website_news:2015041201

ពលករខ្មែររងគ្រោះនៅបរទេស៦៨០នាក់ ត្រូវបានសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ

(http://www.thmeythmey.com 03-12-2015, 8:39 pm)

កន្លងមកស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអាជ្ញាមានសមត្ថកិច្ចនៃម្ចាស់ផ្ទះ ដើម្បីជួយដោះស្រាយ និងបញ្ជូនពលករខ្មែរដែលរងគ្រោះពីការបញ្ចុះបញ្ចូលរបស់មេខ្យល់ និងក្រុមហ៊ុនមួយចំនួន ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលករខ្មែរចំនួន ៦៨០នាក់ហើយ ដែលត្រូវបានជួយសង្គ្រោះពីបណ្តាប្រទេសផ្សេងៗ ដោយគិតត្រឹមខែមករា ឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ។

នេះជាការអះអាងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលឆ្លើយតបទៅនឹងការលើកឡើងរបស់លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា៖«ពលករខ្មែរទាំងនោះ ភាគច្រើនចាញ់បោកការលួងលោមរបស់មេខ្យល់ និងក្រុមហ៊ុនឯកជន ហើយការចាញ់បោកមេខ្យល់ មានចំនួនច្រើនជាងការចាញ់បោកក្រុមហ៊ុន»។

របាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបញ្ចេញនៅថ្ងៃទី១ តុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ពលករខ្មែរទាំង៦៨០នាក់នោះ ត្រូវបានជួយសង្គ្រោះនៅតាមបណ្តាប្រទេសចំនួន៨ចន្លោះឆ្នាំ២០១៤ និង២០១៥ ។ ពលករខ្មែររងគ្រោះ ដែលត្រូវបានជួយសង្គ្រោះក្នុងប្រទេសទាំងនោះ គឺ ប្រទេសចិន ចំនួន១៣៦នាក់, ប្រទេសម៉ាឡេស៊ី ចំនួន៧២នាក់, ប្រទេសឥណ្ឌូនេស៊ី ចំនួន៦៤នាក់, ប្រទេសវៀតណាម ចំនួន១១នាក់, ប្រទេសប្រុយណេ ចំនួន៧នាក់, ប្រទេសអារ៉ាប់ប៊ីសាអូឌីត ចំនួន៩នាក់, ប្រទេសប៉ាពូញ៉ូហ្គីណេ ចំនួន៦នាក់ និងប្រទេសអាហ្វ្រិកខាងត្បូង ចំនួន១នាក់។

ក្នុងរបាយការណ៍នោះ ក្រសួងការបរទេស និងសហប្រតិបត្តិការ ក៏បានបង្ហាញការខិតខំរបស់ខ្លួនក្នុងការជួយសម្រូលពលករខ្មែរ ឲ្យបានទៅធ្វើការនៅប្រទេសថៃតាមរយៈអនុស្សារណៈ (MOU) ចំនួន១៩៧១២៥នាក់ ផងដែរ ក្រៅពីបង្ហាញការរជួយសង្គ្រោះពលករខ្មែរឲ្យបានត្រឡប់មកកម្ពុជាវិញ ។ ជាងនេះទៅទៀត ស្ថាប័នេះក៏បានអះអាងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជួយដោះស្រាយបញ្ហាជាច្រើន ដូចជា ដោះស្រាយការរំលោភបំពានលើពលករខ្មែរ, ផ្តល់ការគាំទ្រផ្នែកច្បាប់, ទាមទារសំណងផ្សេងៗ និងជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍។

សូមរម្លឹកថា ទាក់ទងនឹងការចំណាកស្រុករបស់ពលករនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ តែងអំពាវនាវម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីដែលងាយរងគ្រោះ គួរស្វែងរកការងារដែលមានស្រាប់ក្នុងស្រុក ជាជាងការចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ដើម្បីចៀសវាងការឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងអាចជួបគ្រោះដោយការចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន៕

website_news/2015041201.txt · Last modified: 2017/03/20 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki