website_news:2015021202

ក្រសួងការបរទេសពង្រឹងការយកចិត្តទុកដាក់ចំពោះពលករចំណាកស្រុក

(http://www.rfa.org/khmer/news 2015-12-02 )

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលិខិតបញ្ជាក់ថា រដ្ឋាភិបាលបានយកចិត្តទុកចំពោះពលករខ្មែរក្នុងការតាមដាន និងជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសថៃ ត្រូវឃ្លាំមើល និងការពារកុំឱ្យមានការរំលោភបំពានសិទ្ធិការងារពលករពីថៅកែថៃ។ មន្ត្រីសង្គមស៊ីវិលបានសាទរចំពោះការស្វែងរកដំណោះស្រាយជូនពលករ ខ្មែរ និងត្រូវតែបង្កើនការយកចិត្តទុកដាក់ចំពោះពលករខ្មែរនៅក្រៅប្រទេស ឱ្យភាពកក់ក្ដៅ នៅពេលពួកគេជួបបញ្ហានៃការរំលោភបំពាន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញលិខិតផ្លូវការបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តែងតែជួយអន្តរាគមន៍ដោះស្រាយបញ្ហានានា នៅពេលដែលពលករជួបបញ្ហារំលោភសិទ្ធិការងារ និងការបិទសិទ្ធិសេរីភាពនៃការរស់នៅពីថៅកែនៅបរទេស។

ការចេញលិខិតជាផ្លូវការនេះ គឺក្រោយពេលលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា “អង្គប់នៅក្នុងផ្ទះបាយពិភពលោក” (Trapped in the Kitchen of the World) ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែវិច្ឆិកា ដោយអង្គការអឺរ៉ុបចំនួនពីរ គឺស្វេដវ៉ច្ឆ (Swedwatch) និង ហ្វិនវ៉ច្ឆ (Finnwatch) បង្ហាញថា ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅក្នុងឧស្សាហកម្មកែច្នៃសាច់មាន់នៅថៃ រងការធ្វើបាប និងរំលោភបំពានសិទ្ធិការងារពីថៅកែ ប៉ុន្តែមិនមានយន្តការជាក់លាក់ណាមួយដើម្បីទប់ស្កាត់ ឃ្លាំមើល និងតាមដានសកម្មភាពទាំងនោះពីសំណាក់រដ្ឋាភិបាលថៃ និងកម្ពុជាទេ។

ការស្រាវជ្រាវរកឃើញថា កម្មករនៅក្នុងរោងចក្រកែច្នៃសាច់មាន់នៅថៃ ដែលភាគច្រើនមកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបានមេខ្យល់ និងថៅកែរំលោភបំពានសិទ្ធិក្នុងការរស់នៅ និងសិទ្ធិការងារ ដោយដកយកលិខិតឆ្លងដែន និងទារថ្លៃសេវាចូលធ្វើការក្នុងតម្លៃខ្ពស់។ ទាក់ទង់នឹងការសិក្សាស្រាវជ្រាវនេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានឯកភាពថា កន្លងមកពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ តែងតែត្រូវបានថៅកែថៃ រំលោភលើសិទ្ធិការងារ បិទសិទ្ធិសេរីភាពនៃការដើរហើរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ដូចជាមិនមានយន្តការនៃឃ្លាំមើល និងយកចិត្តទុកដាក់ក្នុងការតាមដានសង្កេតជុំវិញករណីនៃការរំលោភ សិទ្ធិការងារចំពោះពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ឡើយ។

លោក មឿន តុលា៖ «ការធ្វើអធិការកិច្ចនៅតាមក្រុមហ៊ុននីមួយៗ គួរចុះត្រួតពិនិត្យមួយខែម្ដង ប៉ុន្តែអ្វីដែលយើងខ្វះខាតកន្លងមក គឺយន្តការក្នុងការតាមដាន។ បើសិនយើងមិនមានយន្តការក្នុងការតាមដានទេ យើងមិនអាចដឹងថា ប្រជាពលរដ្ឋគេគោរពសិទ្ធិប៉ុណ្ណា និងមិនគោរពសិទ្ធិប៉ុណ្ណានោះទេ។ ទី២ អ្វីដែលយើងទទួលបានដំណឹងតាមពលករខ្មែរ គឺពួកគាត់លើកឡើងថា នៅពេលមានបញ្ហាកើតឡើង ស្ថានទូតខ្មែរនៅប្រទេសថៃ ហាក់មានចំណាត់ការយឺតយ៉ាវក្នុងការដោះស្រាយ»។ លោកបន្តថា រដ្ឋាភិបាលគួរចេះប្រើរបៀបនៃរៀបចាំគោលនយោបាយឱ្យបានច្បាស់លាស់ ដោយបង្កើតផែនការប្រកបដោយទស្សនៈវិស័យវែងឆ្ងាយក្នុងការងារ បណ្ដុះបណ្ដាលកម្មករជំនាញ និងពង្រឹងសមត្ថភាពកសិករខ្មែរ ឱ្យចេះរបៀបធ្វើកសិកម្មបែបទំនើប និងបង្កើតទីផ្សារសម្រាប់ទិញស្រូវ ឬផលិតផលកសិកម្មផ្សេងៗទៀត ស្តុកទុកនៅពេលឈ្មួញកណ្ដាលទម្លាក់តម្លៃ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ចំពោះពលករខ្មែរចំណាកស្រុក ដោយដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋកម្ពុជា ពិសេសគឺពលករខ្មែរ និងស្ត្រីខ្មែរដែលរងគ្រោះដោយសារការជួញដូរនៅបរទេស៖ «ក្រសួង ការបរទេស ឧប (ឧបនាយករដ្ឋមន្ត្រី) ហោ ណាំហុង ផ្ទាល់ តែងតែទូរស័ព្ទទៅណែនាំផ្ទាល់ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ឱ្យយកចិត្តទុកដាក់ ឱ្យជួយដោះស្រាយបញ្ហានានាដែលពលករខ្មែរនៅពេលជួបបញ្ហាផ្សេងៗ»។

លិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា ស្ថានទូតកម្ពុជា នៅថៃ បានចុះអនុស្សរណៈយោគយល់គ្នា ហើយបានសម្រួលការបញ្ជូនពលករខ្មែរទៅធ្វើការនៅថៃ មានចំនួនជិន ២សែន (១៩៧.១២៥) នាក់។ ស្ថានទូត និងអង្គកុងស៊ុលនៅខេត្តស្រះកែវ បានជួយដោះស្រាយបញ្ហាជាច្រើន មានជាអាទិ៍ ការរំលោភបំពានលើពលករកម្ពុជា ផ្ដល់ការប្រឹក្សាផ្នែកច្បាប់ ការទាមទារសំណងផ្សេងៗ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជាដើម។ លិខិតដដែលបង្ហាញទៀតថា ក្រសួងការបរទេសកម្ពុជា ក៏បានជួយពលករខ្មែរនៅសាធារណរដ្ឋប្រជាមានិតចិន និងជួយដោះស្រាយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រ៊ុយណេ អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) និងប្រទេសអាហ្វ្រិកខាងត្បូង ជាដើម បានទាន់ពេលវេលា នៅពេលមានហេតុការណ៍អ្វីមួយកើតឡើង។

មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការជួយដោះស្រាយបញ្ហានានា ដែលពលរដ្ឋកម្ពុជា និងពលករខ្មែរចំណាកស្រុកជួបប្រទះ មិនមែនជារឿងអ្វីប្លែកនោះទេ ព្រោះថា កិច្ចការទាំងនេះជាតួនាទី និងជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលស្របទៅតាមកិច្ចសន្យាសង្គមនៃ ប្រទេសជាតិមួយ៕

website_news/2015021202.txt · Last modified: 2017/03/20 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki