website_news:2015071202

ពលករចំណាកស្រុកនៅតែបន្តលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

(http://kampucheathmey.com/kpt 7/12/2015 8:25 am )

បាត់ដំបង ៖ ថ្វីត្បិតតែកន្លងមកវិធានការទប់ស្កាត់ទៅលើពលករចំណាកស្រុកតាមច្រក របៀងនៃខេត្តមួយចំនួនជាប់ព្រំដែនថៃ មានការរឹតបន្តឹង ដោយសារតែខ្លាចពលករជួបបញ្ហាជាយថាហេតុលើទឹកដីថៃយ៉ាងណាក៏ដោយ តែធាតុពិតច្រករបៀងមួយចំនួននៅតែបន្តបើកដៃឲ្យពលករឆ្លងដែនចូលដីថៃ យ៉ាងអានាធិបតេយ្យដដែល វាហាក់បីដូចជានៅតាមខ្សែបន្ទាត់ព្រំដែនគ្មានសមត្ថកិច្ចឈរជើងយ៉ាង ដូច្នេះដែរ។

ជាក់ស្ដែងក្នុងច្រករបៀងមួយចំនួនដូចជាច្រកភូមិពោធិជ្រៃ ច្រកអង់តែន និងច្រកគីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ជាដើមគេសង្កេតឃើញក្រុមពលករចំណាកស្រុកបានសម្រុកចូលទៅធ្វើការ នៅក្នុងទឹកដីថៃគ្មានច្បាប់ទម្លាប់ ហើយក៏គ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាមួយធ្វើការទប់ស្កាត់ក្រុមចំណាកស្រុកទាំងនេះឡើយ ដោយគេអាចកត់សម្គាល់បានថាក្រុមពលករទាំងនេះ អាចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយសារតែមានមេខ្យល់នាំមុខ ទើបគេមិនបានឃើញសមត្ថកិច្ចណាមួយចេញមុខមករារាំងនោះឡើយ។

ប្រភពពីតាមខ្សែបន្ទាត់ព្រំដែនបានបញ្ជាក់ថា ថ្មីៗនេះកម្លាំងជួរមុខរបស់ទាហានឈុតខ្មៅថៃបានធ្វើការរឹតបន្តឹង យ៉ាងខ្លាំងនៅតាមខ្សែបន្ទាត់ ដោយសារតែពួកគេមានការផ្លាស់ប្តូរមេបញ្ជាការថ្មី ហើយមួយរយៈនេះភាគីទាំងពីរក៏ធ្លាប់បានជួបពិភាក្សាគ្នាអំពីវិធានការ ទប់ស្កាត់រួមគ្នាលើបទល្មើសនានាដែលកើតមានឡើងនៅតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា ថៃ ផងដែរ ដើម្បីសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះគេសង្កេតឃើញរថយន្តប្រភេទតាក់ស៊ីបានដឹកជញ្ជូន ពលករពីតាមបណ្តាខេត្តនានាឆ្ពោះទៅកាន់ព្រំដែនត្រង់ស្រុកសំពៅលូន ដើម្បីឆ្លងដែនដោយគ្មានសមត្ថកិច្ចទប់ស្កាត់ឡើយព្រោះក្នុងមួយថ្ងៃៗ មានរថយន្តជាច្រើនគ្រឿង ដែលបានធ្វើសកម្មភាពដឹកជញ្ជូន របៀបនេះទៅកាន់ខ្សែបន្ទាត់ព្រំដែន ដើម្បីទម្លាក់ពលករអោយឆ្លងដែនតាមច្រករបៀងនានា។

ប្រភពដដែលបានលួចបង្ហើបប្រាប់ថា ច្រករបៀងមួយចំនួនពេលថ្ងៃគេឲ្យពលករឆ្លងដែនទៅមកខុសច្បាប់ ឯពេលយប់គេរកស៊ីចម្លងទំនិញគេចពន្ធនាំចូលពីប្រទេសថៃ មកកម្ពុជា។ ទាំងនេះគឺជាបញ្ហាមួយសម្រាប់កងកម្លាំង ដែលឈរជើងគួរតែបង្កើននូវការរឹតបន្តឹងតាមផ្លូវច្បាប់វិញប្រហែលជា ប្រសើរជាង ដើម្បីការពារក្រែងមានបញ្ហាណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕

website_news/2015071202.txt · Last modified: 2017/03/20 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki