website_news:2015051003

ភាពតានតឹងរវាងជនទេសន្តរប្រវេសន៍កើនឡើងដោយសារគោលនយោបាយរបស់អឺរ៉ុប

( voanews.com/ ថ្ងៃទី 03 តុលា 2015 )

មានការអះអាង ថា ជនទេសន្តរប្រវេសន៍មួយចំនួនកំពុងកាន់លិខិតឆ្លងដែនស៊ីរី ក្លែងក្លាយ។ សហភាពអឺរ៉ុបកំពុងប្រឈមវិបត្តិក្នុងការបែងចែកជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោន និងជនស្វែងរកប្រយោជន៍សេដ្ឋកិច្ច។

ក្រុង TOVARNIK (ប្រទេសក្រូអាស៊ី) អឺរ៉ុបកំពុងប្រឈមមុខនឹងការពិនិត្យការដាក់ពាក្យរបស់ជនភៀសខ្លួនរាប់ពាន់នាក់ និងការកំណត់អ្នកដែលត្រូវការសិទិ្ធជម្រកពិតប្រាកដ។ មានការអះអាងថា មានជនទេសន្តរប្រវេសន៍មួយចំនួនកំពុងកាន់លិខិតឆ្លងដែនស៊ីរី ក្លែងក្លាយ។ ការណ៍នេះបានបង្កើតឲ្យមានភាពតានតឹងជាមួយនឹងជនជាតិស៊ីរី។

ជនទេសន្តរប្រវេសន៍រាប់ពាន់នាក់បានដើរលើផ្លូវហុយទ្រលោមកាត់ តាមវាលចំការពោត និងឆ្លងកាត់ព្រំដែនរបស់ប្រទេសស៊ែប៊ី (Serbia) ជាមួយនឹងប្រទេសក្រូអាស៊ី (Croatia) កាលពីពេលថ្មីៗនេះ ដើម្បីព្យាយាមឲ្យបានទៅដល់អឺរ៉ុបខាងលិច។ VOA បាននិយាយជាមួយបុរសស៊ីរីចំនួន៣នាក់មានវ័យក្នុងខ្ទង់២០ឆ្នាំ ដែលបានធ្វើដំណើរផ្សងព្រេងនេះ។

ពួកគេបានស្នើសុំមិនបញ្ចេញឈ្មោះ ហើយមានអារម្មណ៍ឆាប់មួរម៉ៅចំពោះជនទេសន្តរប្រវេសន៍ផ្សេងទៀត។ បុរសម្នាក់និយាយថា៖ «មនុស្សនៅទីនេះច្រើនណាស់មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនស៊ីរី ប៉ុន្តែពួកគេមិនមែនជាជនជាតិស៊ីរីនោះទេ។ ពួកគេមកពីប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីបង់ និងប្រទេសជាច្រើនទៀត។ តាមពិតទៅ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ដោយសារតែនេះជាបញ្ហារបស់ពួកយើង វាជារឿងរបស់ពួកយើង»។ ប៉ុន្តែជនទេសន្តរប្រវេសន៍អ៊ីរ៉ាក់ម្នាក់ឈ្មោះ Sadek បានប្រាប់ VOA ថា លោក និងគ្រួសាររបស់លោកគួរតែត្រូវបានគេផ្តល់សិទ្ធិជ្រកកោន ពីព្រោះថាពួកគេកំពុងរត់គេចពីក្រុមភេវរកម្មរដ្ឋឥស្លាម ដែលត្រូវបានស្គាល់ថា Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Sadek និយាយថា៖ «ជនជាតិអឺរ៉ុបទាំងអស់ត្រូវតែដឹងព័ត៌មាននេះ។ ក្រុមភេវរកម្ម Daesh មិនមែនមានតែនៅក្នុងប្រទេសស៊ីរីនោះទេ ដោយសារតែក្រុមនេះកើតចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយពួកគេស្អប់មនុស្សគ្រប់គ្នា»។

លោក Mohamad អ្នកស្វែងរកសិទ្ធិជ្រកកោនម្នាក់មកពីអាហ្វហ្គានីស្ថានបញ្ចេញកំហឹង ដោយផ្តោតលើប្រទេសស៊ីរី។ លោកនិយាយថា៖ «ជនភៀសខ្លួនស៊ីរីមានភាពងាយស្រួលនៅគ្រប់ដំណើរការទាំងអស់ ប៉ុន្តែសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថានវិញ មិនមានភាពងាយស្រួលទេ។ អ្វីៗគ្រប់យ៉ាងគឺសម្រាប់តែជនជាតិស៊ីរី មិនមានសម្រាប់ជនជាតិអាហ្វហ្គានីស្ថាននោះទេ»។

តើអ្នកណាជាជនភៀសខ្លួនពិតប្រាកដ ដែលកំពុងរត់គេចចេញពីកន្លែងមានជម្លោះ ឬមានការធ្វើទុក្ខបុកម្នេញ និងតើអ្នកណាជាជនទេសន្តរប្រវេសន៍ដោយសារបញ្ហាសេដ្ឋកិច្ច ជាពិសេសដើម្បីគេចចេញពីភាពក្រីក្រ ឬដើម្បីស្វែងរកជីវិតដែលល្អប្រសើរជាងមុន?

ប្រទេសហុងគ្រី ដែលបានកសាងរបាំងនៅព្រំដែនខាងត្បូងរបស់ខ្លួនដើម្បីរារាំងជន ទេសន្តរប្រវេសន៍ទាំងនោះ ចង់ឲ្យអឺរ៉ុបអនុវត្តការបែងចែកប្រភេទនៃជនទេសន្តរប្រវេសន៍ទាំង នេះ។ លោក Zoltan Kovacs ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា៖ «កងកម្លាំងរួមគ្នារបស់អឺរ៉ុបដែលអាចបញ្ឈប់ទេសន្តរប្រវេសន៍ខុស ច្បាប់ ហើយបង្កើតទម្រង់ឬពិធីការមួយ ដែលយើងអាចបែងចែកជនភៀសខ្លួនពិតប្រាកដដែលត្រូវការទីជម្រក ពីអ្នកដែលជាជនទេសន្តរប្រវេសន៍ផ្នែកសេដ្ឋកិច្ច»។

មេដឹកនាំក្នុងទ្វីបអឺរ៉ុបមានគម្រោងរៀបចំកិច្ចប្រជុំបន្ទាន់លើ វិបត្តិនេះកាលថ្ងៃពុធ ហើយមនុស្សជាច្រើននិយាយថា ផ្នែកមួយនៃដំណោះស្រាយនោះគឺការកំណត់ជនភៀសខ្លួនពិតប្រាកដ។ ប៉ុន្តែអ្នកជំនាញផ្នែកទេសន្តរប្រវេសន៍និយាយថា ការបែងចែកជនទាំងនេះឲ្យបានជាក់លាក់គឺមានភាពពិបាកណាស់៕

website_news/2015051003.txt · Last modified: 2017/03/17 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki