website_news:2015021001

យុវជន ព្យាយាមលើកកម្ពស់នឹងបញ្ជ្រៀបការយល់ដឹងអំពីបញ្ហាជួញដូរមនុស្សនៅតាមថ្នាក់មូលដ្ឋាន

(http://vayofm.com 01-10-2015 8:29 pm )

បច្ចុប្បន្ននេះការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងការជួញដូរមនុស្សក្រោមរូបភាពជាច្រើនដូចជា ការរៀបអាពាហ៍ ពិពាហ៍ជាមួយបុរសជនជាតិចិន ការចេញទៅធ្វើការនៅលើទូកនេសាទថៃ និងការធ្វើការងារផ្សេងៗដូចជាក្នុងវិស័យកសិកម្មឧស្សាហកម្ម និងបម្រើការងារតាមផ្ទះជាដើម។ ស្របពេលដែលប្រទេសបាននឹងកំពុងប្រឈម មុខនឹងបញ្ហា ការជួញដូរមនុស្សនេះ មានយុវជនខ្មែរមួយក្រុមបានសហការគ្នាបង្កើតជាក្រុមមួយដែលមាន ឈ្មោះ ថា AYLA បានធ្វើសិក្ខាសាលាស្ដីអំពី “យុវជន និងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជួញដូរមនុស្ស” ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ។

សិក្ខាសាលានេះ រៀបចំឡើងដើម្បីក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់អំពីបញ្ហាជួញដូរមនុស្សដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងធនធានមនុស្សដែលជាធនធានមួយដ៏សំខាន់សម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងញ៉ាំងឲ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ។ ជាមួយគ្នានេះសិក្ខាសាលានេះ ក៏មានគោលបំណងជម្រុញឲ្យនិស្សិតបង្កើននូវការយល់ដឹងអំពីការការពារសិទ្ធិរបស់ខ្លួន និងមធ្យោបាយផ្សេងៗនៅក្នុងការប្រឆាំងសកម្មភាពជួញដូរមនុស្ស ឬអាចហៅម្យ៉ាងទៀតថាទាសភាពនៅក្នុងទម្រង់ទំនើប និងដើម្បីបានយល់ច្បាស់ពីដំណើរការស្វែងរកយុត្តិធម៌ និងដំណោះស្រាយលើបញ្ហាការជួញដូរមនុស្សនេះជូនជនរងគ្រោះ។

លោកហែម ពីដែន អតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាអ្នករៀបចំសិក្ខាសាលានេះបានរៀបរាប់ពីបុព្វហេតុនៃសិក្ខាសាលានេះថា៖ ក្រោយពីបិទបញ្ចប់អង្គសិក្ខាសាលា យុវនិស្សិតនឹងទទួលបានចំណេះដឹងច្រើន និងយល់ដឹងកាន់តែច្បាស់ពីរូបភាពនៃការជួញដូរមនុស្ស។

យ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍របស់អង្គការវីនរ៉ាក់នៅកម្ពុជា ដែលបានចេញផ្សាយកាល ពីខែមេសា-មិថុនា ឆ្នា២០១៥ បានបង្ហាញថា មានក្រុមហ៊ុននេសាទយក្សសមុទ្រអន្តរជាតិមួយដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Giant Ocean គឺជាភ្នាក់ងារជ្រើសរើសឯកជនបានចុះបញ្ជីត្រឹមត្រូវទីមួយ ដែលរងការ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងការជួញដូរបុរសនៅលើទូកនេសាទក្នុងតំបន់អាស៊ាន។

ជាមួយគ្នានោះផងដែរ ត្រូវបានអង្គការ វីនរ៉ក់នៅកម្ពុជា តាមរយៈគម្រោង CTIP បានផលិតវីដេអូឯកសារមួយអំពីករណីជួញដូរមនុស្សនៅលើទូកនេសាទ និងបញ្ហាប្រឈមផ្សេងៗដើម្បីធ្វើយ៉ាងណាឲ្យពលករនេសាទដែលត្រូវបានគេកេងប្រវ័ញ្ចឲ្យរួចផុតពីការរំលោភបំពានផ្សេងៗ និងទទួលបានយុត្តិធម៌។ ជាមួយគ្នានោះផងដែរ នៅពេលទទួលដំណឹងថា មានពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានទទួលរងគ្រោះដោយប្រការណាមួយនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានសហការជាមួយស្ថានអគ្គកុងស៊ុលនៅ តាមបណ្ដាប្រទេសផ្សេងៗ បញ្ជូនមកមាតុភូមិកំណើតវិញ។

លោកយឹម វិរៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើក ឡើងក្នុងសិក្ខាសាលានាព្រឹកនេះថា ប្រទេសកម្ពុជាគឺជាប្រទេសប្រភព ប្រទេសគោលដៅ និង ប្រទេសឆ្លងកាត់ នៃការជួញដូរមនុស្ស។ បន្ថែមលើនេះលោកក៏បានបញ្ជាក់បន្ថែមថា គោលបំណងនៃការជួញមនុស្សនោះ គឺដើម្បីផលប្រយោជន៍ ២យ៉ាងគឺ ទី១ ការជួញដូរកម្លាំងពលកម្ម និងជួញដូរផ្លូវភេទ។

សូមជម្រាបថា បទល្មើសជួញដូរមនុស្សគឺជាបទល្មើសឧក្រិដ្ឋ ដែលកើតមានទូទាំងប្រទេស ហើយវាត្រូវ បានពិភពលោកស្អប់ជាទីបំផុត។ បទល្មើសជួញដូរមនុស្សកើតឡើងដោយសារកត្តាបីយ៉ាងគឺ ទី១ សកម្មភាព ទី២ មធ្យោបាយ និងទី៣ កត្តាគោលបំណង។ ជាមួយគ្នានោះផងដែរ លោកយឹម វិរៈ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការពិចារណា និងត្រូវស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្ត ចំនាកស្រុកទៅក្រៅប្រទេស៕

website_news/2015021001.txt · Last modified: 2017/03/17 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki