website_news:2015071203

Hello VOA៖ ច្បាប់អន្តរជាតិមាន តែពលករចំណាកស្រុកខ្មែរនៅតែរងគ្រោះ

(http://khmer.voanews.com 05 ធ្នូ 2015 )

ច្បាប់និងកតិកាសញ្ញា អន្តរជាតិមានជាច្រើនសម្រាប់ការពារផលប្រយោជន៍ពលការិនីចំណាកស្រុកឱ្យ ទទួលបានលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ខែសមរម្យ ប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អប្រសើរទេ។ នេះបើតាមការលើកឡើងរបស់សមាជិកសភានៃគណបក្សប្រឆាំង។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា ក្រៅពីការធានាឱ្យមានការងារសមរម្យ ប្រាក់ឈ្នួលសមរម្យទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ច្បាប់និងកតិកាសញ្ញាអន្តរជាតិក៏មានលើកឡើងពីការការពារមិនឱ្យមាន ការរើសអើងដោយសារភេទ ការការពារសុវត្ថិភាពស្ត្រីនៅពេលមុននិងក្រោយពេលមានគភ៌ ការទទួលស្គាល់គ្រួសារពលករចំណាកស្រុកដែលអនុញ្ញាតឱ្យស្ត្រីដែលធ្វើ ចំណាកស្រុកទៅតាមប្តីអាចរកការងារធ្វើបានផងដែរ។

លោកស្រីបានបន្ថែមថា៖ «ការដែលទទួលស្គាល់ពលករចំណាកស្រុកជាស្ត្រី ច្បាប់អន្តរជាតិធ្វើឱ្យស្ត្រីយើងមានសុវត្ថិភាពហើយជាពិសេសមាន តម្លៃថ្លៃថ្នូរជាមនុស្សជាពលករដូចគេដូចឯងដែរ‍»។ លោកស្រី មូ សុខហួរ អ្នកតំណាងរាស្រ្តទទួលបន្ទុកកិច្ចការស្រ្តី កុមារ និងពលករចំណាកស្រុកចូលរួមជាវាគ្មិនពិភាក្សាអំពី«ដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama ក្នុងការលើកកម្ពស់សារៈសំខាន់នៃការអប់រំសម្រាប់ស្ត្រី‍» នៅក្នុងកម្មវិធី Hello VOA ពិសេសកាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

មានពលករកម្ពុជាជាង១លាននាក់បានធ្វើចំណាកស្រុកទៅធ្វើការដោយ ខុសច្បាប់និងស្របច្បាប់នៅប្រទេសជាច្រើនក្នុងតំបន់ក្នុងនោះមាន ប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។

កញ្ញា នៅ សំ អតីតពលករចំណាកស្រុកដែលបានធ្វើការនៅប្រទេសម៉ាឡេស៊ីជាអ្នកបម្រើ តាមគេហដ្ឋានជាច្រើនឆ្នាំបានលើកឡើងថាច្បាប់មានមែនប៉ុន្តែការ អនុវត្តមិនអាចធ្វើបាន ហើយគ្មានស្ថាប័នណាដែលតាមដានដើម្បីធានាថាក្រុមហ៊ុនដែលនាំពលករ ទៅក្រៅប្រទេសអនុវត្តបានត្រឹមត្រូវនោះទេ។ នាងបានរំលឹកពីស្ថានភាពក្នុងពេលកន្លងមកថា៖ «ពេលដែលក្រុមហ៊ុននាំប្អូនស្រីទៅដល់ប្រទេសម៉ាឡេស៊ីហើយគ្រាន់តែ យកទៅឱ្យនៅជាមួយថៅកែហើយគេទុកប្អូនចោលនៅផ្ទះថៅកែ។ គេអត់ដែលទៅអើតមើលប្អូននៅផ្ទះថៅកែទេ ហើយមួយខែ៣០ថ្ងៃ គឺប្អូនធ្វើការរហូតអត់មានថ្ងៃសម្រាកទេ‍»។ កត្តាជីវភាពក្រីក្របាននាំឱ្យនាង នៅ សំ ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ នាពេលបច្ចុប្បន្ននេះ នាង នៅ សំ រកបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនទទួលបានកម្រៃសមរម្យដែលអាចនឹងរស់នៅដើម្បីកសាង គ្រួសារមួយបានទេ។

នាងនៅតែចិញ្ចឹមចិត្តចង់ទៅធ្វើការនៅក្រៅប្រទេស៖ «ប្អូននៅតែមានអារម្មណ៍ចង់ទៅធ្វើការនៅក្រៅប្រទេស ព្រោះថាការងារដែលប្អូនធ្វើរាល់ថ្ងៃហ្នឹងគឺទទួលបានប្រាក់ខែ តិច ហើយការធ្វើការវាមិនសមនឹងប្រាក់ខែ ទោះបីជាធ្វើការនៅក្រៅប្រទេសវាមានការលំបាកមែនប៉ុន្តែប្អូនអាច ជួយដល់គ្រួសារ‍»។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កត្តាចម្បងដើម្បីការពារស្រ្តីពីការរំលោភបំពានពេលទៅបំពេញការងារ នៅក្រៅប្រទេសគឺត្រូវបង្កើតការងារនៅក្នុងស្រុកដែលទទួលបាន ប្រាក់ខែសមរម្យនិងផ្តល់ជំនាញឱ្យពួកគាត់ព្រោះបើពួកគាត់ធ្វើ ចំណាកស្រុកគឺត្រូវទៅធ្វើការងារណាដែលមានជំនាញដោយសារវាអាចជួយ ផ្តល់ការធានាការពារបានល្អប្រសើរជាង។ លោកស្រីបានរិះគន់គោលនយោបាយខ្លះរបស់រដ្ឋាភិបាលកម្ពុជាដែលនាំ ឱ្យមានការធ្វើចំណាកស្រុកដោយប្រថុយប្រថានព្រោះពលរដ្ឋគ្មានជម្រើស៖

«ការបាត់បង់ដីធ្លី ឧកញ៉ាធំៗមានដីធ្លីធំច្រើន ឯប្រជាកសិករយើងបាត់បង់ដីធ្លី នេះគឺជាបញ្ហាមួយដ៏ធំដែលរាជរដ្ឋាភិបាលបានលើកគោលនយោបាយដ៏ខុស ស្ទើរតែ១០០ភាគរយហើយត្រូវតែដោះស្រាយបញ្ហាហ្នឹង»៕

website_news/2015071203.txt · Last modified: 2017/03/20 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki