website_news:2015021101

នគរបាលការពារព្រំដែន៨១៧ និងមេបញ្ជាការផ្នែកសឹករងស្រុកសំពៅលូនយកលុយពីពលករឆ្លងដែនម្នាក់៣ម៉ឺនរៀល

(http://www.arey-news.com ថ្ងៃទី 02 November 2015 ម៉ោង 2:31 pm) គេហទំព័រអរិយធម៌

ខេត្តបាត់ដំបង ៖ លោក ស្រី សុខុន មេបញ្ជាការនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨១៧ត្រូវបានអ្នកភូមិរាយការណ៍មកថា លោកមេបញ្ជាការរូបនេះកំពុងឃុបឃិតជាមួយលោកមេបញ្ជាការផ្នែក ប្រតិបត្តិការសឹករងស្រុកសំពៅលូនបើកដៃឲ្យមានពលករខ្មែរឆ្លងដែន ខុសច្បាប់តាមច្រករបៀងមួយកន្លែងនៅចំណុចប៉ុស្តិ៍អូរល្វាស្ថិតក្នុង ភូមិអូរល្វាឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍បានបង្ហើបមកទៀតថាទឺតាំងដែលលួចលាក់នាំពលករ ឆ្លងដែននោះមានសមត្ថកិច្ចចំនួន២អង្គភាព ឈរជើងប្រចាំការនៅទីនោះដើម្បីចាំប្រមូលលុយពីមេខ្យល់ឬកម្លាំងពលករ គឺនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨១៧ដែលមានលោកស្រី សុខុន ជាមេបញ្ជាការដាក់កម្លាំងឈរជើងនៅទីនោះ និងមួយផ្នែកទៀតជាកម្លាំងយោធាសឹករងស្រុកសំពៅលូនបានចេញយកលុយ ពីពលករដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃក្នុងម្នាក់ៗ៣ម៉ឺនរៀល។ ពួកគេបានប្រើតួនាទីទៅរកស៊ីបទល្មើសនិងបើកភ្លើងខៀវឲ្យឈ្មួញនាំ ពលករខ្មែរធ្វើចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ចូលទៅដីថៃតាមអូរ ព្រំដែនដោយមិនគិតគួរពីសុវត្ថិភាពរបស់ពលករទាំងនោះឡើយ។

បើយោងតាមការសាកសួរព័ត៌មានពីពលករបានឲ្យដឹងថាពួកគាត់ត្រូវបាន មេខ្យល់ មិនស្គាល់ឈ្មោះ នាំចូលទៅរកការងារធ្វើនៅតាមខេត្តមួយចំនួន ក្នុងប្រទេសថៃដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ៗចំនួន២៥០០បាត ប្រាក់ថៃចំណែកការបង់ឲ្យសមត្ថកិច្ច ដែលយាមនៅព្រំដែននោះវិញ គឺលើមេខ្យល់ជាអ្នកបង់ឲ្យបើតាមការឲ្យដឹងពីពលករដែលបានឆ្លងដែន ទៅប្រទេសថៃនៅទីនោះ បានបន្តថា គឺមេខ្យល់បង់ឲ្យសមត្ថកិច្ចពីរអង្គរភាពក្នុង១អង្គភាព៣ម៉ឺនរៀល ។

ជាការពិតណាស់កន្លងមក លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលទិសភូមិភាគទី០៤និងទី០៥ បានមានអនុសាសន៍ហាមឃាត់ដាច់ខាតមិនឲ្យសមត្ថកិច្ចដែលឈរជើងនៅការពារ ព្រំដែនប្រព្រឹត្តផ្ទុយពីសារាចរណ៍ណែនាំរបស់អគ្គស្នងការនគរបាលជាតិ នោះទេ ប៉ុន្តែពេលនេះបែរជាលោកស្រី សុខុន មេបញ្ជាការវរខាងលើមិនបានស្តាប់តាមបទបញ្ជារបស់លោកនាយឯកឧត្តម ខេង សុមេធ ឡើយ ។ ជាមួយគ្នានេះឯកឧត្តមធ្លាប់បានណែនាំដល់នាយប៉ុស្តិ៍និង មេបញ្ជាការធ្វើយ៉ាងណារឹតបណ្តឹងរាល់ការលួចឆ្លងដែន ពីសំណាក់ពលករខ្មែរដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដែល គ្មានច្បាប់ឲ្យខានតែបាន។ ប៉ុន្តែផ្ទុយទៅវិញ សមត្ថកិច្ចដែលមានតួនាទីការពារព្រំដែនបែរជាឃុបឃិតគ្នាបើកដៃឲ្យ មេខ្យល់នាំពលករឆ្លងដែន ដោយខុសច្បាប់ យ៉ាងដូច្នោះទៅវិញ ។

គួរបញ្ជាក់ថា ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើនៅព្រឹកថ្ងៃទី២៧តុលាឆ្នាំ២០១៥ នេះលោក ពុំ ចាន់ ដែលទទួលបន្ទុកព្រំដែន ខេត្តបាត់ដំបង មិនអាចទំនាក់ទំនង តាមទូរស័ព្ទបានទេ។ ចំណែកលោក ស្រី សុខុន វិញ ដែលប្រចាំការ នៅស្រុកសំពៅលូន ក៏មិនអាចទាក់ទងបានដែរ ដោយទូរសព្ទ័ចូលប៉ុន្តែអ្នកលើកទូរស័ព្ទប្រាប់ថាច្រឡំលេខ។ បញ្ហានេះគេសង្ឃឹមថា លោកឧត្តមសេនីយ៍ ស ថេត ស្នងការខេត្តបាត់ដំបងនឹងមើលពីសកម្មភាពរបស់លោលស្រីសុខុន នេះជាមិនខាន ដើម្បីរក្សាសន្តិសុខសណ្តាប់តាមបន្ទាត់ព្រំដែនខ្មែរថៃក្នុងទឹកដី ខេត្តបាត់ដំបងឲ្យបានល្អប្រសើរ ជាជាងទុកឱកាសឲ្យលោកស្រីសុខុន ជិះសេះប្រលែងដៃតទៅទៀត ៕

website_news/2015021101.txt · Last modified: 2017/03/20 11:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki