website_news:2015041202

ស្ថានទូតខ្មែរនៅក្រៅប្រទេសបានអន្តរាគមន៍ឲ្យមានការដោះលែងពលកររងគ្រោះពីប្រទេសចំនួន៤

(http://vayofm.com 03-12-2015 8:25 pm )

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន ៤ រួមមានប្រទេសថៃ ឡាវ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានអន្តរាគមន៍ឲ្យមានការដោះលែងពលករ-ពលការិនីខ្មែរដែលរងគ្រោះនៅ ក្រៅប្រទេសឲ្យវិលត្រឡប់មកកម្ពុជាវិញ។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានអន្តរាគមន៍ជួយឲ្យមានការដោះលែងពលករខ្មែររងគ្រោះ ចំនួន ០៣ រូប ដែលត្រូវបានគេជួញដូរទៅធ្វើការខុសច្បាប់នៅប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ឃាត់ខ្លួនរក្សាទុកនៅកន្លែងឃុំឃាំងអន្តោប្រវេសន៍នៃកោះ Riau ប្រទេសឥណ្ឌូនេស៊ី។

ពលករខ្មែរទាំង ០៣ រូប មានឈ្មោះ៖

១. ខុន ភារៈ អាយុ២៧ឆ្នាំ រស់នៅភូមិសាមគ្គី១ ឃុំទឹកថ្លា ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ឃាត់ខ្លួនកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ នៅកោះ Tarempa។

២. ជ្រាង ប៊ុនរី អាយុ ២៦ ឆ្នាំ រស់នៅភូមិច្រកម្រះ ឃុំអង្គព្រះស្រះ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាតិខ្លួននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ នៅកោះTarempa។

៣. រិទ្ធ ឌឿ អាយុ ៣៤ ឆ្នាំ មានស្រុកកំណើតនៅភូមិ ស្ទឹងតូច ឃុំរលាភ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរឥណ្ធូនេស៊ីឃាត់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៥ នៅកោះ Natuna។

ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នដល់ពលករខ្មែរទាំង ០៣ រូប ហើយបច្ចុបន្នស្ថានទូតកំពុងសំរបសំរួលរៀបចំមាតុភូមិនិវត្តន៍របស់ពលក រទាំង ០៣ រូបនេះ។

ដោយឡែកស្ថាតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានអន្តរាគមន៍អោយអាជ្ញាធរមានសមត្ថកិច្ចឡាវ ដោះលែងពលករខ្មែរចំនួន ១៤ នាក់ ដែលត្រូវបានប៉ូលីសក្រុងវៀងច័ន្ទ ឃាត់ខ្លួនដោយពុំមាន លិខិតស្នាមក្នុងការធ្វើដំណើរនៅប្រទេសឡាវ។ ភាគីឡាវកំពុងដំណើរការសំណុំរឿងនោះ តាមនីតិវិធីច្បាប់ដើម្បីពិនិត្យ និងសំរួលឲ្យពលករខ្មែរទាំង ១៤ នាក់ បានធ្វើដំណើរមាតុភូមិនិវត្តន៍នៅពេលឆាប់ៗនេះ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងទៀតថា ស្ថានទូតអគ្គកុងស៊ុលកម្ពុជាបានអន្តរាគមន៍ជាមួយអាជ្ញាធរថៃ អោយដោះលែងពលករខ្មែរ៧០នាក់ ដែលត្រូវឃាត់ខ្លួនពីបទមកធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ ក្នុងនោះមានពលករចំនួន២៧ នាក់ ជាពលករទៅធ្វើការតាមរយៈសមាគមកសិកម្មព្រំដែនបូរ៉ាផា ត្រូវបានអាជ្ញាធរដោះលែងអោយទៅធ្វើការធម្មតាហើយ តាមការធានាពីប្រធានសមាគមខាងលើ តាមការរៀចំរបស់ស្ថានអគ្គកុងស៊ុល។ ចំណែកពលករចំនួន ៤៣នាក់ទៀត ដោយពុំមានថៅកែមកធានា ស្ថានទូតកម្ពុជាបានសហការជាមួយអាជ្ញាធរថៃ ដើម្បីជួយសម្រួលដល់ពួកគេអោយ បានវិលត្រឡប់កម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិបោយប៉ែត កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ជាមួយគ្នានោះផងដែរស្ថាតទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ០១ រូប ឈ្មោះ វ៉ាន់ ផល្លី អាយុ ១៩ឆ្នាំ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យក្រុងភ្នំពេញបានទៅបម្រើការនៅក្នុងភោជនីយដ្ឋាននៅប្រទេស ម៉ាឡេស៊ី កាលបីថ្ងៃទី០៩ ខែមេសា តាមរយៈក្រុមហ៊ុន Master Cam ហើយជួបការលំបាកក្នុងការងារពេកក៏បានមកសុំឲ្យស្ថានទូត ជួយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

សូមជម្រាបថា ក្នុងឱកាសចូលរួកិចប្រជុំកំពូលអាស៊ានលើកទី ២៧ នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២០-២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បីឲ្យពលការិនី វ៉ាន់ ផល្លី បានវិលត្រឡប់មកកម្ពុជាវិញ។

កំឡុងពេលរង់ចាំការវិលត្រឡប់ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងបានផ្ដល់កន្លែងស្នាក់នៅ និងហូបចុកដល់ពលការិនីរូបនេះ ហើយពលការិនី វ៉ាន់ ផល្លី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិនៅភ្នំពេញនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៦:០០ នាទីរសៀល តាមជើងហោះហើរ AK៥៣៤៕

website_news/2015041202.txt · Last modified: 2017/03/20 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki