website_news:2015021201

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន០២រូប

(http://kampucheathmey.com/kpt 2/12/2015 11:37 am )

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន០២ រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន (មិនចាំ ឈ្មោះ) ហើយជួបប្រទះការលំបាកក្នុងការងារ បានមកសុំឲ្យស្ថានទូតជួយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ពលការិនីខ្មែរទាំង០២ រូប មានឈ្មោះ ១- ធូ សុឃីម អាយុ ៣៥ ឆ្នាំ នៅភូមិគោកត្រុំ ឃុំដង្កោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៥ ។ ២-សែម ចន្ទ័ស្រី អាយុ ៣២ ឆ្នាំ នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៤ និងធ្វើការ នៅហាងលក់ឥវ៉ាន់។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ពីថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភថ្លៃសំបុត្រយន្តហោះនិងបង់ពិន័យ ឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បី ឲ្យពលការិនីទាំង ០២រូប ខាងលើ បានវិលត្រឡប់មកកម្ពុជាវិញ។ កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុកជូនដល់ពលការិនីទាំង០២ រូប។

លោក ជុំ សុន្ទរី បញ្ជាក់ថា ពលការិនីទាំង០២ រូប មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ០៧ និង៥០ នាទីព្រឹក តាមជើងយន្តហោះ AK៥៣៦៕

website_news/2015021201.txt · Last modified: 2017/03/20 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki