website_news:2015061001

រដ្ឋាភិបាលតម្រូវឲ្យមណ្ឌលថែទាំកុមារត្រូវសុំច្បាប់ និងបំពេញតាមស្តង់ដារ

( postkhmer.com Tue, 6 October 2015 )

ភ្នំពេញៈ រដ្ឋាភិបាលតម្រូវឲ្យមណ្ឌលថែទាំកុមារត្រូវតែសុំច្បាប់អនុញ្ញាតពី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាមួយនឹងការព្រមានចាត់វិធានការតាមច្បាប់ក្នុង ករណីលួចលាក់ខណៈដែលគេរកឃើញថាមានមណ្ឌលរាប់រយត្រូវបានបង្កើតឡើង គ្រាន់តែជាមុខរបរដើម្បីរកលុយពីម្ចាស់ជំនួយ។

បញ្ញតិ្តមួយដែលចែងនៅក្នុងអនុក្រឹត្យដែលចេញកាលពីខែកញ្ញាបាន កំណត់ឲ្យមណ្ឌលគ្មានច្បាប់ត្រូវចុះឈ្មោះក្នុងរយៈពេល ៦ ខែ។ អនុក្រឹត្យ «ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១១ ខែកញ្ញាមាន ៩ ជំពូក និង ២០ មាត្រាគឺចែងពីសមត្ថកិច្ចគ្រប់គ្រងការអនុញ្ញាតឲ្យដំណើរការមណ្ឌល កាតព្វកិច្ចមណ្ឌលប្រភេទកុមារដែលមានសិទ្ធិស្នាក់នៅមណ្ឌល ឬបញ្ឈប់ការស្នាក់នៅការដោះស្រាយវិវាទ និងទណ្ឌកម្មជាដើម។

អនុក្រឹត្យនេះបង្ហាញថាកុមារដែលអនុញ្ញាតឲ្យរស់នៅក្នុងមណ្ឌល ថែទាំកុមារបានជាកុមារដែលគ្មានឪពុកម្តាយ ឬអាណាព្យាបាលដែលអាចរស់នៅជាមួយបាន ជាកុមារបែកពីគ្រួសារដោយសារការបោះបង់ កុមារមានឪពុកម្តាយជាប់ពន្ធនាគារ ការជួញដូរ ឬចំណាកស្រុកកុមារបែកពីគ្រួសារដោយស្ថានភាពគំរាមកំហែងរងអំពើ ហិង្សា រងការរំលោភផ្លូវកាយ ឬផ្លូវភេទ ការកេងប្រវ័ញ្ចគ្រប់រូបភាព។

អនុក្រឹត្យនេះក៏តម្រូវឲ្យមណ្ឌលថែទាំកុមារមានសិទ្ធិបញ្ឈប់ កុមារឲ្យរស់នៅក្នុងមណ្ឌលដោយការ «ធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ» ក្នុងករណីមានម្តាយ ឪពុកចិញ្ចឹម ពួកគេមានលទ្ធភាពរកការងារបានធ្វើជាដើម។ កន្លងមកមានករណីរំលោភបំពានតាមមណ្ឌលកុមារដែលអនុក្រឹត្យបាន តម្រូវឲ្យក្រសួងសង្គមកិច្ច «ធ្វើអធិការកិច្ចជាបន្ទាន់ក្នុងរយៈពេលមិនលើសពី ៤៨ ម៉ោង» ដើម្បីដោះស្រាយបាតុភាពទាំងនោះ។ «មណ្ឌលថែទាំកុមារដែលគ្មានការអនុញ្ញាតពីក្រសួងសង្គមកិច្ចត្រូវ ចាត់ទុកជាមណ្ឌលលួចលាក់ និងត្រូវទទួលទោសតាមច្បាប់ជាធរមាន» ហើយក្នុងករណីមិនគោរពតាមបញ្ញត្តិចែងក្នុងអនុក្រឹត្យនឹងត្រូវ «ព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពបណ្តោះអាសន្ន ដកហូតលិខិតអនុញ្ញាតជាស្ថាពរ»។

លោក អ៊ុំ សុផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចបានថ្លែងថាមក ទល់ពេលនេះក្រសួងរកឃើញកុមារជាង ១ ម៉ឺននាក់រស់នៅតាមមណ្ឌលកុមារចំនួន ២២៨ មណ្ឌលដែលក្នុងនោះមានជាង ២០ ជាមណ្ឌលដំណើរការដោយរដ្ឋាភិបាលប៉ុន្តែចំនួននេះនៅតិចជាងចំនួន មណ្ឌលជាក់ស្តែងដែលរដ្ឋាភិបាលមិនទាន់អាចចុះធ្វើស្ថិតិបានអស់។ រដ្ឋាភិបាលក៏បានរកឃើញថាមានមណ្ឌលប្រមាណ ៦០ នៅមិនទាន់បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងនៅឡើយ។ លោកថា ពេលនេះក្រសួងកំពុងរៀបចំប្រកាសមួយស្តីពីលក្ខខណ្ឌនៃការស្នើសុំ បើកមណ្ឌលដើម្បីឲ្យអង្គការបង្ហាញពីប្រភពធនធានពីម្ចាស់ជំនួយ បញ្ជាក់កិរិយាមាយាទអ្នកថែក្មេងគឺមិនមែនបើកអង្គការហើយទើបរក ជំនួយតាមក្រោយនោះទេ។ លោកថា៖ «ដើម្បីចិញ្ចឹមក្មេងបានលុះត្រាតែមានលុយសិនមិនមែនមានក្មេងហើយ ទើបរកលុយនោះទេ។ ក្មេងម្នាក់ចាយយ៉ាងតិច ៥០០០ រៀលមួយថ្ងៃចុះនៅសម្លៀកបំពាក់ កន្លែងស្នាក់នៅសមរម្យត្រូវចាយលើសពីហ្នឹង។

បើអ្នកឯងអត់មានលុយមិនអាចបើកមណ្ឌលបានទេ»។ កន្លងមកមានមណ្ឌលខ្លះត្រូវបានរដ្ឋាភិបាលរកឃើញមានការសង្ស័យ រំលោភបំពានផ្លូវភេទលើរាងកាយមានមណ្ឌលខ្លះប្រើហិង្សាលើកុមារ ដើម្បីបង្ខំឲ្យធ្វើកិច្ចការផ្ទះហើយរដ្ឋាភិបាលក៏បានបិទមណ្ឌលទាំង នេះភ្លាមៗហើយបញ្ជូនសំណុំរឿងឲ្យតុលាការចាត់ការ។

កញ្ញា វុទ្ធី សុកញ្ញា បុគ្គលិកផ្នែកទំនាក់ទំនងនៃអង្គការហ្វ្រែនអន្តរជាតិ (Friends International) ដែលមានមណ្ឌលថែទាំកុមារស្របច្បាប់ថ្លែងថាបើយោងតាមរបាយការណ៍ពី អង្គការ UNICEF បានរកឃើញដល់ទៅជាង ៦០០ មណ្ឌលកុមារប៉ុន្តែមានតែជាង ២០ មណ្ឌលប៉ុណ្ណោះដែលមានប្រព័ន្ធគាំពារកុមារស្របតាមបទដ្ឋាន។ កញ្ញាថ្លែងថា៖ «ប្រទេសយើងអត់មានសង្គ្រាមទេអត់មានចលាចលអីទេម៉េចក៏មានកុមារ កំព្រាកើនឡើង ឬមណ្ឌលច្រើនទើបយើងរកឃើញថាការបើកមណ្ឌលកុមារកំព្រាជាជំនួញទៅវិញ គឺជាការរកលុយនៅកម្ពុជាយើងរកឃើញគាត់អត់មានស្តង់ដារថែទាំកុមារ ត្រឹមត្រូវគឺគាត់បើកមណ្ឌលដើម្បីរកលុយពីម្ចាស់ជំនួយ»។

កញ្ញាថ្លែងថា ក្មេងតាមមណ្ឌលជាច្រើនគឺ ៨០ ភាគរយជាក្មេងមិនកំព្រាគឺគេមានឪពុក ឬម្តាយដូច្នេះកុមារទាំងនោះគួរតែត្រូវបញ្ចូលទៅក្នុងសហគមន៍វិញ។ កញ្ញាបន្តថា៖ «ក្នុងមណ្ឌលគាត់អាចមិនមែនជាក្មេងឯករាជ្យព្រោះគាត់នឹងត្រូវ ធ្វើការពឹងគេរហូតដោយសារក្នុងមណ្ឌលមានគេថែទាំ និងរៀបចំបាយទឹកឲ្យគាត់ហូបអ៊ីចឹងគាត់អត់សូវធ្វើអីទេ»។ កញ្ញាឲ្យដឹងថា អង្គការហ្វ្រែន ក៏បានធ្វើការជាមួយរដ្ឋាភិបាលក្នុងការបិទមណ្ឌលដែលមិនបានបំពេញទៅ តាមស្តង់ដារចំនួន ១៥ ហើយមកទល់ពេលនេះហើយបញ្ចូលកុមារមួយចំនួនទៅក្នុងសហគមន៍របស់ពួកគេ វិញផងដែរ៕

website_news/2015061001.txt · Last modified: 2017/03/17 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki