website_news:2015071201

អាជ្ញាធរថៃចាប់បញ្ចូនពលករខ្មែរខុសច្បាប់មកកម្ពុជាជាង៥ម៉ឺននាក់

(http://vayofm.com 05-12-2015 10:53 am)

ក្នុងរយៈពេលឆ្នាំ២០១៥នេះ ពលករខ្មែរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន និងបញ្ចូនត្រឡប់ចូលស្រុកខ្មែរវិញតាមច្រកអន្តរជាតិប៉ោយប៉ែត សរុប ៥៥,៦២៦នាក់។ ក្នុងចំណោមពលករខ្មែរដែលត្រូវបានចាប់បញ្ចូនមកនោះ មានពលករ ៩០១នាក់ត្រូវ អាជ្ញាធរថៃចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។

នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ របាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាន បន្ថែមទៀតថា ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ គឺតាមរយៈការអូសទាញពីមេខ្យល់ និងការចាកចេញដោយខ្លួនឯង។ សូមបញ្ជាក់ថា ការចាកចេញឆ្លងដែនខុសច្បាប់របស់ពលករខ្មែរទៅរកការងារធ្វើនៅប្រទេស ថៃ ត្រូវគេមើលឃើញថា មានការប្រឈមហានិភ័យខ្ពស់ទៅលើបញ្ហាចំពោះមុខ ដូចជាត្រូវបានទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុក ធ្វើទារុណកម្ម ចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម រងការចាញ់បោកជួញដូរមនុស្សទៅប្រទេសទី៣ ពលករស្ត្រីរងការរំលោភបំពានផ្លូវភេទ និងការជិះរថយន្តរត់គេចពីតម្រួតថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងរងរបួសជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ នគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់កម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានចុះសហការជាមួយនិងនគរបាលតាមវរៈការពារព្រំដេនគោកទាំង៤ ឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ ត្រូវចុះទប់ស្កាត់ និងអប់រំពលករខ្មែរ បម្រុងចាកចេញដោយខុសច្បាប់។

នៅឆ្នាំ២០១៥នេះ នគរបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករខ្មែរបម្រុងទៅរកការងារធ្វើខុសច្បាប់ចំនួន៤១លើក សរុបពលករ ៧១១នាក់ ក្នុងនោះស្រី ២៣៨នាក់ កុមារ៧៤នាក់។ សូមជម្រាបជូនថា កាលពីថ្មីនេះ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ បានធ្វើការទប់ស្កាត់ពលករខ្មែរប្រុសស្រីចំនួន ៣៨នាក់បន្ថែមទៀត ខណៈដែលពលករទាំងនោះជិះរថយន្ត៣គ្រឿង ចាកចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និងបន្ទាយមានជ័យ បម្រុងឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង៕

website_news/2015071201.txt · Last modified: 2017/03/20 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki