website_news:2015041103

ពលករខ្មែរចំណាកស្រុកធ្លាក់ពីលើអាគារកំពុងសាងសង់ជាន់ ទី៧ ស្លាប់ នៅប្រទេសថៃ

http://bayontv.com.kh November 4, 2015 )

បាត់ដំបង ៖ នារីរងគ្រោះម្នាក់ ដែលជាពលករចំណាកស្រុកទៅធ្វើការ នៅក្នុងទីក្រុងបាងកកបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលនារីរូបនេះបានឡើងទៅលើជាន់ទី៧ ដើម្បីបម្រើការងារជាកម្មករសំណង់ហើយរអិលជើងធ្លាក់មកតែម្តង។ ករណី បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចថ្នល់សាមសែន សង្កាត់នគរជ័យស៊ី ខណ្ឌតុសិត ក្រុងបាងកក ប្រទេសថៃ ។

យោងតាមព័ត៌មានដែលផ្តល់មកពីទីក្រុងបាងកក បានឲ្យដឹងថា នារីរងគ្រោះនោះមានឈ្មោះ រឹម ហេង អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ និងស្នាក់នៅទីនោះតែម្តង ដែលបានធ្វើចំណាកស្រុកជាយូរខែណាស់មកហើយ ដើម្បីទៅធ្វើការនៅប្រទេសថៃ ជាមួយនឹង សាច់ញាតិមួយចំនួនទៀត។ ប្រភពដដែលបានបន្តថា លុះនៅពេលដែលកម្មករ ទាំងអស់កំពុងតែសម្រុកកសាងនៅលើជាន់ទី៧ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលដោយសារ តែមាននារីម្នាក់ដែលជាកម្មករសំណង់នៅខាងលើនោះដែរបានរអិលជើង ធ្លាក់មកដល់ដីហើយបានស្លាប់ភ្លាមៗតែម្តង ធ្វើឲ្យសមត្ថកិច្ចរបស់ថៃ បានចុះទៅត្រួតពិនិត្យភ្លាមៗផងដែរនៅត្រង់ទីតាំងនោះ។

ក្រោយពេលកើតហេតុក្រុមសាច់ញាតិកំពុងតែរៀបចំចាត់ចែង ដើម្បីធ្វើការទំនាក់ទំនងទៅខាងជំនាញ ដើម្បីនាំយកសពវិលមកកាន់ស្រុកកំណើត ប៉ុន្តែនៅក្នុងខណៈនោះដែរប្រភពដែលនៅទីនោះមិនទាន់បានបញ្ជាក់មកថា តើនារីរងគ្រោះនោះមានស្រុកកំណើតនៅខេត្តណាទេដោយគ្រាន់តែឮល្ហៀងៗ ថា អាចជាពលករចំណាកស្រុកមកពីខេត្តស្វាយរៀង។

គួររំលឹកដែរថា កន្លងមកករណីគ្រោះថ្នាក់មកលើជនជាតិខ្មែរ ដែលជាពលករចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ គឺមានការកើនឡើងឥតឈប់ឈរ ដោយមានទាំងករណីគ្រោះថ្នាក់ចរាចរ ករណីហិង្សាដោយចេតនា និងករណីធ្លាក់ពីលើអាគារកសាងជាដើម ដោយមិនមានប្រភពណាមួយអះអាងឲ្យច្បាស់ថា រាល់ករណីខាងលើនេះ តើភាគីថៃជាអ្នកទទួលខុសត្រូវដែរឬយ៉ាងណានោះទេ ៕

website_news/2015041103.txt · Last modified: 2017/03/20 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki