website_news:2015031103

ថៃចាប់សង្ឃខ្មែរ៨អង្គផ្សឹករួចបញ្ជូនតាមរថយន្តទ្រុងត្រឡប់មកវិញ

(http: http://kohsantepheapdaily.com.kh ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ១៩:៣៥ ) ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃបានធ្វើការផ្សឹកសង្ឃខ្មែរ៨អង្គរួចបញ្ជូនតាមរថយន្ត ទ្រុងជាមួយពលករខុសច្បាប់មកឲ្យមន្ត្រី និងសមត្ថកិច្ចកម្ពុជា នៅទីតាំងទទួលពលករក្នុងភូមិ និងសង្កាត់ប៉ោយប៉ែតរសៀលថ្ងៃទី២ វិច្ឆិកា ២០១៥ ។ មនុស្សទាំង៨នាក់ដែលភាគីថៃផ្សឹកពីសង្ឃនេះមាន៧នាក់ជា អ្នកស្រុកដងទុង ខេត្តកំពត និងម្នាក់ជាអ្នកខេត្តកែប ពួកគេប្រាប់ថា បានចេញពីកម្ពុជាតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី២ វិច្ឆិកានេះ ហើយទើបឡើងជិះរថយន្តពីព្រំដែនបានប្រហែល២គីឡូម៉ែត្រស្រាប់តែត្រូវ ទាហានថៃចាប់បញ្ជូនឲ្យនគរបាលស្រុកអារញ្ញ ។ ពួកគេបន្តថា ក្នុងគម្រោងប្រុងទៅនិមន្តបិណ្ឌបាតនៅខេត្តសុផាន់បូរី ប្រទេសថៃ ព្រោះកន្លងមកគ្រប់គ្នាធ្លាប់ទៅទីនោះអស់រយៈពេល១ខែម្តងហើយ ។ ជនទាំង៨នាក់ប្រាប់ទៀតថា ក្រោយពីពួកខ្លួនត្រូវទាហានថៃបញ្ជូនឲ្យនគរបាលស្រុកអារញ្ញក៏ ត្រូវសមត្ថកិច្ចចាប់ផ្សឹកដោយឲ្យគ្រប់គ្នាដោះស្បង់ចីវរ ហើយផ្លាស់សំលៀកបំពាក់ខោអាវកីឡាវិញ បន្ទាប់មកបញ្ជូនត្រឡប់មកវិញតែម្តង ។ នៅទីតាំងទទួលពលករ គេឃើញមន្ត្រី និងសមត្ថកិច្ចបានធ្វើការសាកសួរជនទាំង៨នាក់ ហើយបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យា បន្ទាប់មកក៏ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ខណៈមានការរិះគន់ជាច្រើនលើកឡើងថា ជនទាំងនេះគួរតែត្រូវបានយកទៅធ្វើការអប់រំឲ្យបានត្រឹមត្រូវសិន មុននឹងឲ្យវិលត្រឡប់ទៅវិញ ព្រោះជនទាំងនេះធ្វើឲ្យប៉ះពាល់ដល់វិស័យសាសនា ។ លោក ស៊ាង សេងហុក ប្រធានការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា បើសង្ឃទាំង៨អង្គត្រូវភាគីថៃផ្សឹកទៅជាគ្រហស្ថហើយនោះ ខាងលោកមិនពាក់ព័ន្ធទៀតទេ ៕

website_news/2015031103.txt · Last modified: 2017/03/20 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki