website_news:2015021004

ជនភៀសខ្លួន និងអន្តោប្រវេសន៍រាប់ពាន់នាក់ បន្តហូរចូលទៅកាន់តំបន់អឺរ៉ុបកណ្តាល

(kampucheathmey.com 01/10/2015 9:31 pm)

ជនភៀសខ្លួន និងជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានបន្តហូរចូលទៅកាន់តំបន់ព្រំដែនរវាងប្រទេសហុងគ្រី និងក្រូអាស៊ី កាលពីថ្ងៃពុធម្សិលមិញ ខណៈដែលយោធាហុងគ្រី ចង់បញ្ចប់ការស្រាក់របងលួស រវាងព្រំដែនប្រទេសស្ថិតនៅអឺរ៉ុបខាងកើតទាំងពីរ។

អ្នកសារព័ត៌មានម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានមើលឃើញជនភៀសខ្លួនរត់ឆ្លងកាត់វាលចូលទៅកាន់ប្រទេសហុងគ្រី ខណៈដែលពួកគេចង់ឆ្លងកាត់ បន្ទាប់ពីមានព័ត៌មានថា ប្រទេសហុងគ្រី អាចនឹងបិទព្រំដែន ក្នុងពេលដ៏ខ្លីខាងមុខនេះ។ មនុស្សរាប់ពាន់នាក់ បានតម្រង់ជួរប្រុងឡើងលើរថភ្លើង ចេញពីស្ថានីយហ្សាកានី ជាកន្លែងដែលពួកគេត្រៀមបញ្ជូនជនភៀសខ្លួនដែលបានមកដល់ទឹកដីហុងគ្រី ទៅកាន់តំបន់ព្រំដែនអូទ្រីស។ គួរឲ្យដឹងថា ជនភៀសខ្លួនរាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែនហុងគ្រី ជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថា នឹងអាចបន្តដំណើរឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ ឬអឺរ៉ុបភាគខាងជើង។

រដ្ឋាភិបាលស្តាំនិយមមួយនេះដែរ បានបិទព្រំដែនរបស់ខ្លួន ចូលទៅកាន់សហភាពអឺរ៉ូប កាលពីថ្ងៃទី១៥ខែកញ្ញាកន្លងទៅ។ សូមបញ្ជាក់ថា វិបត្តិជនភៀសខ្លួន បានបង្កភាពវឹកវរនៅទូទាំងអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលមនុស្សរាប់សែននាក់ ភាគច្រើនគឺជាជនភៀសខ្លួនរត់គេចចេញពីភាពក្រីក្រ និងសង្គ្រាមដូចជានៅស៊ីរី បានព្យាយាមធ្វើដំណើរឆ្ពោះទៅភាគខាងលិច ដោយសង្ឃឹមថា នឹងអាចទៅដល់តំបន់សុវត្ថិភាព និងមានជីវិតល្អប្រសើរជាងនេះ៕

website_news/2015021004.txt · Last modified: 2017/03/17 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki