website_news:2015021105

តួកគីព្រមានថាជនចំណាកស្រុកមួយលាននាក់អាចមកអឺរ៉ុបនៅរដូវរងាដោយសារសង្គ្រាមនៅស៊ីរី

( http://www.rasmeinews.com ថ្ងៃទី 31 តុលា 2015 ម៉ោង 02:27:PM )

មានការអះអាងថា មនុស្ស ជាង មួយលាននាក់អាចរត់ភៀសខ្លួនពី ប្រទេសស៊ីរីដែលរ៉ាំរ៉ៃដោយសារ សង្គ្រាម ហើយធ្វើដំណើរមកកាន់អឺរ៉ុបនៅក្នុងវិបត្ដិជនភៀសខ្លួនដែល កាន់តែ អាក្រក់ឡើង ។ តួកគីរំពឹងថា ស្ថានភាពកាន់តែ ដុនដាបនៅប្រទេសនោះនឹងធ្វើឱ្យ ប្រជាជនពីរលាននាក់ទៀតបាត់បង់ទីជម្រកនៅអំឡុងពេលរដូវរងា ។ហើយរដ្ឋាភិបាលក្រុងអង់ការ៉ា (Ankara ) បានអះអាងថា ពាក់កណ្ដាល នៃប្រជាជននោះនឹងឆ្លងដែនចូលអឺរ៉ុប ជាលទ្ធផលនៃការវាយប្រហារតាមអាកាសដោយរុស្ស៊ីនៅ ក្នុងតំបន់ ។ ប៉ុន្ដែតួកគីដែលមានជនភៀស ខ្លួនពីរលាននាក់នៅព្រំដែនរបស់ខ្លួន ត្រូវបានចោទប្រកាន់ពីការគំរាមទារប្រាក់ដោយខ្លួនបានទាមទារប្រាក់ ពីរពាន់លានដុល្លារបន្ថែមក្នុងមួយឆ្នាំ ពី សភាពអឺរ៉ុបដើម្បីទប់ទល់នឹងវិបត្ដិដែល កាន់តែអាក្រក់ឡើងនេះ ។

អធិការបតីអាល្លឺម៉ង់លោកស្រី អង់គែលឡាម៉ាគែល (Angela Merkel) បានសន្យានឹងតួកគី នៅក្នុងការពន្លឿន កិច្ចពិភាក្សាដើម្បីឱ្យប្រទេសនេះចូលជាសមាជិកសហភាព អឺរ៉ុប នៅក្នុងការដោះដូរនឹងការបិទព្រំដែន ក៏ដូចជាការបញ្ឈប់លំហូរជនចំណាកស្រុក ។ ក្រុមអ្នករិះគន់បានឱ្យឈ្មោះ រាល់ប្រាក់ជំនួយបន្ថែមជាប្រាក់សូកប៉ាន់ មួយនៅមុនការបោះឆ្នោតជាតិនៅតួកគី នៅថ្ងៃអាទិត្យទី១ខែវិច្ឆិកា ។ តួកគីបានអនុញ្ញាតឱ្យជនភៀសខ្លួនយ៉ាងហោចណាស់១០.០០០នាក់ ក្នុងមួយថ្ងៃឆ្លងព្រំដែនហើយចូលទៅសហភាពអឺរ៉ុប ។ ប៉ុន្ដែអន្ដរាគមន៍ដោយរុស្ស៊ីនៅស៊ីរីបានបង្ក ការព្រួយបារម្ភពី លំហូរប្រជាជនក្នុងទ្រង់ទ្រាយធំ ៕

website_news/2015021105.txt · Last modified: 2017/03/20 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki