website_news:2015021003

អាមេរិកាំងម្នាក់ត្រូវផ្ដន្ទាទោសជាប់គុក ១០ឆ្នាំ ពីបទបៀតបៀនផ្លូវភេទកុមារកម្ពុជា

(rfa.org/khmer/news/2015-10-02)

ចៅក្រមអាមេរិកាំង កាលពីថ្ងៃទី៣០ ខែកញ្ញា បានផ្ដន្ទាទោសពលរដ្ឋអាមេរិកាំងម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទបៀតបៀនផ្លូវភេទលើកុមារាកម្ពុជា ពីរនាក់ ចំពោះបទល្មើសដែលជនល្មើសបានប្រព្រឹត្តកាលពី ៧ឆ្នាំមុន។

មន្ត្រីអង្គការសង្គមស៊ីវិលស្វាគមន៍ការផ្ដន្ទាទោសនេះ ដោយចាត់ទុកថា គឺជាសារមួយព្រមានដល់ជនបរទេសទាំងឡាយណាដែលមានបំណងចង់មកកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើស។

មន្ត្រីផ្នែកច្បាប់និងការពារនៃអង្គការ ហាហ្គា (Hagar) ប្រចាំកម្ពុជា អ្នកស្រី សាប៉ីន ផាក (Sabine Park) ចាត់ទុកថា ការផ្ដន្ទាទោសនេះ នឹងអាចកាត់បន្ថយអំពើបៀតបៀនផ្លូវភេទលើកុមារកម្ពុជា។ ការស្វាគមន៍របស់អ្នកស្រីនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសហព័ន្ធអាមេរិក នៅទីក្រុងឡូស អែនជឺឡេស (Los Angeles) កាលពីថ្ងៃទី៣០ កញ្ញា បានកាត់ទោសជនជាតិអាមេរិកាំង ម្នាក់ឈ្មោះ ជេក ឡូអ៊ីស ស្ទូរិច (Jack Louis Sporich) អាយុ ៨១ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទបៀតបៀនកេរ្តិ៍ខ្មាសកុមារាកម្ពុជា ចំនួនពីរនាក់ កាលពីឆ្នាំ២០០៨។ អាជ្ញាធរកម្ពុជា បានឃាត់ខ្លួន ស្ទូរិច កាលពីខែកុម្ភៈ ឆ្នាំ២០០៩ ហើយបានបណ្ដេញលោកពីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ ហាហ្គា ដែលជាអង្គការផ្ដល់ការឧបត្ថម្ភដល់ជនរងគ្រោះ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឲ្យដឹងថា សកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសកុមារាទាំងពីរ គឺកើតឡើងនៅក្នុងផ្ទះរបស់ជនល្មើស តាមរយៈការលួងលោមផ្ដល់របស់ក្មេងលេង ម្ហូបអាហារ និងលុយដើម្បីអាចរំលោភបំពានកុមារទាំងនោះ។

អ្នកស្រី សាប៉ីន ផាក បញ្ជាក់កាលពីថ្ងៃទី១ ខែតុលា ថា ការកាត់ទោសនេះ ជាការព្រមានមួយដល់ជនបរទេសទាំងឡាយដែលមានបំណងអាក្រក់ពេលធ្វើ ដំណើរមកកម្ពុជា ថាពួកគេមិនអាចគេចផុតពីទោសពៃរ៍បានទេ៖ «ការ កាត់ទោសនេះ បានផ្ដល់ជាសារមួយទៅដល់ជនល្មើសផ្លូវភេទទាំងឡាយដែលធ្លាប់គិតថា ពួកគេអាចនឹងរួចទោស បើពួកគេប្រព្រឹត្តបទល្មើសនៅកម្ពុជា ឥឡូវជនល្មើសទាំងនោះបានដឹងថា ការគិតនោះមិនមែនជាការពិតឡើយ។ ការពិតអាជ្ញាធរកម្ពុជា និងអាជ្ញាធរនៅតាមប្រទេសសាមីរបស់គេ នឹងផ្ដន្ទាទោសពួកគេចំពោះបទល្មើសទាំងឡាយដែលបានប្រព្រឹត្តនៅ កម្ពុជា»។

មន្ត្រីអង្គការអូស្ត្រាលី ការពារសិទ្ធិកុមាររូបនេះ បន្តទៀតថា ជនល្មើសមួយចំនួនយកលុយ និងឧបករណ៍ក្មេងលេងដើម្បីបោកបញ្ឆោតកុមារដើម្បីមានឱកាសកេងចំណេញ ផ្លូវភេទលើពួកគេ៖ «មានជនល្មើសជាច្រើននៅលើពិភពលោក បានធ្វើដំណើរមកកម្ពុជា ដើម្បីយកឱកាសរំលោភបំពានទៅលើភាពក្រីក្រ និងភាពងាយរងគ្រោះរបស់កុមារ។ ជនល្មើសទាំងនោះបានលួងលោមជនរងគ្រោះដោយផ្ដល់របស់របរតិចតួច ប៉ុន្តែជនរងគ្រោះគិតថា ជារបស់ធំដុំ។ ដូច្នោះករណីនេះ ធ្វើឲ្យជនរងគ្រោះងាយរងគ្រោះកាន់តែខ្លាំងឡើងទៀត»។

ចំណែកនាយករងអង្គការអេផល (APLE) ដែលធ្វើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអំពើរំលោភផ្លូវភេទលើកុមារ លោក ខឹម វ៉ានដូ ឲ្យដឹងថា ករណីជនល្មើសបៀតបៀនលើកុមារកម្ពុជា ច្រើនជាងគេ គឺជនជាតិអាមេរិកាំង បន្ទាប់មកគឺជនជាតិបារាំង និងអាល្លឺម៉ង់។ លោកបន្តទៀតថា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០១៥ នេះ អង្គការរបស់លោកអង្កេតឃើញថា មានករណីបៀតបៀនកេរ្តិ៍ខ្មាសកុមារ ប្រមាណ ១៦ករណី ចំនួននេះប្រហាក់ប្រហែលទៅនឹងករណីកើតឡើងកាលពីឆ្នាំ២០១៤។

លោកបន្តទៀតថា ទោះបីចំនួនជនល្មើសឆ្នាំ២០១៥ មិនកើនឡើងក៏ដោយ ប៉ុន្តែមិនមានន័យថា ករណីបៀតបៀនកុមារថយចុះនោះទេ ដោយសារតែជនល្មើសចេះប្រើប្រាស់មធ្យោបាយថ្មី ដើម្បីប្រព្រឹត្តល្មើស៖ «ការ ផ្លាស់ប្ដូរវិធានសាស្ត្រលួងលោមរបស់ជនល្មើសនោះ គាត់បានផ្លាស់ប្ដូរ។ ការលួងលោមពីមុនដូចជាគាត់ទំនាក់ទំនងជាមួយកុមារដោយផ្ទាល់ ប៉ុន្តែវិធីសាស្ត្រឥឡូវនេះគាត់តែងភ្ជាប់ខ្លួនទៅនឹងស្ថាប័នដែល ពាក់ព័ន្ធនឹងកុមារ»។

ចំពោះករណីជនល្មើស ជេក ឡូអ៊ីស ស្ទូរិច នេះ បន្ទាប់ពីទទួលទោសក្នុងពន្ធនាគារ ១០ឆ្នាំរួចហើយតុលាការសម្រេចដាក់ជនល្មើសឲ្យឋិតនៅក្រោមការតាមដាន របស់សមត្ថកិច្ចចំនួន ៥ឆ្នាំ និងត្រូវបង់ពិន័យដល់ជនរងគ្រោះជាទឹកប្រាក់ចំនួនជាង ១២០,០០០ដុល្លារថែមទៀតផង៕

website_news/2015021003.txt · Last modified: 2017/03/17 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki