Table of Contents
កម្រងសំណួរវាយតម្លៃសម្រាប់របាយការណ៍ស្តីពីអំពើជួញដូរមនុស្ស ឆ្នាំ២០២៦
សេចក្តីណែនាំអំពីការផ្ញើរបាយការណ៍
ច្បាប់ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឆ្នាំ ២០០០ ដែលបានធ្វើវិសោធនកម្ម (Trafficking Victims Protection Act of 2000 – TVPA) តម្រូវឱ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផ្ញើរបាយការណ៍ស្តីពីការជួញដូរមនុស្ស (Trafficking in Persons Report – TIP Report) ជូនសភា មុនថ្ងៃទី៣០ ខែមិថុនា រៀងរាល់ឆ្នាំ។ TVPA កំណត់ឱ្យក្រសួងការបរទេស រាយការណ៍ និងចាត់ថ្នាក់ប្រទេសនានា ដោយផ្អែកលើកម្រិតកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការអនុវត្ត «ស្តង់ដារអប្បបរមាសម្រាប់ការលុបបំបាត់អំពើជួញដូរមនុស្ស»។ ក្រសួងការបរទេសវាយតម្លៃតែ កិច្ចខិតខំប្រឹងប្រែង និងសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប៉ុណ្ណោះ មិនរាប់បញ្ចូលសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ឬអង្គការអន្តរជាតិ (IOs) ទេ។ ជាការឆ្លើយតប ស្ថានទូតអាមេរិក នៅក្នុងប្រទេសនីមួយៗគួរបញ្ជាក់ថា ស្ថាប័នរដ្ឋាភិបាលណាខ្លះ បានអនុវត្តសកម្មភាពប្រឆាំងការជួញដូរមនុស្ស និងបញ្ជាក់ព័ត៌មានលម្អិតអំពីសកម្មភាពជាក់ស្តែងដែលបានអនុវត្ត ប្រសិនបើមាន។ បញ្ជាក់ពី សកម្មភាពដែលបានអនុវត្តរួមគ្នាជាមួយ NGOs ឬ IOs ប្រសិនបើការគាំទ្ររបស់រដ្ឋាភិបាលមានលក្ខណៈជាក់ស្តែងពិតប្រាកដ ដូចជា ការផ្តល់ថវិកា ការផ្តល់បុគ្គលិកជាក់លាក់ ដីធ្លី អគារ ឧបករណ៍ ឬការឧបត្ថម្ភផ្សេងៗទៀត។
អនុលោមតាម TVPA ក្រសួងការបរទេសនឹង មិនរាប់បញ្ចូលសកម្មភាពដែលគ្រោងនឹងអនុវត្តនៅពេលអនាគត ឬការប្តេជ្ញាចិត្តនាពេលក្រោយ ជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបំពេញស្តង់ដារអប្បបរមាទេ។ ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពខ្លះដែលគ្រោងអនាគត (ឧ. ផែនការសកម្មភាពជាតិដែលមានជាលាយលក្ខណ៍អក្សរ) អាចត្រូវបានពិចារណា នៅពេលសម្រេចចិត្តចាត់ថ្នាក់រវាង Tier 2 Watch List និង Tier 3។
សំណួរខាងក្រោម ស្នើសុំឱ្យផ្តល់ព័ត៌មានបច្ចុប្បន្នភាពសម្រាប់របាយការណ៍ TIP ឆ្នាំ២០២៥។ ចម្លើយត្រូវរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលរាយការណ៍ជាស្តង់ដារ របាយការណ៍ TIP (ពីថ្ងៃទី ១ ខែមេសា ២០២៥ ដល់ថ្ងៃទី ៣១ ខែមីនា ២០២៦) លើកលែងទិន្នន័យបរិមាណខ្លះ ដែលអាចរាយការណ៍តាមឆ្នាំប្រតិទិន (សូមមើលតារាងទិន្នន័យជូនភ្ជាប់ជាមួយ)។ ប្រសិនបើគម្រោងប្រឆាំងអំពើជួញដូរមនុស្សណាមួយ បានចាប់ផ្តើមមុនថ្ងៃទី ១ ខែមេសា ហើយបន្តអនុវត្តក្នុងអំឡុងពេលរាយការណ៍ សូមបែងចែកឱ្យច្បាស់ រវាងសកម្មភាពបន្ត និងសកម្មភាពថ្មី ក្នុងអំឡុងពេលរាយការណ៍។ សូមកុំរាយការណ៍ព័ត៌មានដដែលៗ នៅក្នុងផ្នែកផ្សេងៗនៃរបាយការណ៍។
ស្ថានទូតអាច ប៉ុន្តែមិនត្រូវបានកំណត់ជាកាតព្វកិច្ច ឲ្យដាក់សំណួរជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ ដើម្បីប្រមូលចម្លើយរបស់ពួកគេនោះទេ។ ក្នុងការឆ្លើយតបចំពោះសំណួរខាងក្រោមនេះ ស្ថានទូតគួរតែស្វែងរកព័ត៌មានពីគ្រប់ប្រភពដែលអាចរកបាន និងផ្តល់ព័ត៌មានបន្ថែមជាលាយលក្ខណ៍អក្សរដែលទទួលបានពីរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។ សូមបញ្ជាក់ប្រភពយោងក្នុងចម្លើយ ដែលអាចរួមមាន៖ ក្រសួង និងអាជ្ញាធរអនុវត្តច្បាប់របស់រដ្ឋាភិបាល; អង្គការមិនមែនរដ្ឋាភិបាល (NGOs) ដូចជា អង្គភាពដំណើរការមណ្ឌលជម្រក; អង្គការអន្តរជាតិ (IOs); សារព័ត៌មាន; ការសិក្សាស្រាវជ្រាវ; បេសកកម្មបរទេសផ្សេងទៀត; និងអង្គភាពផ្សេងៗរបស់បេសកកម្ម ដូចជា កុងស៊ុល ក្រុម INL អ្នកអនុវត្តកម្មវិធី PEPFAR មន្ត្រី LEGATT និងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក (USG) ផ្សេងទៀតប្រចាំបេសកកម្មការទូត។ សូមទាក់ទងការិយាល័យ TIP ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើមានសំណួរ ឬជួបបញ្ហាលំបាកក្នុងការប្រមូលព័ត៌មាននេះ។
និយមន័យ និងសេចក្តីណែនាំ៖
ច្បាប់ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស (TVPA) កំណត់ឲ្យក្រសួងការបរទេសធ្វើការវាយតម្លៃលើសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមនិយមន័យដូចដែលបានកំណត់ក្នុង TVPA ដែលស្របតាមនិយមន័យនៃអំពើជួញដូរមនុស្សក្រោមច្បាប់អន្តរជាតិជាទូទៅ។ តាម TVPA “សកម្មភាពជាក់ស្តែង” រួមមាន៖
(A) សកម្មភាពអនុវត្តច្បាប់ដែលបានអនុវត្ត។
(B) ការស៊ើបអង្កេតដែលកំពុងដំណើរការយ៉ាងសកម្ម។
(C) ការកាត់ទោសដែលបានអនុវត្ត។
(D) សាលក្រមផ្តន្ទាទោសដែលទទួលបាន។
(E) ការបណ្តុះបណ្តាលដែលបានផ្តល់ ។
(F) កម្មវិធី និងភាពជាដៃគូដែលកំពុងដំណើរការយ៉ាងសកម្ម។
(G) កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរនៃការជួញដូរមនុស្ស រួមទាំងកម្មវិធីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនដែលងាយរងគ្រោះជាពិសេស ការចូលរួមរបស់អ្នកធ្លាប់រងគ្រោះដោយអំពើជួញដូរមនុស្សក្នុងសកម្មភាពសហគមន៍ និងការរៀបចំគោលនយោបាយ ការចូលរួមជាមួយជនអន្តោប្រវេសន៍បរទេស ការបញ្ចប់ការយកកម្រៃជ្រើសរើសការងារ និងវិធានការផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នា។
(H) សេវាកម្មជួយជនរងគ្រោះដែលបានផ្តល់ រួមទាំងសេវាអន្តោប្រវេសន៍ និងសំណងជាសាច់ប្រាក់ (restitution)។
(I) ចំនួនថវិកាដែលរដ្ឋាភិបាលបានប្តេជ្ញាចិត្តសម្រាប់ធ្វើសកម្មភាពដូចដែលបានរៀបរាប់ក្នុងចំណុច (A) ដល់ (H) ខាងលើ។
ការជួញដូរមនុស្សមិនចាំបាច់តម្រូវឲ្យមានការផ្លាស់ទី ពីកន្លែងមួយ ទៅទីកន្លែងមួយទៀតឡើយ ។ រដ្ឋាភិបាលមួយចំនួន អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអង្គភាពផ្សេងៗ អាចចាត់ថ្នាក់សកម្មភាពបទល្មើសមួយចំនួនថាជា “អំពើជួញដូរមនុស្ស” ទោះបីសកម្មភាពទាំងនោះស្ថិតនៅក្រៅនិយមន័យរបស់ TVPA ក៏ដោយ។ របាយការណ៍ TIP វាយតម្លៃតែចំពោះកិច្ចខិតខំប្រឹងប្រែងដែលពាក់ព័ន្ធនឹងទម្រង់ធ្ងន់ធ្ងរនៃអំពើជួញដូរមនុស្ស តាមនិយមន័យក្នុង TVPA (22 U.S.C. 7102(11)) ៖
«ការជ្រើសរើស ការផ្តល់ទីជម្រក ការដឹកជញ្ជូន ការផ្តល់ ការទទួល ការគាំទ្រ ឬការអូសទាញបុគ្គលណាម្នាក់ សម្រាប់គោលបំណងនៃសកម្មភាពជួញដូរផ្លូវភេទ ដែលបង្កឡើងដោយប្រើកម្លាំង ការលួចបន្លំ ឬការបង្ខិតបង្ខំ ឬនៅពេលដែលបុគ្គលដែលត្រូវបានបង្កឲ្យប្រព្រឹត្តសកម្មភាពនោះ មិនទាន់មានអាយុ ១៨ ឆ្នាំ។»
(សំគាល់៖ បុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ ក្នុងសកម្មភាពជួញដូរផ្លូវភេទ ត្រូវបានចាត់ទុកជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមិនគិតថាតើមានការប្រើកម្លាំង ការលួចបន្លំ ឬការបង្ខិតបង្ខំ ឬមិនមាននោះទេ។)
«ការជ្រើសរើស ការផ្តល់ទីជម្រក ការដឹកជញ្ជូន ការផ្តល់ ឬការទទួលមនុស្ស សម្រាប់ធ្វើការងារ ឬផ្តល់សេវាកម្ម តាមរយៈការប្រើប្រាស់កម្លាំង ការលួចបន្លំ ឬការបង្ខិតបង្ខំ សម្រាប់គោលបំណងដាក់ឲ្យស្ថិតក្រោមភាពជាខ្ញុំបម្រើដោយបង្ខំ ការផ្តល់សេវាកម្មដោយបង្ខំដើម្បីសងបំណុល (peonage) ការងារដោះបំណុលដោយបង្ខំ (debt bondage) ឬភាពជាទាសករ។»
(សំគាល់៖ ការងារដោយបង្ខំអាចមានទម្រង់ផ្សេងៗ ដូចជា ការងារបម្រើក្នុងគ្រួសារដោយបង្ខំ ការសុំទានដោយបង្ខំ ការប្រព្រឹត្តសកម្មភាពបទល្មើសដោយបង្ខំ (ឧ. ការលួចដឹកជញ្ជូនគ្រឿងញៀន) និងការងារពន្ធនាគារដោយមិនស្ម័គ្រចិត្ត ដែលមិនមែនជាលទ្ធផលនៃសាលក្រមតុលាការ។ កុមារដែលត្រូវបានជ្រើសរើស ឬប្រើប្រាស់សម្រាប់ការងារ ឬសេវាកម្មជាទាហាន អាចជាទម្រង់ធ្ងន់ធ្ងរនៃការជួញដូរមនុស្ស ប្រសិនបើសកម្មភាពនោះពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ការលួចបន្លំ ឬការបង្ខិតបង្ខំ។ កុមារអាចជាជនរងគ្រោះ ដោយមិនគិតពីភេទ។)
ដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងរបាយការណ៍ TIP ក្រសួង (ការបរទេសអាមេរិក) ត្រូវទទួលព័ត៌មានលម្អិតអំពីករណី ដែលបង្ហាញពីធាតុផ្សំនៃបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ សកម្មភាពបទល្មើសខាងក្រោម ដោយឯកឯង មិនត្រូវបានចាត់ទុកថាជាអំពើជួញដូរមនុស្សក្រោម TVPA ទេ លុះត្រាតែសកម្មភាពនោះត្រូវបានប្រព្រឹត្តសម្រាប់គោលបំណងកេងប្រវ័ញ្ចបុគ្គលម្នាក់សម្រាប់សកម្មភាព និង/ឬ ការងារ ឬសេវាកម្មជួញដូរផ្លូវភេទ៖
- ការរត់ពន្ធពលករចំណាកស្រុក (Migrant smuggling)
- ការស្មុំកូនដោយបង្ខំ ឬដោយបន្លំ
- ការជួញដូរសរីរាង្គមនុស្ស
- អាពាហ៍ពិពាហ៍ដោយបង្ខំ
- ការចាប់ជំរិត
- ការផលិត ការចែកចាយ ឬការកាន់កាប់សម្ភារៈអាសអាភាសកុមារ
- ការរំលោភបំពាន ឬការបៀតបៀនផ្លូវភេទលើកុមារ
- ការងារកុមារ ដែលមិនមានការបង្ខិតបង្ខំ រួមទាំងការសុំទាន
ច្បាប់ជាតិក្នុងប្រទេសខ្លះអាចរួមបញ្ចូលការជួញដូរមនុស្សជាមួយសកម្មភាពបទល្មើសដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនោះ ក្រសួងត្រូវវាយតម្លៃធាតុដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅក្នុងច្បាប់ពាក់ព័ន្ធ ដើម្បីវាយតម្លៃផលប៉ះពាល់លើការចោទប្រកាន់ និងការជំនុំជម្រះទោស (prosecution) ការការពារ (protection) និងការបង្ការ (prevention)យោងតាម TVPA។
បញ្ជីសំណួរនេះ ស្នើសុំព័ត៌មានអំពីចំនួនប្រជាជនដែលងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីវាយតម្លៃ “សកម្មភាពជាក់ស្តែង” “បញ្ហាកំពុងកើតឡើងថ្មីៗ” និង “លក្ខណៈ និងវិសាលភាព” នៃការជួញដូរមនុស្សក្នុងប្រទេសដែលកំណត់ក្នុង TVPA។
ទិដ្ឋភាពរួម (PROFILE)
និន្នាការបច្ចុប្បន្ន រួមទាំងនិន្នាការដែលពាក់ព័ន្ធនឹងអាទិភាព «America First» ស្របតាមតម្រូវការរបស់ច្បាប់ TVPA ស្តីពីការរាយការណ៍អំពី «លក្ខណៈ និងវិសាលភាពនៃការជួញដូរមនុស្សក្នុងប្រទេសនីមួយៗ» «ការរាយការណ៍ និងវិភាគអំពីការកើតឡើង ឬការផ្លាស់ប្តូរនៃលំនាំសកលនៃការជួញដូរមនុស្ស» និង «ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យា»៖
Q1. ដោយយោងតាមអ្វីដែលបានរាយការណ៍ក្នុងផ្នែកទិដ្ឋភាពប្រទេស (country narrative profile) នៃរបាយការណ៍ TIP ឆ្នាំ ២០២៥ តើមានការផ្លាស់ប្តូរណាមួយចំពោះនិន្នាការ កត្តាជំរុញ (drivers) វិធីសាស្ត្រ សញ្ជាតិនៃជនរងគ្រោះបរទេស បម្រែបម្រួលប្រទេសប្រភព/គោលដៅ វិស័យដែលពាក់ព័ន្ធ ប្រជាសាស្ត្រដែលរងផលប៉ះពាល់ ជាដើម ក្នុងអំឡុងពេលរាយការណ៍នេះដែរឬទេ? សូមរាយការណ៍អំពីប្រវត្តិរូបជនរងគ្រោះដែលមានហានិភ័យខ្ពស់ជាពិសេសចំពោះការជួញដូរផ្លូវភេទ ឬការជួញដូរកម្លាំងពលកម្ម រួមទាំងការផ្លាស់ប្តូរណាមួយចាប់តាំងពីអំឡុងពេលរាយការណ៍ពីពេលមុន (ឧ. បុរស ស្ត្រី កុមារ ជនចំណាកស្រុក ក្រុមជនជាតិភាគតិចជាក់លាក់)។ សូមបញ្ជាក់ផងដែរថាតើមានការជួញដូរកម្លាំងពលកម្ម ឬការជួញដូរផ្លូវភេទដែលពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ជនចំណាកស្រុក និងបុគ្គលដែលមានប្រវត្តិធ្លាប់ជាជនចំណាកស្រុក និងក្រុមក្មេងទំនើងដែរឬទេ។[ចំណាំ៖ សូមបញ្ចូលព័ត៌មានថ្មីដែលពាក់ព័ន្ធនឹងអំឡុងថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។]
Q3. បច្ចេកវិទ្យា និងការជួញដូរមនុស្ស (Technology and Trafficking): ប្រសិនបើអាច សូមពិពណ៌នាអំពីរបៀបដែលជនល្មើសប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជ្រើសរើស និងកេងប្រវ័ញ្ចជនរងគ្រោះ និងរបៀបដែលរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងទម្រង់នៃការជួញដូរមនុស្សទាំងនេះ ជាពិសេសចំពោះបញ្ហាកំពុងកើតឡើងថ្មីៗ។ សូមរាយការណ៍អំពី៖ការជ្រើសរើសដោយបន្លំ (Fraudulent Recruitment) – តើមានជនជាតិរបស់ប្រទេសសាមីត្រូវបានជ្រើសរើសដោយបន្លំ ឲ្យចូលរួមប្រតិបត្តិការបោកប្រាស់តាមអនឡាញ ឬឲ្យចូលរួមប្រយុទ្ធ ឬគាំទ្រជម្លោះប្រដាប់អាវុធដែលកំពុងកើតមានដែរឬទេ? តើជនល្មើសប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាអ្វីខ្លះដើម្បីជ្រើសរើសជនរងគ្រោះ? ឧទាហរណ៍ រួមមាន បណ្តាញសង្គម កម្មវិធីទូរស័ព្ទ (apps) និងគេហទំព័រការងារតាមអនឡាញ។
មធ្យោបាយ (Means) – តើជនល្មើសប្រើប្រាស់បច្ចេកវិទ្យាយ៉ាងដូចម្តេច ដើម្បីបង្ខំ បន្លំ ឬបង្កការបង្ខិតបង្ខំលើជនរងគ្រោះ? ឧទាហរណ៍ រួមមាន ការសាក់សញ្ញាបារ៍កូដ (bar code tattooing) ការប្រើប្រាស់កម្មវិធី ឬឧបករណ៍តាមដានទីតាំង និងការគំរាមកំហែងដោយបង្ខិតបង្ខំផ្លូវភេទតាមប្រព័ន្ធឌីជីថល (sextortion)។
ទម្រង់នៃការកេងប្រវ័ញ្ច (Forms of Exploitation) – តើជនល្មើសកេងប្រវ័ញ្ចជនរងគ្រោះក្នុងឧស្សាហកម្ម ឬការអនុវត្តន៍បែបណាខ្លះ? ឧទាហរណ៍ អាចរួមមាន ការកេងប្រវ័ញ្ចដោយប្រើប្រាស់បច្ចេកវិទ្យា ដូចជា ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ឬតាមប្រព័ន្ធអនឡាញ ឬការផ្សាយបន្តផ្ទាល់សកម្មភាពជួញដូរផ្លូវភេទ (livestreamed commercial sex acts)។ ចំពោះប្រតិបត្តិការបោកប្រាស់តាមអនឡាញ សូមពិពណ៌នាអំពីករណីដែលមានសូចនាករនៃអំពើជួញដូរមនុស្សត្រូវបានកំណត់អត្តសញ្ញាណក្នុងអំឡុងពេលរាយការណ៍ រួមទាំងព័ត៌មានអំពីសញ្ជាតិជនរងគ្រោះ ការឆ្លើយតបរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះត្រឡប់ទៅមាតុប្រទេសវិញ។
និន្នាការកំពុងកើតឡើងថ្មីៗ (Emerging Trends) – តើបច្ចេកវិទ្យាប្រភេទណាខ្លះដែលកំពុងកើតមានថ្មីៗ ត្រូវបានជនល្មើសប្រើប្រាស់ដើម្បីសម្របសម្រួលការជួញដូរមនុស្ស? ឧទាហរណ៍ រួមមាន ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (cryptocurrencies) សម្រាប់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ ការប្រើប្រាស់បណ្តាញងងឹត (dark web) ដើម្បីលាក់បាំងសកម្មភាព ឬការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI)។
ការឆ្លើយតបរបស់រដ្ឋាភិបាល (Government Response) – តើរដ្ឋាភិបាលកំពុងប្រឆាំងនឹង ការជួញដូរមនុស្សដោយប្រើបច្ចេកវិទ្យា យ៉ាងដូចម្តេច? តើមានវិធានការអ្វីខ្លះក្នុងការឆ្លើយតបចំពោះតម្រូវការរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា (ឧ. ការដកសម្ភារៈកេងប្រវ័ញ្ចចេញពីប្រព័ន្ធអនឡាញ ការផ្តល់ជំនួយសុវត្ថិភាពឌីជីថល ឬការផ្តល់សេវាគាំទ្រផ្លូវចិត្ត-សង្គម)។ ឧទាហរណ៍ អាចរួមមាន អង្គភាពនគរបាលដែលទទួលបានការបណ្តុះបណ្តាលក្នុងការប្រមូលភស្តុតាងឌីជីថល ការប្រើប្រាស់ “web crawlers” ដើម្បីកំណត់សកម្មភាពអ៊ីនធឺណិតគួរឱ្យសង្ស័យ ការវិភាគទិន្នន័យ និងការតាមដានខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហការជាមួយក្រុមហ៊ុនបណ្តាញសង្គម ឬក្រុមហ៊ុនបច្ចេកវិទ្យា និងយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពអ៊ីនធឺណិត។
ការផ្តន្ទាទោស (PROSECUTION)
សូមធានាថា ទិន្នន័យបរិមាណដែលបានផ្ញើសម្រាប់របាយការណ៍ឆ្នាំនេះ មានភាពស្របគ្នាជាមួយវដ្តនៃការរាយការណ៍ដែលបានប្រើសម្រាប់របាយការណ៍ TIP ពីឆ្នាំមុន ហើយសូមបញ្ជាក់អំពីអំឡុងពេលដែលកំពុងរាយការណ៍នៅក្នុងផ្នែកទិន្នន័យនៃឧបសម្ព័ន្ធ (Appendices) ទាំងអស់។
ស្ថិតិ (STATISTICS) យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 4 សូចនាករ (1) និង (7)៖
សូមបំពេញតារាងភ្ជាប់ដែលមានចំណងជើងថា ឧបសម្ព័ន្ធ 1: តារាងទិន្នន័យអនុវត្តច្បាប់ (Appendix 1: Law Enforcement Data Chart)។
ច្បាប់ (LAWS) យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 1, 2 និង 3៖
Q4. តើមានការកែប្រែណាមួយចំពោះច្បាប់ប្រឆាំងការជួញដូរមនុស្សដែលមានស្រាប់ ក្នុងអំឡុងពេលរាយការណ៍ដែរឬទេ (ឧ. ការកែសម្រួលច្បាប់ ឬក្រមព្រហ្មទណ្ឌ ច្បាប់ថ្មី គោលការណ៍ណែនាំអំពីការផ្តន្ទាទោស អនុក្រឹត្យប្រធានាធិបតី សេចក្តីសម្រេចតុលាការជាគំរូ (court precedents) ជាដើម)?
សូមបញ្ជាក់ពីការផ្លាស់ប្តូរទាំងនោះ ហើយភ្ជាប់អត្ថបទច្បាប់ជាភាសាដើម (និងជាភាសាអង់គ្លេស ប្រសិនបើមាន)។
រចនាសម្ព័ន្ធការអនុវត្តច្បាប់ និងការបណ្តុះបណ្តាល យោងតាម “សកម្មភាពជាក់ស្តែង” ចែងក្នុងTVPA និងបទដ្ឋានអប្បបរមា លេខ 4 សូចនាករ (1) និង (2)៖
Q9. ដោយយោងតាមអ្វីដែលបានរាយការណ៍ក្នុងផ្នែកការផ្តន្ទាទោស (prosecution section) នៃរបាយការណ៍ TIP ឆ្នាំ 2025 តើមានការផ្លាស់ប្តូរណាមួយចំពោះអង្គភាពរដ្ឋាភិបាល/តុលាការ ដែលទទួលខុសត្រូវក្នុងការស៊ើបអង្កេត ចោទប្រកាន់ ឬសវនាការករណីជួញដូរមនុស្សដែរឬទេ?
តើអង្គភាពទាំងនេះ និងបុគ្គលិករបស់ពួកគេ ត្រូវបានបែងចែកឲ្យបំពេញភារកិច្ចជាក់លាក់លើករណីជួញដូរមនុស្សតែប៉ុណ្ណោះ ឬការងារជួញដូរមនុស្សគ្រាន់តែជាផ្នែកមួយនៃភារកិច្ចទូទៅ/អាណត្តិការងាររបស់ពួកគេ?
តើអង្គភាព/តុលាការទាំងនេះ មានធនធានគ្រប់គ្រាន់ និងគ្របដណ្តប់លើគ្រប់ដែនសមត្ថកិច្ចដែរឬទេ?
Q10. តើមានភាពខ្វះចន្លោះណាមួយក្នុងសមត្ថភាពរបស់អាជ្ញាធរអនុវត្តច្បាប់ ក្នុងការស៊ើបអង្កេត ចោទប្រកាន់ ឬក្នុងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្សដែរឬទេ?
តើអាជ្ញាធរអនុវត្តច្បាប់បានស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស ដោយចាត់ទុកជាបទល្មើសផ្សេងៗ ឬអយ្យការបានចោទប្រកាន់ជនសង្ស័យក្រោមបទប្បញ្ញត្តិព្រហ្មទណ្ឌផ្សេងដែលមានទោសស្រាលជាង (ឧ. បទល្មើសជួញដូរផ្លូវភេទ ការរត់ពន្ធជនចំណាកស្រុក បទល្មើសការងារ ការលួចបន្លំ ជាដើម) ដែរឬទេ?
Q11. សូមពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធអំពីការអនុវត្តច្បាប់ គោលនយោបាយ ឬច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស ហើយសូមបញ្ជាក់ចំនួន និងប្រភេទមន្ត្រីដែលបានទទួលការបណ្តុះបណ្តាល ព្រមទាំងប្រធានបទនៃការបណ្តុះបណ្តាល។
សូមបញ្ជាក់ថា អ្នកណាផ្តល់ថវិកា និងអនុវត្តការបណ្តុះបណ្តាលនោះ រួមទាំងការគាំទ្រជាប្រភេទមិនមែនសាច់ប្រាក់ (in-kind support) ពីរដ្ឋាភិបាល ប្រសិនបើមាន។
កិច្ចសហប្រតិបត្តិការអន្តរជាតិ យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 4 សូចនាករ (4), (5) និង (9)៖
Q12. តើរដ្ឋាភិបាលបានសហការជាមួយសហរដ្ឋអាមេរិក ដៃគូបរទេស ឬអង្គការអនុវត្តច្បាប់អន្តរជាតិ ក្នុងសកម្មភាពអនុវត្តច្បាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សដែរឬទេ? ប្រសិនបើមាន សូមបញ្ជាក់ចំនួនការស៊ើបអង្កេតថ្មី ការចោទប្រកាន់ថ្មី ជាដើម ដែលជាលទ្ធផលនៃកិច្ចសហការនេះ រួមទាំងករណីបត្យាប័ន (extradition)។
តើរដ្ឋាភិបាលអនុវត្តការធ្វើបត្យាប័នជនដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស តាមរបៀបដូចគ្នាជាមួយជនដែលត្រូវបានចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរផ្សេងទៀតដែរឬទេ? សូមបញ្ចូលការពិពណ៌នាអំពីករណីពាក់ព័ន្ធ។
តើការស៊ើបអង្កេត ការចោទប្រកាន់ ការផ្តន្ទាទោសទាំងនេះ ត្រូវបានបញ្ចូលក្នុង ឧបសម្ព័ន្ធ 1: តារាងទិន្នន័យអនុវត្តច្បាប់ ដែរឬទេ?
—-
Q13. តើរដ្ឋាភិបាលបានចូលរួមក្នុងកិច្ចព្រមព្រៀងថ្មីទ្វេភាគី ពហុភាគី ឬតំបន់ ស្តីពីការអនុវត្តច្បាប់ ឬការសម្របសម្រួល ឬបានបង្កើតភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ឬវិស័យឯកជនដែរឬទេ? ប្រសិនបើមាន សូមពិពណ៌នា។
កិច្ចគាំពារ (PROTECTION)
ស្ថិតិ (STATISTICS) យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 4 សូចនាករ (2)៖ សូមបំពេញតារាងភ្ជាប់ដែលមានចំណងជើងថា ឧបសម្ព័ន្ធ 2: តារាងទិន្នន័យអំពីការកំណត់អត្តសញ្ញាណ ការកំណត់សញ្ញាណបឋម និងការបញ្ជូនជនរងគ្រោះ (Appendix 2: Victim Identification, Screening, and Referral Data Chart)។
—
នីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 4 សូចនាករ (2)៖
Q14. ដោយយោងតាមអ្វីដែលបានរាយការណ៍ក្នុងផ្នែកកិច្ចគាំពារ (protection section) នៃរបាយការណ៍ TIP ឆ្នាំ ២០២៥ តើមាននីតិវិធីផ្លូវការ/ស្តង់ដារថ្មី សម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ ឬមានការកែប្រែនីតិវិធីដែលមានស្រាប់ដែរឬទេ? ប្រសិនបើមាន សូមពិពណ៌នា។
—-
Q15. តើមន្ត្រីជួរមុខ (front-line officials) មានពិធីការកំណត់អត្តសញ្ញាណជនរងគ្រោះ ឬនីតិវិធីជាលាយលក្ខណ៍អក្សរផ្លូវការផ្សេងទៀត ដើម្បីណែនាំការកំណត់អត្តសញ្ញាណជនរងគ្រោះដោយបុរេសកម្មដែរឬទេ?
តើពិធីការ ឬនីតិវិធីជាលាយលក្ខណ៍អក្សរនោះ បានកំណត់ជំហានសម្រាប់ការកំណត់សញ្ញាណបឋមប្រជាជនដែលមានហានិភ័យខ្ពស់នៃការជួញដូរមនុស្ស ស្របតាមរបាយការណ៍ TIP ឆ្នាំមុន ឬរបាយការណ៍ផ្សេងៗអំពីនិន្នាការកំពុងកើតឡើងដែលពាក់ព័ន្ធនឹងប្រទេស ឬពលរដ្ឋរបស់ខ្លួនដែរឬទេ?
សូមចែករំលែកច្បាប់ចម្លងពិធីការកំណត់អត្តសញ្ញាណជនរងគ្រោះ ឬនីតិវិធីជាលាយលក្ខណ៍អក្សរដែលបានប្រើ ប្រសិនបើមាន។
Q16. សូមពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការប្រើប្រាស់ពិធីការ ឬនីតិវិធីជាលាយលក្ខណ៍អក្សរទាំងនេះយ៉ាងស្របតាម និងមានប្រព័ន្ធ ដើម្បីកំណត់សញ្ញាណបឋមស្វែងរកសូចនាករនៃការជួញដូរមនុស្សបែបបុរេសកម្ម។
(ចំណាំ៖ វិស័យនីមួយៗអាចមាននីតិវិធីដាច់ដោយឡែកដែលសមស្របតាមបរិបទ ឬវិស័យ រដ្ឋាភិបាលច្រើនអាចប្រើពិធីការដូចគ្នា។)
សូមពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលមន្ត្រីជួរមុខស្តីពីការប្រើប្រាស់ពិធីការ ឬនីតិវិធីជាលាយលក្ខណ៍អក្សរនេះ ប្រសិនបើមាន។
—-
នីតិវិធីបញ្ជូនជនរងគ្រោះ យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 4 សូចនាករ (2) រួមទាំង «វិធីសាស្ត្រដែលផ្តោតលើតម្រូវការរបស់ជនរងគ្រោះ»៖
Q17. ដោយយោងតាមអ្វីដែលបានរាយការណ៍ក្នុងផ្នែកកិច្ចគាំពារ នៃរបាយការណ៍ TIP ឆ្នាំ ២០២៥ តើមាននីតិវិធីថ្មី ឬបានកែប្រែ សម្រាប់ការបញ្ជូនជនរងគ្រោះទៅទទួលសេវាគាំពារដែរឬទេ? ប្រសិនបើមិនមាននីតិវិធីស្តង់ដារ សូមពន្យល់ថាតើ អង្គភាពរដ្ឋាភិបាលធានាយ៉ាងដូចម្តេចថា ជនរងគ្រោះត្រូវបានបញ្ជូនទៅទទួលសេវាថែទាំ។
—-
Q18. តើមន្ត្រីជួរមុខទាំងអស់នៅគ្រប់វិស័យរដ្ឋាភិបាល និងភាគីទទួលខុសត្រូវផ្សេងៗ ត្រូវបានបណ្តុះបណ្តាល និងបានប្រើប្រាស់ពិធីការ/នីតិវិធីទាំងនេះក្នុងលក្ខណៈជាប្រព័ន្ធដែរឬទេ? តើការអនុវត្តមានភាពស្រដៀងគ្នាចំពោះគ្រប់ប្រភេទប្រជាជនដែរឬទេ?
ប្រសិនបើជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) សូមពិពណ៌នាអំពីការវាយតម្លៃរបស់ NGO ទាំងនោះចំពោះដំណើរការបញ្ជូនរបស់រដ្ឋាភិបាល។
Q19. សូមពិពណ៌នាដំណើរការដែលជនរងគ្រោះត្រូវបានបញ្ជូនទៅអ្នកផ្តល់សេវាសង្គម រួមទាំងថាតើពួកគេបានទាក់ទងជាមួយអាជ្ញាធរអនុវត្តច្បាប់ជាមុនដែរឬទេ និងភាពខ្វះចន្លោះ ឬបញ្ហាប្រឈមណាមួយក្នុងដំណើរការនោះ។
Q20. សូមពិពណ៌នាអំពីខ្សែទូរស័ព្ទជំនួយបន្ទាន់ (hotline) ឬយន្តការស្រដៀងគ្នាដែលដំណើរការដោយ ឬទទួលថវិកាពីរដ្ឋាភិបាល ដែលជាក់លាក់សម្រាប់ប្រឆាំងអំពើជួញដូរមនុស្ស ដែលសាធារណជនអាចទាក់ទងដោយផ្ទាល់ និងទទួលជំនួយពីមន្ត្រីឆ្លើយតបដំបូង (first responders)។
តើថ្ងៃ/ម៉ោងដំណើរការ និងសេវាភាសាដែលមានអ្វីខ្លះ? តើអ្នកប្រតិបត្តិការ ត្រូវបានបណ្តុះបណ្តាលអំពីការកំណត់សញ្ញាណបឋម និងបញ្ជូនជនរងគ្រោះដែរឬទេ?
តើការហៅចូលទៅខ្សែទូរស័ព្ទ ឬយន្តការស្រដៀងគ្នាដែលដំណើរការដោយ ឬទទួលថវិកាពីរដ្ឋាភិបាល នាំឲ្យមានការកំណត់អត្តសញ្ញាណជនរងគ្រោះ ការបញ្ជូនទៅសេវាថែទាំ និង/ឬ ការស៊ើបអង្កេតតាមបែបព្រហ្មទណ្ឌដែរឬទេ? តើមានការហៅចូលប៉ុន្មាន និងប៉ុន្មានករណីនាំឲ្យមានការបញ្ជូន?
—-
សេវាជនជួយរងគ្រោះ យោងតាមបទដ្ឋានអប្បបរមា TVPA លេខ 4 សូចនាករ (2)៖
Q21. ដោយយោងតាមអ្វីដែលបានរាយការណ៍ក្នុងផ្នែកកិច្ចគាំពារ នៃរបាយការណ៍ TIP ឆ្នាំ ២០២៥ តើមានសេវាថ្មី ឬបានកែប្រែ សម្រាប់ការថែទាំជនរងគ្រោះ (រួមទាំងទីជម្រក សេវាថែទាំវេជ្ជសាស្ត្រ ការពិគ្រោះផ្លូវចិត្ត សេវាច្បាប់ និងជំនួយផ្នែកការធ្វើមាតុភូមិនិវត្តន៍) ដែរឬទេ?
សូមផ្តល់ព័ត៌មានលម្អិតអំពីប្រភេទសេវាដែលរដ្ឋាភិបាលបានផ្តល់ ឬផ្តល់ថវិកា សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ សូមកុំបញ្ចូលសេវារបស់ NGO លុះត្រាតែរដ្ឋាភិបាលបានផ្តល់ថវិកាដល់អង្គការនោះ។
ប្រសិនបើរដ្ឋាភិបាលដំណើរការ ឬផ្តល់ថវិកាសម្រាប់មណ្ឌល ៖* សូមបញ្ជាក់ចំនួនមណ្ឌល និងសមត្ថភាពទទួលជនរងគ្រោះរបស់មណ្ឌលនីមួយៗ។* ពិពណ៌នាថាតើមណ្ឌលនោះមានដោយជាក់លាក់សម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឬបម្រើប្រជាជនផ្សេងទៀតផងដែរ។* បញ្ជាក់អង្គភាពរដ្ឋាភិបាល ឬ NGO ដែលដំណើរការមណ្ឌលនោះ។* បញ្ជាក់ក្រុមជនរងគ្រោះដែលមានសិទ្ធិស្នាក់នៅ (ឧ. មនុស្សពេញវ័យ/កុមារ; បុរស/ស្ត្រី; ជនរងគ្រោះដោយការជួញដូរកម្លាំងពលកម្ម/ផ្លូវភេទ; ពលរដ្ឋក្នុងប្រទេស/បរទេស)។
—-
Q22. តើភាគីពាក់ព័ន្ធផ្សេងៗ រួមមាន NGO អង្គការអន្តរជាតិ (IOs) ឬអង្គការមូលដ្ឋានសហគមន៍/សាសនា បានផ្តល់ថវិកា និងដំណើរការមណ្ឌលសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សដែរឬទេ? ប្រសិនបើមាន សូមបញ្ជាក់ចំនួនមណ្ឌល/ទីជម្រក របស់ NGO និងក្រុមជនរងគ្រោះដែលមានសិទ្ធិស្នាក់នៅ។
Q23. តើមានរបាយការណ៍ ឬការចោទប្រកាន់អំពីអាកប្បកិរិយាមិនត្រឹមត្រូវ ឬការរំលោភបំពានដោយបុគ្គលិកមណ្ឌល ឬស្ថានភាពមិនមានសុវត្ថិភាពនៅមណ្ឌល/ទីជម្រករដ្ឋាភិបាល ឬមិនមែនរដ្ឋាភិបាលដែរឬទេ? ប្រសិនបើមាន តើរដ្ឋាភិបាលបានចាត់វិធានការអ្វីខ្លះដើម្បីដោះស្រាយ?
Q24. សូមពិពណ៌នាថា សេវាជនរងគ្រោះមានលក្ខណៈទូទៅ ឬមានលក្ខណៈឯកទេសសមស្របតាមតម្រូវការជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងពិពណ៌នាអំពីគុណភាពជារួមនៃការថែទាំ។
សូមបញ្ជាក់ថា តើជនធ្លាប់រងគ្រោះដោយអំពើជួញដូរមនុស្សទាំងអស់អាចទទួលបានគុណភាព និងកម្រិតសេវាដូចគ្នា ឬមានតែក្រុមជាក់លាក់ប៉ុណ្ណោះដែលមានសិទ្ធិ។ បន្ថែមព័ត៌មានលម្អិតអំពីគុណភាពសេវា ការកែលម្អដែលបានអនុវត្ត និងបញ្ហាប្រឈម ចន្លោះប្រហោង ឬកង្វះខាត (ឧ. អ្នកណាអាចមានសិទ្ធិចូលប្រើសេវា) ក្នុងការផ្តល់ការថែទាំ។
Q25. តើគោលនយោបាយរដ្ឋាភិបាលទាមទារឲ្យបុគ្គលត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស មុននឹងទទួលបានសេវា ឬអត្ថប្រយោជន៍ជាក់លាក់ដែរឬទេ? ប្រសិនបើមាន សូមបញ្ជាក់សេវា ឬអត្ថប្រយោជន៍ណាខ្លះដែលកំណត់សម្រាប់បុគ្គលដែលត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការ។
ប្រសិនបើអាច សូមបញ្ជាក់មន្ត្រីណាខ្លះដែលមានសមត្ថកិច្ចក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះជាផ្លូវការ។
Q26. តើអ្នកផ្តល់សេវា បានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់អំពីការថែទាំជនរងគ្រោះដែលមានបញ្ហារបួសផ្លូវចិត្ត (trauma survivors) ដែរឬទេ?
តើអ្នកផ្តល់សេវា មានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការគាំទ្រជនរងគ្រោះ តាមវិធីសាស្ត្រផ្តោតលើជនរងគ្រោះ (victim-centered approach) យ៉ាងសមស្រប និងមានសង្គតិភាពដែរឬទេ?
Q27. តើរដ្ឋាភិបាលបានចំណាយថវិកាប៉ុន្មាន (ជារូបិយប័ណ្ណជាតិ) សម្រាប់ការថែទាំ និងជំនួយជាក់ស្តែងដល់ជនរងគ្រោះ (ឧ. ថវិកាសម្រាប់មណ្ឌលស្នាក់នៅរបស់រដ្ឋ ឬការបង់ប្រាក់ជូនជនរងគ្រោះ)។ ប្រសិនបើជំនួយមានលក្ខណៈជាផលប្រយោជន៍ជំនួសឱ្យថវិកា (in-kind assistance) សូមពិពណ៌នាលម្អិត។ សូមបញ្ជាក់ផងដែរថា តើមានអង្គការមិនមែនរដ្ឋាភិបាល (NGOs) ឬអង្គការអន្តរជាតិ (IOs) ណាដែលបានផ្តល់ថវិកាគាំទ្រដល់កម្មវិធីជំនួយជនរងគ្រោះរបស់រាជរដ្ឋាភិបាលឬទេ។
Q28. ជនរងគ្រោះជាកុមារ
សូមពិពណ៌នាជម្រើសមណ្ឌលស្នាក់នៅដែលមាន សម្រាប់កុមាររងគ្រោះដោយអំពើជួញដូរមនុស្ស រួមទាំងមណ្ឌលស្នាក់នៅមិនមានឯកទេសជំនាញជាក់លាក់ (non-specialized shelters) ដូចជា មណ្ឌលសម្រាប់ជនគ្មានទីលំនៅ ផ្ទះក្រុម (group homes) មណ្ឌលសម្រាប់ជនអន្តោប្រវេសន៍ ឬមណ្ឌលឃុំខ្លួនកុមារក្នុងប្រព័ន្ធយុត្តិធម៌អនីតិជន។ សូមបញ្ជាក់ប្រភេទសេវាឯកទេសដែលកុមាររងគ្រោះទទួលបាននៅក្នុងមណ្ឌលទាំងនេះ ហើយថាតើកុមារមានសិទ្ធិជ្រើសរើសមណ្ឌលស្នាក់នៅ ឬអាចចាកចេញពីមណ្ឌល ដើម្បីចូលរៀននៅសាលាបានឬទេ។
សូមបញ្ជាក់ថា អង្គភាពណាដែលមានសមត្ថកិច្ចសម្រេចចិត្តថា តើកុមាររងគ្រោះត្រូវដាក់ឱ្យស្នាក់នៅក្នុងមណ្ឌល ត្រូវត្រឡប់ទៅគ្រួសារ ឬត្រូវដាក់នៅក្រោមការថែទាំផ្សេងទៀត (ឧ. គ្រួសារអាណាព្យាបាលជំនួស) ហើយថាតើមន្រ្តីទាំងនោះបានទទួលការបណ្តុះបណ្តាលអំពីអំពើជួញដូរមនុស្ស និងភាពងាយរងគ្រោះរបស់កុមារដែលរងរបួសផ្លូវចិត្ត (trauma) ឬទេ។
សូមបញ្ជាក់ថា តើអាជ្ញាធរបានប្រគល់កុមារជនរងគ្រោះឲ្យត្រឡប់ទៅរស់នៅជាមួយសមាជិកគ្រួសារដែលអាចពាក់ព័ន្ធនឹងអំពើជួញដូរឬទេ ឬមានវិធានការណាដើម្បីទប់ស្កាត់ការត្រឡប់ទៅកាន់ស្ថានភាពដែលអាចបន្តមានការកេងប្រវ័ញ្ច។
Q29. ជនរងគ្រោះជាមនុស្សពេញវ័យ
តើរាជរដ្ឋាភិបាលបានផ្តល់សេវាជំនួយដល់ជនរងគ្រោះពេញវ័យដែលបដិសេធមិនស្នាក់នៅក្នុងមណ្ឌលស្នាក់នៅឬទេ?
Q30. ជនរងគ្រោះជាជនបរទេស
តើជនរងគ្រោះជាជនបរទេសមានសិទ្ធិទទួលសេវាជំនួយអ្វីខ្លះ? តើប្រទេសនេះមានភាគរយខ្ពស់នៃជនរងគ្រោះបរទេសឬទេ?
Q31. ជនរងគ្រោះជាពលរដ្ឋនៅក្រៅប្រទេស
តើរាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់ការធ្វើមាតុភូមិនិវត្តដោយស្ម័គ្រចិត្ត (voluntary repatriation) ជូនពលរដ្ឋរបស់ខ្លួនដែលរងគ្រោះនៅក្រៅប្រទេសឬទេ? ប្រសិនបើមាន សូមបញ្ជាក់ចំនួនជនរងគ្រោះដែលទទួលបានការគាំទ្រនេះ។ តើពួកគេត្រូវបានបញ្ជូនបន្តទៅទទួលសេវាកម្មក្រោយពេលត្រឡប់មកវិញឬទេ? សូមកុំរាប់បញ្ចូលករណីដែលបានផ្តល់ថវិកាដោយអង្គការអន្តរជាតិ ឬរដ្ឋាភិបាលបរទេស។
ការមិនដាក់ទោសជនរងគ្រោះ យោងតាម TVPA “សកម្មភាពជាក់ស្តែង” និងលក្ខណៈវិនិច្ឆ័យស្តង់ដារអប្បបរមា លេខ ៤ ចំណុច (2) និង (6)
Q32. តើមានករណីដែលជនរងគ្រោះអាចត្រូវបានឃុំខ្លួន ពិន័យប្រាក់ ឬទទួលទោសផ្សេងៗដោយមិនសមស្រប ពីសំណាក់អាជ្ញាធរ ដោយសារសកម្មភាពខុសច្បាប់ដែលកើតឡើងដោយផ្ទាល់ពីការជួញដូរមនុស្ស (ឧ. ការចូលរួមក្នុងពេស្យាចារ ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន បទល្មើសផ្សេងៗ ឬការបណ្តេញចេញ/អនុវត្តច្បាប់អន្តោប្រវេសន៍) ឬទេ? ហេតុអ្វីបានជា រាជរដ្ឋាភិបាល និង/ឬតុលាការ បានអនុវត្តទោសលើជនរងគ្រោះ?
Q33. តើរាជរដ្ឋាភិបាលបានតាមដានលំនាំអន្តោប្រវេសន៍ចេញ–ចូលប្រទេស ដើម្បីរកសញ្ញាណនៃអំពើជួញដូរមនុស្សឬទេ? ហើយតើអាជ្ញាធរអនុវត្តច្បាប់បានឆ្លើយតបចំពោះភស្តុតាងទាំងនោះ ដោយអនុលោមតាមការស៊ើបអង្កេត និងចោទប្រកាន់យ៉ាងតឹងរ៉ឹងលើអំពើជួញដូរមនុស្ស និងការការពារជនរងគ្រោះឬទេ?
ការគាំទ្រដល់ការចូលរួមក្នុងដំណើរការអនុវត្តច្បាប់ យោងតាមស្តង់ដារអប្បបរមា លេខ ៤ ចំណុច (2)
Q34. តើមានជនរងគ្រោះដែលត្រូវបានកំណត់អត្តសញ្ញាណថ្មីប៉ុន្មាននាក់ ដែលបានចូលរួមក្នុងការស៊ើបអង្កេត និងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស? តើរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រអ្វីខ្លះដល់ជនរងគ្រោះដែលជួយក្នុងដំណើរការស៊ើបអង្កេត និងផ្តន្ទាទោស ដូចជា ប្រភេទទិដ្ឋាការសម្រាប់សម្រួលកិច្ចសហប្រតិបត្តិការ ជំនួយផ្នែកច្បាប់ ការការពារសាក្សី និងអ្នកតំណាងជនរងគ្រោះ-សាក្សី?
Q35. តើជនរងគ្រោះត្រូវបានតម្រូវឲ្យនិយាយជាមួយមន្រ្តីអនុវត្តច្បាប់ ឬសហការជាមួយអាជ្ញាធរ ក្នុងការស៊ើបអង្កេត ឬផ្តន្ទាទោស ដើម្បីទទួលបានសេវាការពារមួយចំនួន (ឧ. ការស្នាក់នៅក្នុងមណ្ឌលរដ្ឋ) ឬទេ? តើរាជរដ្ឋាភិបាលបានផ្តល់រយៈពេលស្ដារសុខភាព និងពិចារណា (recovery and reflection period) ជូនជនរងគ្រោះទាំងអស់ឬទេ? តើមានជម្រើសអ្វីខ្លះសម្រាប់ជនរងគ្រោះ បើពួកគេមិនចង់និយាយជាមួយមន្រ្តីអនុវត្តច្បាប់ ខណៈពេលចូលរួមក្នុងដំណើរការស៊ើបអង្កេត?
Q36. តើមន្រ្តីអនុវត្តច្បាប់បានធ្វើសម្ភាសន៍ជនរងគ្រោះជាប្រព័ន្ធ ក្នុងទីកន្លែងឯកជន និងមានសុវត្ថិភាព ដោយគ្មានវត្តមានជនសង្ស័យឬទេ? តើរាជរដ្ឋាភិបាលបានផ្តល់អ្នកបកប្រែ ដើម្បីធ្វើសម្ភាសន៍ជាភាសាកំណើត ឬប្រើប្រាស់បរិក្ខារដែលរៀបចំសមស្របតាមតម្រូវការជនរងគ្រោះ (ឧ. បន្ទប់សម្ភាសន៍កុមារមេត្រី បន្ទប់កញ្ចក់មួយទិស/Gessell chamber) ឬទេ?
Q37. តើរាជរដ្ឋាភិបាលបានផ្តល់ និងគាំទ្រជំនួយផ្នែកច្បាប់អ្វីខ្លះដល់ជនរងគ្រោះអំពើជួញដូរមនុស្ស? តើមានប្រភេទជំនួយផ្នែកច្បាប់ណាខ្លះ សម្រាប់ករណីពាក់ព័ន្ធផ្សេងៗ ដូចជា បទចោទប្រកាន់ព្រហ្មទណ្ឌ ច្បាប់គ្រួសារ ឬដីកាការពារ?
38. តើរាជរដ្ឋាភិបាលបានផ្តល់វិធានការការពារជនរងគ្រោះ-សាក្សីអ្វីខ្លះ ដើម្បីធានាសុវត្ថិភាពរាងកាយ និងឯកជនភាពក្នុងអំឡុងដំណើរការនីតិវិធី? តើជនរងគ្រោះអាចផ្តល់សក្ខីកម្មតាមរយៈវីដេអូ ឬសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរបានឬទេ? មានជនរងគ្រោះប៉ុន្មាននាក់ដែលបានប្រើប្រាស់វិធីទាំងនេះ? តើរាជរដ្ឋាភិបាលបានផ្តល់ការរៀបចំសមស្របអ្វីខ្លះសម្រាប់ជនរងគ្រោះដែលមានពិការភាពក្នុងអំឡុងសវនាការ? តើមានចន្លោះខ្វះខាតណាខ្លះក្នុងការអនុវត្តវិធានការការពារទាំងនេះ?
សំណង និងបណ្តឹងរដ្ឋប្បវេណី (យោងតាម “សកម្មភាពជាក់ស្តែង” និងស្តង់ដារអប្បបរមា លេខ ៤ ចំណុច (3) នៃ TVPA)
Q39. តើជនរងគ្រោះអាចទទួលបានសំណងពីជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌបានឬទេ? តើមន្រ្តីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ ដើម្បីស្នើសុំ និងបង្គាប់ឱ្យបង់សំណងជូនជនរងគ្រោះក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌដែរឬទេ? ហើយតើពួកគេបានអនុវត្តជាក់ស្តែងឬទេ?
Q40. តើជនរងគ្រោះអាចដាក់បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនល្មើសជួញដូរមនុស្ស ដើម្បីទាមទារសំណងខូចខាតបានឬទេ? តើរាជរដ្ឋាភិបាលបានផ្តល់ព័ត៌មាន ឬជំនួយផ្នែកច្បាប់ ដើម្បីគាំទ្រជនរងគ្រោះក្នុងការដាក់បណ្តឹងរដ្ឋប្បវេណីឬទេ?
Q41. តើមានជនល្មើសជួញដូរមនុស្សដែលត្រូវបានផ្តន្ទាទោសប៉ុន្មាននាក់ ដែលតុលាការបង្គាប់ឱ្យបង់សំណងជូនជនរងគ្រោះ ហើយចំនួនទឹកប្រាក់ដែលត្រូវបង់មានចំនួនប៉ុន្មាន? តើមានជនរងគ្រោះប៉ុន្មាននាក់ដែលទទួលបានសំណងតាមចំនួនដែលបានបង្គាប់? ប្រសិនបើមាន សូមបញ្ជាក់កត្តាណាខ្លះដែលរារាំងជនរងគ្រោះពីការទទួលបានប្រាក់ទាំងនេះ។
ការបង្ការទប់ស្កាត់ (PREVENTION)
ការដឹកនាំ ការសម្របសម្រួល និងផែនការសកម្មភាពជាតិប្រឆាំងអំពើជួញដូរមនុស្ស (យោងតាម “សកម្មភាពជាក់ស្តែង” ស្តង់ដារអប្បបរមា លេខ ៤ ចំណុច (10) និង (11) និងបទប្បញ្ញត្តិ «ទម្លាក់ចំណាត់ថ្នាក់ដោយស្វ័យប្រវត្តិ» (automatic downgrade) នៃ TVPA)_
Q42. តើមន្រ្តី អង្គភាព ឬស្ថាប័នសម្របសម្រួលថ្នាក់ជាតិណាដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើជួញដូរមនុស្ស? តើស្ថាប័ននេះមានប្រសិទ្ធភាព ឬខ្វះប្រសិទ្ធភាពយ៉ាងដូចម្តេចខ្លះ ហើយបានបង្កើតលទ្ធផលអ្វីខ្លះ? ក្នុងអំឡុងពេលរាយការណ៍ ស្ថាប័ននេះបានប្រជុំប៉ុន្មានដង?
Q43. តើរាជរដ្ឋាភិបាលបានស្វែងរកយោបល់ពីសង្គមស៊ីវិល និង/ឬជនរងគ្រោះ ក្នុងការរៀបចំ ឬអនុវត្តច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ ឬកម្មវិធីប្រឆាំងអំពើជួញដូរមនុស្សថ្មីៗឬទេ?
Q44. តើរាជរដ្ឋាភិបាលបានចំណាយថវិកាប៉ុន្មាន (ជារូបិយប័ណ្ណជាតិ) សម្រាប់សកម្មភាពបង្ការទប់ស្កាត់ (ឧ. យុទ្ធនាការផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ ការអនុវត្តផែនការសកម្មភាពជាតិ។ល។)? សូមបញ្ជាក់ថា ថវិកានេះមកពីថវិកាជាតិ ថវិការដ្ឋ ឬថវិកាមូលដ្ឋាន។ ប្រសិនបើមានជំនួយជាលក្ខណៈសប្បុរស សូមបញ្ជាក់។
Q45. តើរាជរដ្ឋាភិបាលបានបង្កើត ឬធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពជាតិប្រឆាំងអំពើជួញដូរមនុស្សឬទេ? ប្រសិនបើមាន សូមផ្ដល់ច្បាប់ចម្លង (ជាភាសាអង់គ្លេស ប្រសិនបើមាន)។
សូមពិពណ៌នាអំពីផែនការ ឬការកែប្រែថ្មីៗ រួមទាំងរយៈពេល អង្គភាពដឹកនាំ ផែនការអនុវត្ត និងថវិកាសម្រាប់អនុវត្ត។
យុទ្ធនាការផ្សព្វផ្សាយ (យោងតាមស្តង់ដារអប្បបរមា លេខ ៤ ចំណុច (3))
Q46. តើរាជរដ្ឋាភិបាលបានផ្តល់ថវិកា និង/ឬអនុវត្តសកម្មភាពផ្សព្វផ្សាយ ឬផ្តល់ធនធានជាលក្ខណៈសប្បុរសដទៃទៀត (in-kind) ដល់យុទ្ធនាការរបស់ NGO ឬ IO ឬទេ? សូមបញ្ជាក់ថា សកម្មភាពទាំងនេះជាសកម្មភាពថ្មី ឬសកម្មភាពបន្តពីមុន ហើយថាតើក្រុមគោលដៅអាចចូលប្រើបានយ៉ាងងាយស្រួល ដោយមិនគិតថ្លៃ និងមានច្រើនភាសា រួមទាំងអក្សរសម្រាប់អ្នកពិការភ្នែក (Braille) ឬទេ។
ការត្រួតពិនិត្យការជ្រើសរើសពលករ និងពលកម្មដោយបង្ខំ បំពានបទដ្ឋានអន្តរជាតិ (យោងតាមស្តង់ដារអប្បបរមា លេខ ៤ ចំណុច (3) នៃ TVPA)
Q47. តើរាជរដ្ឋាភិបាលបានផ្លាស់ប្តូរវិធីសាស្ត្រគ្រប់គ្រង និងត្រួតពិនិត្យការជ្រើសរើសពលករ សម្រាប់ទីភ្នាក់ងារដែលមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ អ្នកជ្រើសរើសឯកជន និងភ្នាក់ងារបន្ត (sub-brokers) ឬទេ? ប្រសិនបើមាន សូមពិពណ៌នា។
Q48. តើរាជរដ្ឋាភិបាលបានហាមឃាត់ការយកថ្លៃជ្រើសរើសពលករពីពលករដោយផ្ទាល់ឬទេ? ប្រសិនបើមាន សូមពន្យល់អំពីវិធានការអនុវត្ត។ ប្រសិនបើមិនមាន សូមពិពណ៌នាពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងការយកថ្លៃជ្រើសរើសពីពលករ។
Q49. តើរាជរដ្ឋាភិបាលមានកិច្ចព្រមព្រៀងជាមួយប្រទេសផ្សេងៗ ដែលមានយន្តការត្រួតពិនិត្យប្រកបដោយតម្លាភាព ស្តីពីការជ្រើសរើសពលករដោយសុវត្ថិភាព និងទំនួលខុសត្រូវ រួមទាំងវិធានការការពារជនងាយរងគ្រោះពីអំពើជួញដូរមនុស្ស ឬការហាមឃាត់នាំចូលទំនិញផលិតដោយពលកម្មបង្ខំឬទេ? តើកិច្ចព្រមព្រៀង ឬការហាមឃាត់ទាំងនេះត្រូវបានអនុវត្តក្នុងអំឡុងពេលរាយការណ៍ឬទេ?
Q50. តើរាជរដ្ឋាភិបាលមានយន្តការណាមួយ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សដោយនិយោជក ក្នុងកម្មវិធីពលករអន្តោប្រវេសន៍ឬទេ? សូមពិពណ៌នាដំណើរការដែលអនុញ្ញាតឱ្យពលករអន្តោប្រវេសន៍អាចចាកចេញពីនិយោជក ក្នុងករណីមានការកេងប្រវ័ញ្ច។
ការកាត់បន្ថយតម្រូវការសេវាពេស្យាចារ និងការកេងប្រវ័ញ្ចផ្លូវភេទក្រៅប្រទេស (រួមទាំងកុមារ)
(យោងតាមស្តង់ដារអប្បបរមា លេខ ៤ ចំណុច (12)(A) និង (B)) (កាលពីមុនធ្លាប់សំដៅថាជា «ទេសចរណ៍ផ្លូវភេទកុមារ»)
Q51. តើមានវិធានការណាខ្លះដែលរាជរដ្ឋាភិបាលបានអនុវត្ត (ក្រៅពីអ្វីដែលបានរាយការណ៍រួច) ដើម្បីកាត់បន្ថយតម្រូវការសម្រាប់សកម្មភាពពេស្យាចារ ដោយផ្តោតលើអ្នកប្រើប្រាស់/អតិថិជន និងទប់ស្កាត់ការទិញសេវាពេស្យាចារ ក្នុងបរិបទសកម្មភាព “ពេស្យាចារ” ដែលស្របច្បាប់ ឬមិនត្រូវបានដាក់ទោសឬទេ? (សំគាល់៖ វិធានការទាំងនេះត្រូវផ្តោតលើអ្នកប្រើប្រាស់ មិនមែនលើអ្នកផ្តល់សេវា ឬអ្នកជួយសម្របសម្រួលទេ។)
Q52. តើរាជរដ្ឋាភិបាលបានចោទប្រកាន់ បណ្តេញចេញ ឬផ្តន្ទាទោសពលរដ្ឋក្នុងប្រទេស ឬជនបរទេស ដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទាំងក្នុងប្រទេស និងក្រៅប្រទេសឬទេ? តើអាជ្ញាធរបានកំណត់អត្តសញ្ញាណជនរងគ្រោះកុមារដែលត្រូវបានកេងប្រវ័ញ្ចដោយភ្ញៀវទេសចរជាតិ ឬបរទេសឬទេ? ប្រសិនបើមាន សូមផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង និងភាគីពាក់ព័ន្ធ។
ទូត និងកងកម្លាំងរក្សាសន្តិភាព (យោងតាមស្តង់ដារអប្បបរមា លេខ ៤ ចំណុច (3) និង (7))
Q53. តើរាជរដ្ឋាភិបាលបានបណ្តុះបណ្តាលមន្រ្តីទូតរបស់ខ្លួន មិនឱ្យពាក់ព័ន្ធ ឬជួយសម្របសម្រួលអំពើជួញដូរមនុស្សឬទេ? ប្រសិនបើមាន សូមពិពណ៌នា។
Q54. តើមានការចោទប្រកាន់ថា មន្រ្តីទូតបានកេងប្រវ័ញ្ចពលករបម្រើការងារតាមផ្ទះ នៅក្រៅប្រទេស (ឧ. ដោយប្រើកម្លាំង ការបោកបញ្ឆោត ការបង្ខិតបង្ខំ ឬបង់ប្រាក់ក្រោមអត្រាទីផ្សារ ឬកាត់ទុកប្រាក់ខែ) ឬទេ? តើរាជរដ្ឋាភិបាលបានស្វែងរកការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌពាក់ព័ន្ធករណីទាំងនោះឬទេ?
Q55. តើរាជរដ្ឋាភិបាលបានផ្តល់ការបណ្តុះបណ្តាលប្រឆាំងអំពើជួញដូរមនុស្ស ដល់ពលរដ្ឋដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាព ឬបេសកកម្មស្រដៀងគ្នា នៅក្រៅប្រទេសឬទេ?
Q57. ដោយផ្អែកលើអ្វីដែលបានរាយការណ៍ក្នុង TIP Report ឆ្នាំ ២០២៥ សូមផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីនិន្នាការអំពើជួញដូរមនុស្ស កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងប្រទេស ឬតំបន់ពាក់កណ្តាលស្វ័យត និងអង្គភាពដឹកនាំ។
Q58. សូមពិពណ៌នាពីការស៊ើបអង្កេត និងការផ្តន្ទាទោស ការកំណត់អត្តសញ្ញាណ និងបញ្ជូនជនរងគ្រោះទៅទទួលសេវាថែទាំ ព្រមទាំងថវិកាដែលមាន ក្នុងប្រទេស ឬតំបន់ពាក់កណ្តាលស្វ័យត ឬដែនដីជម្លោះ ដែលស្ថិតក្នុងព្រំដែនភូមិសាស្ត្ររបស់ប្រទេស។
ឧបសម្ព័ន្ធទី១៖ ទិន្នន័យការងារអនុវត្តច្បាប់
សេចក្តីណែនាំ
រយៈពេលរាយការណ៍៖ ចម្លើយត្រូវរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សម្រាប់រយៈពេលប្រចាំឆ្នាំដូចគ្នានឹងរយៈពេលដែលបានរាយការណ៍ក្នុងផ្នែកទិដ្ឋភាពរួមប្រចាំប្រទេស (country narrative) នៃរបាយការណ៍ TIP ឆ្នាំ២០២៥។ សម្រាប់ប្រទេសភាគច្រើន គួរជារយៈពេលស្តង់ដារនៃរបាយការណ៍ TIP (ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦)។ ទោះយ៉ាងណា រដ្ឋាភិបាលខ្លះធ្លាប់ផ្តល់ទិន្នន័យបរិមាណផ្អែកលើប្រតិទិន ឬរយៈពេលប្រចាំឆ្នាំផ្សេងៗ។ សូមធានាថា ទិន្នន័យដែលបានផ្តល់ សម្រាប់របាយការណ៍ឆ្នាំនេះ មានភាពស្របគ្នានឹងវដ្តរាយការណ៍ដែលបានប្រើសម្រាប់របាយការណ៍ TIP ពីឆ្នាំមុន ហើយបញ្ជាក់ឱ្យច្បាស់អំពីរយៈពេលដែលកំពុងត្រូវបានរាយការណ៍នៅក្នុងទំព័រទិន្នន័យទាំងនេះ។
និយមន័យ៖
- កំពុងដំណើរការ (Ongoing)៖ ករណីដែលបានចាប់ផ្តើមក្នុងរយៈពេលរាយការណ៍មុន (ឧ. ករណីដែលស្ថិតក្រោមស្ថានភាព “ស៊ើបអង្កេត” ឬ “ចោទប្រកាន់” ចាប់តាំងពីអំឡុងពេលរាយការណ៍គ្រាមុន)។
- ថ្មី (New)៖ ករណីដែលបានចាប់ផ្តើមក្នុងរយៈពេលរាយការណ៍បច្ចុប្បន្ន (រួមមានការចាប់ផ្តើមស៊ើបអង្កេតថ្មី ឬការផ្លាស់ប្តូរស្ថានភាពសំណុំរឿងក្នុងរយៈពេលនេះ ដូចជា ការចាប់ផ្តើមចោទប្រកាន់ ឬការទទួលបានសាលក្រមផ្តន្ទាទោស)។
ការណែនាំសម្រាប់បំពេញតារាងនេះ៖
- ចំនួន និងឯកតានៃការគណនា៖ សូមបញ្ជាក់ទាំងចំនួន និងអត្ថន័យនៃចំនួននោះ (ជាចំនួនសំណុំរឿង ចំនួនបុគ្គល ឬអ្វីផ្សេងទៀត)។ វិធីសាស្ត្រស្តង់ដារ និងពេញនិយម គឺរាប់ការស៊ើបអង្កេតតាមចំនួនសំណុំរឿង និងរាប់ការចោទប្រកាន់ និងការផ្តន្ទាទោសតាមចំនួនបុគ្គល។
- សេចក្តីពិពណ៌នា៖ ផ្តល់ព័ត៌មានលម្អិតអំពីសំណុំរឿង ឬបរិបទពាក់ព័ន្ធ (ឧ. ជនជាប់ចោទទាំងអស់ជាបុរស ចំនួនបុគ្គលក្នុងសំណុំរឿងមិនអាចកំណត់បាន។ល។)។
- សូមពន្យល់លក្ខណៈពិសេសជាក់លាក់តាមប្រទេស និងផ្តល់ទិន្នន័យបន្ថែមតាមលក្ខណៈសមស្រប
(ឧ. ដំណាក់កាលមុនការស៊ើបអង្កេត ករណីដែលបញ្ជូនទៅមជ្ឈត្តករកណ្តាល។ល។)។ - សម្រាប់បុគ្គលនីមួយៗដែលត្រូវបានផ្តន្ទាទោស សូមផ្តល់ព័ត៌មានលម្អិតអំពីទោស រួមមានរយៈពេលពន្ធនាគារ ប្រាក់ពិន័យ និងទោសព្យួរ ប្រសិនបើបានអនុវត្ត។
Table
| ខែមេសា ឆ្នាំ២០២៥ – ៣១ មីនា ២០២៦ ឬ ទិន្នន័យឆ្នាំ២០២៥ April, 2025- March 31, 2026 or 2025 Data | ខែមេសា ឆ្នាំ២០២៤ – ៣១ មីនា ២០២៥ ឬ ទិន្នន័យឆ្នាំ២០២៤ April, 2024- March 31, 2025, or 2024 Data | ឯកតានៃការគណនា Counting Unit | បរិបទ Context |
|
| ប្រភេទនៃការងារអនុវត្តច្បាប់ Law Enforcement Category | ឧទាហរណ៍៖ ៤ សំណុំរឿង ពាក់ព័ន្ធនឹងបុគ្គល/ជនល្មើស/ជនជាប់ចោទ ៥ នាក់ Example: 4 cases involving 5 individuals/perpetrators/defendants | បុគ្គល ឬ សំណុំរឿង Individuals or Cases | សូមផ្តល់សេចក្តីពិពណ៌នា ប្រសិនបើជ្រើសរើស “ផ្សេងទៀត” ដើម្បីបន្ថែមបរិបទ ឬបញ្ជាក់រយៈពេលរាយការណ៍ផ្សេងទៀត Please provide a description if other is selected, to add additional context, or provide an alternative reporting period. |
|
| ឆ្នាំតាមប្រតិទិន? Calendar year? | ||||
| ការស៊ើបអង្កេត INVESTIGATIONS | ||||
| # ចំនួនបុគ្គល/សំណុំរឿង ថ្មី ដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ # New individuals/cases Investigated for SEX TRAFFICKING | ||||
| # ចំនួនបុគ្គល/សំណុំរឿង ថ្មី ដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ # New individuals/cases investigated for FORCED LABOR | ||||
| ចំនួនបុគ្គល/សំណុំរឿង ថ្មី ដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចដែលមិនបានបញ្ជាក់ប្រភេទនៃការកេងប្រវ័ញ្ច #New Individuals/cases Investigated for UNSPECIFIED EXPLOITATION | ||||
| សរុបចំនួន បុគ្គល/សំណុំរឿង ថ្មី ដែលបានស៊ើបអង្កេត TOTAL NEW # individuals/cases investigated | ||||
| # ចំនួនបុគ្គល/សំណុំរឿង កំពុងដំណើរការ ដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹង អំពើជួញដូរផ្លូវភេទ # Ongoing individuals/cases investigated for SEX TRAFFICKING | ||||
| # ចំនួនបុគ្គល/សំណុំរឿង កំពុងដំណើរការ ដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ # Ongoing individuals/cans investigated for FORCED LABOR | ||||
| # ចំនួនបុគ្គល/សំណុំរឿង កំពុងដំណើរការ ដែលត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចដែលមិនបានបញ្ជាក់ប្រភេទនៃការកេងប្រវ័ញ្ច # Ongoing Individuals/cases investigated for UNSPECIFIED EXPLOITATION | ||||
| សរុបចំនួន បុគ្គល/សំណុំរឿង កំពុងដំណើរការ ដែលបានស៊ើបអង្កេត TOTAL ONGOING # Individuals/cases Investigated | ||||
| ការផ្តន្ទាទោស PROSECUTIONS | ||||
| # ចំនួនបុគ្គល ថ្មី ដែលត្រូវបានផ្តន្ទាទោស ពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ # New individuals prosecuted for SEX TRAFACKING | ||||
| # ចំនួនបុគ្គល ថ្មី ដែលត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ # New Individuals prosecuted for FORCED LABOR | ||||
| # ចំនួនបុគ្គល ថ្មី ដែលត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចដែលមិនបានបញ្ជាក់ប្រភេទនៃការកេងប្រវ័ញ្ច # New Individuals prosecuted for UNSPECIFIED FORMS Of TRAFFICKING (see Definitions and Guidance section) | ||||
| សរុបចំនួន បុគ្គល ថ្មី ដែលបានផ្តន្ទាទោសពីបទល្មើសជួញដូរ TOTAL NEW # individuals prosecuted for trafficking crimes | ||||
| ចំនួន បុគ្គល ដែលកំពុងដំណើរការ ផ្តន្ទាទោសពីបទល្មើសជួញដូរផ្លូវភេទ # Ongoing Individuals prosecuted for SEX TRAFFICKING | ||||
| ចំនួន បុគ្គល ដែលកំពុងដំណើរការ ផ្តន្ទាទោសពីបទល្មើសពលកម្មដោយបង្ខំ # Ongoing Individuals prosecuted for FORCED LABOR | ||||
| ចំនួន បុគ្គល ដែលកំពុងដំណើរការ ផ្តន្ទាទោសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចដែលមិនបានបញ្ជាក់ប្រភេទនៃការកេងប្រវ័ញ្ច # Ongoing individuals prosecuted for UNSPECIFIED FORMS OF TRAFFICKING (see Definitions and Guidance section) | ||||
| សរុបចំនួន បុគ្គល ដែលកំពុងដំណើរការផ្តន្ទាទោសពីបទល្មើសជួញដូរ TOTAL ONGOING # Individuals prosecuted for trafficking crimes | ||||
| ក្នុងចំណោមចំនួនសរុបបុគ្គលដែលបានរាយការណ៍ខាងលើ តើមានប៉ុន្មាននាក់ ត្រូវបានចោទប្រកាន់ក្រោម ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស? Of the TOTAL number of individuals reported above, how many were prosecuted under the anti-trafficking law? | ||||
| ក្នុងចំណោមចំនួនសរុបបុគ្គលដែលបានរាយការណ៍ខាងលើ តើមានប៉ុន្មាននាក់ ត្រូវបានផ្តន្ទាទោសក្រោម ច្បាប់ផ្សេងក្រៅពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស? សូមបញ្ជាក់ច្បាប់នៅក្នុងជួរឈរ “បរិបទ” Of the TOTAL number of individuals reported above, how many were prosecuted under non-trafficking laws? List laws used under Context column | ||||
| # ចំនួនបុគ្គលដែលត្រូវបានផ្តន្ទាទោសដោយកំបាំងមុខ # Individuals prosecuted in absentia | ||||
| ការកាត់ទោស CONVICTIONS | បរិយាយពីទិន្នន័យនៃការកាត់ទោស Description of sentencing data |
|||
| ចំនួន បុគ្គល ដែលត្រូវបានកាត់ទោសពីបទល្មើសជួញដូរផ្លូវភេទ #Individuals convicted for SEX TRAFFICKING | ||||
| ចំនួន បុគ្គល ដែលត្រូវបានកាត់ទោសពីបទល្មើសពលកម្មដោយបង្ខំ # Individuals convicted for FORCED LABOR | ||||
| សរុបចំនួន បុគ្គល ដែលត្រូវបានកាត់ទោសពីបទល្មើសជួញដូរ Total # individuals convicted for trafficking crimes | សូមប្រាកដថាទិន្នន័យនៃការកាត់ទោសត្រូវបានផ្តល់ខាងលើ Please ensure sentencing data is provided above. |
|||
| ក្នុងចំណោមចំនួនដែលបានរាយការណ៍ខាងលើ តើមានបុគ្គលប៉ុន្មាននាក់ ត្រូវបានកាត់ទោសក្រោម ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស? Of the number reported above, how many individuals were convicted under trafficking lows? | ||||
| ក្នុងចំណោមចំនួនដែលបានរាយការណ៍ខាងលើ តើមានបុគ្គលប៉ុន្មាននាក់ ត្រូវបានកាត់ទោសក្រោម ច្បាប់ផ្សេងក្រៅពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស? សូមបញ្ជាក់ច្បាប់នៅក្នុងជួរឈរ “បរិបទ” Of the number reported above, how many Individuals were convicted under non-trafficking laws. List laws used under Context column | ||||
