើសរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយលាន) រៀល។
ត្រូវចាត់ទុកថាជាបទល្មើសរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវផ្តន្ទាទោស ដូចគ្នានឹងបទល្មើសដែលមានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះផងដែរ ចំពោះអំពើរៀបចំ ឬដឹកនាំទីកន្លែង ដាច់ដោយឡែកៗពីគ្នាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែអាចចងក្រងគ្នាជាបណ្តាញតាម គ្រប់រូបភាព ទោះបីពុំមានលក្ខណៈប្រមូលផ្ដុំគ្នាក្នុងទម្រង់ជាមជ្ឈមណ្ឌលក៏ដោយ។
អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល ទៅ ២ ០០០ ០០០ ០០០ (ពីរប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
១-ដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ។
២-ដោយមានការចាប់ ការឃុំឃាំង ឬការបង្ខាំង។
៣-ដោយមានការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស ការកេងចំណេញលើពលកម្ម ការធ្វើអំពើបង្ខិតបង្ខំ ឱ្យធ្វើសកម្មភាពខុសពីឆន្ទៈ ឬទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។
អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយបណ្តាល ឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់។
