website_news:2015051006

ប្រទេសមូស្លីមអ្នកមានត្រូវបានជំរុញឲ្យទទួលយកជនភៀសខ្លួនបន្ថែម

( voanews.com/ ថ្ងៃទី 0២ តុលា 2015 )

ប្រទេសសម្បូរប្រេង និងចិនគួរតែចូលរួមឲ្យបានច្រើនជាងនេះក្នុងការដោះស្រាយវិបត្តិ ជនភៀសខ្លួនស៊ីរី ប៉ុន្តែភាពខុសគ្នាផ្នែកនយោបាយ ផ្នែកជាតិពន្ធ និងផ្នែកនិកាយសាសនាជះឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេ។

អ្នកវិភាគបានប្រាប់ VOA ដែលជាវិទ្យុផ្សាយព័ត៌មានឈានមុខគេរបស់អាមេរិកនៅក្នុងប្រទេស អាហ្វហ្គានីស្ថានថា ប្រទេសកាន់សាសនាឥស្លាម ជាពិសេសប្រទេសសម្បូរប្រេង និងប្រទេសចិនគួរតែចូលរួមឲ្យបានច្រើនជាងនេះក្នុងការដោះស្រាយ វិបត្តិជនភៀសខ្លួនស៊ីរីដែលកំពុងកើតឡើងជាបន្តបន្ទាប់។

លោក Alam Payind នាយកមជ្ឈមណ្ឌលសិក្សាអំពីមជ្ឈឹមបូព៌ាប្រទេសនៅសាកលវិទ្យាល័យ Ohio និយាយថា ភាពខុសគ្នាផ្នែកនយោបាយ ផ្នែកជាតិពន្ធ និងផ្នែកនិកាយសាសនា ដើរតួយ៉ាងសំខាន់ក្នុងការជះឥទ្ធិពលលើការគិតរបស់ថ្នាក់ដឹកនាំនៅ ក្នុងប្រទេសកាន់សាសនាឥស្លាមជាច្រើន នៅពេលនិយាយពីការទទួលជនភៀសខ្លួន ហើយថ្នាក់ដឹកនាំក្នុងប្រទេសសម្បូរប្រេងទាំងនោះព្យាយាមមិនទទួលយក ជនភៀសខ្លួនទាំងឡាយណាដែលមានភាពខុសប្លែកពីអ្វីដែលប្រទេសពួកគេ មាន។

ជនភៀសខ្លួនស៊ីរីបានចាកចេញពីប្រទេសរបស់ពួកគេក្នុងចំនួនយ៉ាង ច្រើន ដោយភាគច្រើនបានជ្រើសរើសយកវិធីដ៏គ្រោះថ្នាក់ ហើយបានបង្ខំចិត្តធ្វើដំណើរតាមផ្លូវទឹក និងផ្លូវសមុទ្រដ៏គ្រោះថ្នាក់ទៅអឺរ៉ុប។ ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបក៏បានជួបនូវវិបត្តិនេះផងដែរ ខណៈដែលរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាការហូរចូលនៃចំនួនមនុស្សដ៏ ច្រើននេះ ដោយប្រទេសខ្លះបានបិទព្រំដែនរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេសហុងគ្រីបានដាក់រនាំងលួសបន្លានៅព្រំដែនរបស់ខ្លួន។

លោក Payrind ក៏បាននិយាយដែរថា ប្រទេសចិនគួរតែដើរតួឲ្យមានន័យជាងនេះចំពោះវិបត្តិជនភៀសខ្លួន ដែលកើតឡើងជាបន្តបន្ទាប់នេះ។ លោកបាននិយាយថា៖ «ដោយសារតែប្រជាជនចិនមានចំនួនច្រើនលើសលប់ទៅហើយ ចិនពិតជាមានការស្ទាក់ស្ទើរក្នុងការទទួលមនុស្សថែមទៀត។ ប៉ុន្តែចិន និងរុស្ស៊ីអាចប្រើឥទ្ធិពលនយោបាយដើម្បីដោះស្រាយវិបត្តិនៅស៊ីរីបាន ហើយការធ្វើបែបនេះអាចនឹងជួយទប់ស្កាត់ប្រជាជនទាំងនោះមិនឲ្យ ចាកចេញពីប្រទេសរបស់ពួកគេ»។

អ្នកវិភាគមួយចំនួនកំពុងរិះគន់ប្រទេសមូស្លីមអ្នកមាន ដូចជាអារ៉ាប៊ីសាអូឌីត (Saudi Arabia) កូវ៉ែត (Kuwait) កាតា (Qatar) និងបារ៉ែន (Bahrain) ចំពោះការមិនទទួលយកជនភៀសខ្លួនស៊ីរី។ លោក Yahaya Lawal នាយកផ្នែកកិច្ចការនយោបាយនៅអង្គការ Islamic Conference ទទួលស្គាល់ថា បណ្តាប្រទេសអារ៉ាប់អ្នកមានអាចចូលរួមបានច្រើនជាងនេះដើម្បីជួយ ដល់ជនភៀសខ្លួនទាំងនោះ ប៉ុន្តែលោកបានបន្ថែមថា អង្គការសហប្រជាជាតិគួរតែដើរតួក្នុងលក្ខណៈស្ថាបនាជាងនេះ ក្នុងនាមជាអង្គការអន្តរជាតិ។ លោកនិយាយថា៖ «អង្គការសហប្រជាជាតិត្រូវតែបង្កើតបរិយាកាសមួយដែលមនុស្សអាចរស់នៅ ក្នុងប្រទេសរបស់គេបាន ហើយការចាកចេញរបស់មនុស្សក្នុងចំនួនច្រើនបែបនេះអាចនឹងត្រូវ បញ្ឈប់»។

តួនាទីរបស់សហរដ្ឋអាមេរិកៈ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានប្រកាសកាលពីថ្ងៃអាទិត្យអំពីការកើនឡើងនៃចំនួនជនភៀសខ្លួន រហូតដល់១០០.០០០នាក់ ដែលអាមេរិកនឹងទទួលយកនៅត្រឹមឆ្នាំ២០១៧។ លោកមិនបាននិយាយពីចំនួនជនភៀសខ្លួនមកពីស៊ីរីនោះទេ។ ប៉ុន្តែ លោក John Dalhuisen នាយកអង្គការលើកលែងទោសអន្តរជាតិ Amnesty International ប្រចាំតំបន់អឺរ៉ុបបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធប្រទេសអ្នកមានរបស់ខ្លួនឲ្យទទួលយកជនភៀសខ្លួនឲ្យបាន ច្រើនជាងនេះ។ លោកនិយាយថា៖ «ប្រាកដណាស់ វិបត្តិជនភៀសខ្លួនត្រូវការដំណោះស្រាយជាសាកល និងត្រូវការសាមគ្គីភាពនៅក្នុងតំបន់។ ប្រទេសនៅតំបន់ឈូងសមុទ្រ ប្រទេសអូស្រ្តាលី កាណាដា និងប្រទេសនៅទ្វីបអាមេរិកខាងត្បូង គួរចូលតុចរចា ហើយចាប់ផ្តើមពិភាក្សាលើដំណោះស្រាយដែលល្អជាងនេះ»។

ប៉ុន្តែលោក Payind និយាយថា គេមិនគួររំពឹងថាសហរដ្ឋអាមេរិកនឹងទទួលយកជនភៀសខ្លួនច្រើននោះ ទេ។ លោកនិយាយថា៖ «អាមេរិកត្រូវបានគេរិះគន់ថា មិនបានទទួលយកជនភៀសខ្លួនឲ្យបានច្រើនសមស្រមតាមអំណាចសេដ្ឋកិច្ច របស់ខ្លួន ក៏ប៉ុន្តែការគិតដូច្នេះ មិនយុត្តិធម៌នោះទេ។ អាមេរិកបានទទួលយកជនទេសន្តរប្រវេសន៍ជាច្រើនជុំវិញពិភពលោករួចទៅ ហើយ រួមមានមកពីតំបន់មានជម្លោះ ដូចជាប្រទេសសូម៉ាលី អាហ្វហ្គានីស្ថាន និងលីប៊ីជាដើម»។ សហរដ្ឋអាមេរិកបានទទួលជនភៀសខ្លួនចំនួន៧០.០០០នាក់កាលពីឆ្នាំ មុន ដោយបានចំណាយប្រាក់អស់១.១០០លានដុល្លារសម្រាប់រដ្ឋាភិបាលសហព័ន្ធ ដែលបានចំណាយទៅលើថ្លៃពិនិត្យពិច័យផ្សេងៗ និងការផ្តល់សេវាតាំងទីលំនៅរយៈពេលរហូតដល់ទៅ៥ឆ្នាំ៕

website_news/2015051006.txt · Last modified: 2017/03/17 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki