website_news:2015041101

ស្ត្រីម្នាក់ជាប់ឃុំព្រោះតែនាំក្មេងស្រីទៅឲ្យភ្ញៀវរួមភេទ

(http://www.postkhmer.com Wed, 4 November 2015 )

សៀមរាបៈ អយ្យការអមសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃចន្ទបានចោទប្រកាន់ និងបញ្ជូនខ្លួនស្រ្តីជាមេអណ្តើកម្នាក់ទៅឃុំបណ្តោះអាសន្ននៅ ពន្ធនាគារខេត្តបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួន កាលពីថ្ងៃទី ១ វិច្ឆិកាតាមបណ្តឹងអាណាព្យាបាលក្មេងរងគ្រោះ។ នេះបើតាមមន្ដ្រីនគរបាល។ លោក ជា ហេង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបប្រាប់ឲ្យដឹង កាលពីម្សិលមិញថាស្ត្រីជាមេអណ្តើកម្នាក់ដែលបាននាំក្មេងស្រីទៅ រួមភេទជាមួយភ្ញៀវនៅតាមសណ្ឋាគារនោះមកទល់ពេលនេះត្រូវចៅក្រមសាលា ដំបូងខេត្តចោទប្រកាន់ និងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារហើយកាលពីថ្ងៃទី ២ វិច្ឆិកា។ លោកបានបញ្ជាក់ថា៖ «នៅថ្ងៃម្សិលមិញ (ថ្ងៃចន្ទ) លោកចៅក្រមស៊ើបសួរ ពេជ្រ សុខសារិន បានចោទប្រកាន់ទៅលើជននោះពីបទសញ្ចារកម្មពាក់ព័ន្ធពេស្យាចារកុមារ »។

លោក ជា ហេង រំឭកឲ្យដឹងថាស្រ្តីត្រូវចោទរូបនោះឈ្មោះ ចៀនម៉ី អាយុ ៣៥ ឆ្នាំមានលំនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រីឯក្មេងស្រីរងគ្រោះអាយុ ១៦ ឆ្នាំក៏មានលំនៅក្នុងខេត្តនេះជាមួយគ្នាផងដែរ។ លោកបានបន្តទៀតថាករណីនេះសមត្ថកិច្ចធ្វើទៅតាមពាក្យបណ្តឹង របស់អាណាព្យាបាលក្មេងរងគ្រោះដែលបានឲ្យដឹងថាជនត្រូវចោទបាន លួងលោមក្មេងស្រីរងគ្រោះហើយនាំទៅឲ្យដេកជាមួយភ្ញៀវនៅតាមសណ្ឋាគារ ដោយគិតមកទល់ពេលមុនចាប់ខ្លួនគេបានប្រព្រឹត្តចំនួនពីរលើកមក ហើយ ហើយទើបតែបែកការនៅក្នុងពេលនេះដឹងដល់អាណាព្យាបាលក្មេងស្រី។ នៅចំពោះមុខសមត្ថកិច្ចជនត្រូវចោទជាមេអណ្ដើករូបនេះបានឆ្លើយ សារភាពថាខ្លួនពិតជាបាននាំក្មេងស្រីជាជនរងគ្រោះនោះទៅដេកជាមួយ ភ្ញៀវប្រាកដមែន។

ទោះជាយ៉ាងណាក៏ដោយស្ត្រីជាប់ចោទនេះបានប្រកែកថាមិនបានបង្ខំ ក្មេងស្រីរងគ្រោះនោះទេហើយអ្វីៗគេបានស្ម័គ្រចិត្តដោយខ្លួនឯង គ្មានការបង្ខិតបង្ខំនោះឡើយហើយរាល់ការរួមភេទម្តងៗគេយកតម្លៃ ចាប់ពី ១០០ ដុល្លារទៅ ៣០០ ដុល្លារឯខ្លួនគ្រាន់តែបានកម្រៃគិតជាភាគរយទៅតាមតម្លៃដែលក្មេង រងគ្រោះ និងភ្ញៀវព្រមព្រៀងគ្នាឲ្យតែប៉ុណ្ណោះ៕

website_news/2015041101.txt · Last modified: 2017/03/20 11:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki