website_news:2015011201

ក្នុងមួយឆ្នាំពលករខ្មែរធ្វើការនៅកូរ៉េ ផ្ញើប្រាក់មកកម្ពុជាវិញបានជិត២០០លានដុល្លារ

(http://kampucheathmey.com/kpt 01/12/2015 8:05 am)

ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ ៣០.០០០នាក់ កំពុងធ្វើការដោយស្របច្បាប់នៅសាធារណរដ្ឋកូរ៉េ ហើយជាមធ្យម ពួកគាត់ទទួលបានប្រាក់បៀវត្សរ៍ប្រមាណ ១.១០០ដុល្លារ ហើយអាចសន្សំប្រាក់ក្នុងមួយខែបាន៥០០ដុល្លារ។ បើតាម លោក ហេង សួរ ក្នុងមួយឆ្នាំ ពលករខ្មែរនៅកូរ៉េអាចផ្ញើប្រាក់មកកម្ពុជាវិញបានជាង១៨០លានដុល្លារអាមេរិក។

លោក ហេង សួរ បន្តថា គិតចាប់ពីឆ្នាំ២០០៣ មកដល់បច្ចុប្បន្ន មានពលករចំនួន ៤៦.២៦៩នាក់ បានចេញទៅធ្វើការនៅកូរ៉េ ក្នុងនោះ ២៨.៧៩៥នាក់ ធ្វើផ្នែកឧស្សាហកម្ម, ១៤.៩១៨នាក់ ធ្វើផ្នែកកសិកម្ម, ២.២៨១នាក់ ធ្វើផ្នែកសំណង់ និង ២៧៥នាក់ ធ្វើខាងនេសាទ។ សម្រាប់នៅឆ្នាំ២០១៥នេះគិតត្រឹមដំណាច់ខែវិច្ឆិកានេះមានពលករ កម្ពុជាចំនួន៦៩៩៣នាក់ហើយ ត្រូវបានសាធារណរដ្ឋកូរ៉េ (កូរ៉េ ខាងត្បូង) ទទួលយកទៅបម្រើការងារ ក្នុងនោះមានស្រី១៧៦០នាក់។

លោក ហេង សួរ បានលើកឡើងកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកានេះ ខណៈជូនដំណើរពលរដ្ឋកម្ពុជាប្រមាណ ៥១នាក់ ឡើងយន្តហោះទៅបម្រើការងារនៅក្នុង ប្រទេសកូរ៉េខាងត្បូង ដោយមានប្រជាពលរដ្ឋយ៉ាងកកកុញមកពីតាមបណ្ដាខេត្តនានា ដើម្បីជូនកូន និងបងប្អូនរបស់ពួកគេ៕

website_news/2015011201.txt · Last modified: 2017/03/20 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki