website_news:2015051004

តួកគីនិងអឺរ៉ុបព្រមព្រៀងគ្នាជាគោលការណ៍លើបញ្ហាអន្តោប្រវេសន៍

( http://km.rfi/ 04/10/2015 )

សហភាព អឺរ៉ុប និងតួកគី បានព្រមព្រៀងគ្នាជាគោលការណ៍លើផែនការបញ្ចេញសកម្មភាពប្រយុទ្ធប្រឆាំង នឹងលំហូរអន្តោប្រវេសន៍រត់មកអឺរ៉ុប។ នេះបើតាមការពាំពាក្យរបស់កាសែតអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃអាទិត្យទី ៤តុលា។ ចរន្តអន្តោប្រវេសន៍ដែលអាចនឹងមានសម្រុកចេញបន្ថែមជាថ្មី ទៀត បើយោងទៅស្ថានភាពសង្គ្រាមនៅស៊ីរីពេលនេះ។

កិច្ចព្រមព្រៀង រវាងគណៈកម្មការអឺរ៉ុប និងតំណាងរដ្ឋាភិបាលតួកគី ដែលបានលេចជារូបរាងកាលពីសប្តាហ៍មុន នឹងត្រូវចុះហត្ថលេខាអនុម័តនៅចន្ទទី ៥តុលា នាឱកាសជំនួបពិភាក្សារវាងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅទីក្រុងព្រុចសែលជាមួយតំណាងភាគីអឺរ៉ុប។ បើតាមផែនការ តួកគីនឹងត្រូវព្រមបញ្ចេញនិងបង្កើនសកម្មភាពរក្សាសន្តិសុខតាម ព្រំដែនជាមួយសហភាពអឺរ៉ុប ដោយចូលរួមធ្វើល្បាតរួមគ្នាជាមួយនឹងឆ្មាំសមុទ្ទក្រិក ក្នុងសមុទ្ទអេហ្សេ ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអឺរ៉ុបក្នុងការ ត្រួតពិនិត្យព្រំប្រទល់ Frontex។ រាល់ជនភៀសខ្លួនដែលសាកល្បងឆ្លងមកអឺរ៉ុប នឹងត្រូវឃាត់ខ្លួន រួចបញ្ជូនទៅកាន់ជំរំនៅប្រទេសតួកគី។ ជំរំ៦ថ្មីទៀតនឹងត្រូវបង្កើតឡើង មានចំណុះអាចទទួលជនភៀសខ្លួនបានប្រមាណពីរលាននាក់ ឧបត្ថម្ភស្ថាបនា និងសហការផ្តល់ហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប។ នេះបើតាមការលម្អិតរបស់កាសែតអាល្លឺម៉ង់ដដែល។

ចំណែកខាងអឺរ៉ុបវិញ សហភាពអឺរ៉ុបត្រូវព្រមព្រៀងទទួលយកជនភៀសខ្លួន អាចដល់ទៅ៥០ម៉ឺននាក់ ដើម្បីឱ្យពួកគេបានទៅដល់អឺរ៉ុបដោយសុវត្ថិភាព និងមិនឆ្លងកាត់បណ្តាញមេខ្យល់ជួញដូរមនុស្ស។ ប្រសិនបើ កិច្ចព្រមព្រៀងនេះ ត្រូវអនុម័ត នៅថ្ងៃចន្ទមែន ផែនការនេះនឹងត្រូវបញ្ជូនទៅឱ្យថ្នាក់ដឹកនាំអឺរ៉ុបសម្រេច ក្នុងជំនួបកំពូល នៅពាក់កណ្តាលខែតុលា។ អឺរ៉ុបបានអំពាវនាវជាញយៗឱ្យតួកគីប្រឹងប្រែងបន្ថែមទៀតក្នុងការ ទប់ស្កាត់លំហូរអន្តោប្រវេសន៍ និងយល់ថាតួកគីគួរតែត្រូវប្រឹងកម្ចាត់បណ្តាញជួញដូរមនុស្សក្នុង ទឹកដីខ្លួនទៀត ទើបមានប្រសិទ្ធិភាព។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគីនៅអឺរ៉ុប ចាប់ពីថ្ងៃចន្ទនេះ មានគម្រោងយូរមកហើយ ប៉ុន្តែធ្លាក់មកជួនចំពេលអឺរ៉ុបបាននិងកំពុងជួបវិបត្តិ អន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ។ ដូច្នេះចង់ឬមិនចង់ អឺរ៉ុបត្រូវតែសហការ និងលួងលោម ប្រមុខមេដឹកនាំតួកគី ព្រមលូកដៃចូលដោះស្រាយវិបត្តិជនភៀសខ្លួនជាមួយគ្នា៕

website_news/2015051004.txt · Last modified: 2017/03/17 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki