website_news:2015081001

ចលនាភូមិថ្មីបានជួយពលរដ្ឋឲ្យបញ្ឈប់ការធ្វើចំណាកស្រុក

(Postkhmer.com Thu, 8 October 2015 )

ព្រៃវែងៈ កាលពីមុនកូនទាំង ៧នាក់របស់លោក សុខ សុខុម បានធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃ និងបណ្តាខេត្ត ក្រុងផ្សេងទៀត ដើម្បីស្វែងរកការងារធ្វើ រកប្រាក់មកជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលក្រីក្រ ខណៈដែលមនុស្សពេញកម្លាំងរហូតដល់ប្រមាណ ៩០ ភាគរយ នៅក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ក៏ធ្វើចំណាកស្រុកដូចគ្នាផងដែរ។ ប៉ុន្តែកូនៗរបស់លោក សុខុម និងកូនអ្នកភូមិដទៃទៀត បានវិលត្រឡប់មកផ្ទះវិញ ជាបន្តបន្ទាប់ ចាប់តាំងពីមជ្ឈមណ្ឌលចលនាភូមិថ្មី របស់រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានចូលទៅជួយធ្វើការអភិវឌ្ឍភូមិកំពង់ថ្នល់ ក្នុងឆ្នាំ២០០៩ ដោយបាន បណ្តុះគំនិតឲ្យអ្នកភូមិចេះជួយខ្លួនឯងដោយខ្លួនឯង។

លោក សុខុម ដែលមានវ័យ ៦០ ឆ្នាំ បាននិយាយថា នៅមុនពេលដែលចលនាភូមិថ្មី មិនទាន់ត្រូវបានបង្កើតឡើង ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ថ្នល់ មានជីវភាពក្រីក្រ តោកយ៉ាកយ៉ាងខ្លាំង ដោយសារតែពុំមានមុខរបរអ្វីធ្វើក្រៅពីរបរធ្វើស្រែក្នុងមួយ ឆ្នាំម្តង ដែលពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង និងការធ្វើនេសាទត្រីបន្តិចបន្តួច។ លោកបញ្ជាក់ថា៖«ដោយសារតែពុំមានមុខរបរអ្វី កូនៗទាំង ៧ នាក់របស់ខ្ញុំ បានធ្វើចំណាកស្រុក ទៅកាន់ខេត្តឆ្ងាយៗ និងទៅប្រទេសថៃ ដើម្បីរកលុយ ចិញ្ចឹមគ្រួសារដែលទីទាល់ក្រ»។

លោក សុខុម បន្ថែមថា ប៉ុន្តែ ចាប់តាំងពីចលនាភូមិថ្មី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ មក បានកាត់បន្ថយការធ្វើចំណាកស្រុកស្ទើរតែទាំងស្រុង។ រហូតមកទល់ពេលនេះ ភូមិកំពង់ថ្នល់ មានផ្លូវលំស្អាត មានប្រឡាយទឹក សម្រាប់ស្រោចស្រព ក្នុងការធ្វើកសិកម្ម ក្នុងមួយឆ្នាំបានរហូតដល់ទៅ៣ ដង ដោយមិនធ្វើស្រែប្រវាស់មេឃដូចមុនទៀតឡើយ ហើយអ្នកភូមិបានចងក្រងគ្នា បង្កើតជាសហគមន៍មួយចេះជួយគ្នាទៅវិញទៅមក ដើម្បីធ្វើការអភិវឌ្ឍខ្លួនឯងផង និងសហគមន៍ផង ដោយមានការបណ្តុះបណ្តាលជំនាញ ក្នុងការធ្វើកសិកម្ម ឲ្យទទួលបានទិន្នផលច្រើន ការចិញ្ចឹមសត្វ ដូចជាចិញ្ចឹមជ្រូក គោ និងដាំដំណាំដាំដុះផ្សេងៗទៀត ពីអ្នកជំនាញកូរ៉េ និងការផ្តល់ទុនពីមជ្ឈមណ្ឌលចលនាភូមិថ្មី។ លោកសុខុម បានបញ្ជាក់ទៀតថា៖«មិនតែប៉ុណ្ណោះ ចលនាភូមិថ្មី ភូមិកំពង់ថ្នល់នេះ បានផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់អ្នកភូមិ ឲ្យចេះសហការគ្នា ធ្វើការរួមសាមគ្គីគ្នា និងស្រុះស្រួលមូលមតិគ្នា ដើម្បីធ្វើការអភិវឌ្ឍភូមិរបស់ពួកយើង ឲ្យមានការផ្លាស់ប្តូរ ប្រសើរជាងមុនហើយកូនៗរបស់ខ្ញុំ ក៏បានវិលត្រឡប់ពីការធ្វើចំណាកស្រុកវិញដែរ»។

អ្នកភូមិម្នាក់ទៀត អ្នកស្រី យ៉ង់ គំអូន អាយុ ៤០ ឆ្នាំ ដែលមានកូន ៥ នាក់ក្នុងបន្ទុក បាននិយាយថា កាលពីមិនទាន់បង្កើតចលនាភូមិថ្មី អ្នកភូមិកំពង់ថ្នល់ មានជីវភាពក្រីក្រ និងរស់នៅតែផ្ទះប្រក់ស្លឹករយីករយាកតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវ អ្នកភូមិបានប្រែក្លាយពីផ្ទះប្រក់ស្លឹក ទៅជាផ្ទះប្រក់ស័ង្កសី ឬផ្ទះថ្ម ស្ទើរទាំងអស់គ្នាទៅហើយ។ អ្នកស្រីបញ្ជាក់ថា៖«ម្យ៉ាងវិញទៀតពួកយើងក៏មានជីវភាពល្អប្រសើរ ជាងមុន ព្រោះមានមុខរបរពិតប្រាកដធ្វើ និងអាចធ្វើស្រែបាន ៣ ឬ ៤ ដង ក្នុងមួយឆ្នាំដោយម្តងទទួលបានទិន្នផលស្រូវ ៦ តោនក្នុង ១ ហិកតា»។

ភូមិកំពង់ថ្នល់ ក្នុងស្រុកព្រះស្តេច គឺជាភូមិគំរូមួយ ក្នុងចំណោមភូមិចំនួនពីរក្នុងខេត្តព្រៃវែងដែលបានធ្វើការអភិវឌ្ឍ យកគំរូតាមប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០០៩ ក្រោមការជួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ពីសំណាក់មជ្ឈមណ្ឌលចលនាភូមិថ្មី របស់ប្រទេសកូរ៉េខាងត្បូង។ ចលនាភូមិថ្មី បានជួយប្រទេសកូរ៉េខាងត្បូង ឲ្យរួចផុតពីប្រទេស ដែលក្រជាងគេ នៅលើពិភពលោក ដោយបានប្រែក្លាយពីប្រទេសដែលធ្លាប់តែដើរសុំជំនួយពីគេទៅជា ប្រទេសអ្នកមាន និងដើរចែកអំណោយដល់ប្រទេសអ្នកក្រីក្រវិញ ដោយសារតែប្រទេសមួយនេះ បានអនុវត្តដោយផ្អែកលើគោលការណ៍ឧស្សាហ៍ព្យាយាមជួយខ្លួនឯង និងសហប្រតិបត្តិការ។ នេះបើតាម លោកបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅចលនាភូមិថ្មីទាំងអស់គ្នា ជាមួយសេចក្តីសង្ឃឹមថ្មី ក្នុងប្រទេសកម្ពុជា» ដែលបានប្រារព្ធធ្វើឡើងក្នុងភូមិគំរូកំពង់ថ្នល់ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកញ្ញា។

លោក ច័ន្ទសង្វារ បាននិយាយថា៖«នេះគឺជារឿងអច្ឆរិយមួយ ដែលយើងគួរតែរៀនសូត្រតាម។ ឥឡូវនេះ ចលនាភូមិថ្មី ក្លាយទៅជាគំរូ សម្រាប់ការអភិវឌ្ឍជនបទ ប្រកបដោយជោគជ័យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។ លោកបន្តថា ដើម្បីអភិវឌ្ឍជនបទ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល បាននាំយកស្មារតី និងផ្នត់គំនិតចលនាភូមិថ្មី របស់ប្រទេសកូរ៉េខាងត្បូង មកអនុវត្ត នៅភូមិចំនួន ២ គឺនៅភូមិកំពង់ថ្នល់ និងភូមិសុណនចៃ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នៅក្នុងឆ្នាំ ២០០៩។ ភូមិគំរូចលនាភូមិថ្មីទាំង ២ នេះ ត្រូវបានគាំទ្រថវិកានិងបច្ចេកទេស ពីមជ្ឈមណ្ឌលចលនាភូមិថ្មី ប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីបញ្ចាប់គម្រោងសាកល្បងនៅឆ្នាំ ២០១៤ កន្លងទៅនេះ ចលនាភូមិថ្មីទាំង ២ បានសម្រេចនូវភាពជោគជ័យ ជួយកាត់បន្ថយភាពក្រីក្រ នៅជនបទ ធ្វើឲ្យមានការអភិវឌ្ឍ និងរីកចម្រើនដល់ប្រជាពលរដ្ឋក្នុងភូមិ ឬសហគមន៍ ព្រមទាំងបានផ្តល់នូវប្រភពនៃការលើកទឹកចិត្តនិងបានបំផុសនូវការ ខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋក្នុងការកសាងភូមិ ឬសហគមន៍របស់ពួកគេឲ្យមានការរីកចម្រើន ឥតឈប់ឈរ។

លោក ច័ន្ទសង្វារ បន្តថា ដោយសារតែទទួលបានជោគជ័យក្នុងភូមិគំរូទាំងពីរខាងលើ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតភូមិគំរូ ចលនាភូមិថ្មីឲ្យបាន ៤០ ភូមិទៀត នៅចុងឆ្នាំ ២០១៥ និងដើមឆ្នាំ២០១៦ ខាងមុខ ដែលក្នុងនោះមាន ១០ ភូមិ នៅក្នុងខេត្តត្បូងឃ្មុំ ១០ ភូមិ នៅខេត្តតាកែវ ១០ ភូមិ នៅខេត្តកំពង់ស្ពឺ និង ១០ ភូមិទៀត នៅក្នុងខេត្តព្រៃវែង។ លោក ច័ន្ទសង្វារ បញ្ជាក់ថា៖«ដោយសារតែទទួលបានជោគជ័យពីភូមិគំរូចលនាភូមិថ្មី ទាំង ២ ខាងលើនេះ រាជរដ្ឋាភិបាល នឹងពង្រីកចលនាភូមិថ្មីនេះ ឲ្យបាន ជាង ១៤០០០ ភូមិនៅទូទាំងខេត្ត-ក្រុង នៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត»។

លោកបណ្ឌិត Shim Choon Chong ប្រធានមជ្ឈមណ្ឌលចលនាភូមិថ្មី ប្រទេសកូរ៉េខាងត្បូង បានថ្លែងថា ចលានាភូមិថ្មី មិនត្រឹមតែជាការចូលរួម ជាលក្ខណៈចលនាជាតិ និងស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ជាមួយនឹងផ្នត់គំនិត«ខ្ញុំអាចធ្វើបាន» ជាមួយគម្រោងសម្រាប់លើកកម្ពស់បរិស្ថានជីវិត និងការបង្កើនប្រាក់ចំណូលប៉ុណ្ណោះនោះទេ ថែមទាំងជាចលនាកំណែទម្រង់មនសិការនៃប្រជាពលរដ្ឋកូរ៉េទៀតផង។ លោកបន្តថា៖«ហេតុដូច្នេះ តាមរយៈការផ្ទេរ និងការកំណត់ច្បាស់លាស់ នៃចលនាភូមិថ្មី ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មជ្ឈមណ្ឌលចលនាភូមិថ្មីប្រទេសកូរ៉េ ខិតខំជួយឧបត្ថម្ភនូវការបង្កើតភាពក្សេមក្សាន្ត នៅទីកន្លែង ដែលមនុស្សម្នាក់ៗ រស់នៅបានល្អ»។ លោកបន្ថែមថា មជ្ឈមណ្ឌលចលនាភូមិថ្មីប្រទេសកូរ៉េខាងត្បូង បានជួយឧបត្ថម្ភទាំងថវិកា និងអ្នកបច្ចេកទេស ដល់កម្ពុជា ក្នុងការបង្កើតភូមិគំរូចលនាភូមិថ្មី ២ នៅខេត្តព្រៃវែង ដើម្បីបង្កើតភូមិគំរូចលនាភូមិថ្មី តាំងពីឆ្នាំ ២០០៩ក្នុងគោលបំណង ធ្វើឲ្យសម្រេចនូវសារៈសំខាន់ នៃតម្លៃចលនាភូមិថ្មី ការជួយខ្លួនដោយខ្លួនឯង ដែលបានធ្វើឲ្យជីវភាពរបស់អ្នកភូមិបានប្រសើរឡើង។

លោក Noh Sichool ទីប្រឹក្សាចលនាភូមិថ្មី របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសកូរ៉េ ប្រចាំនៅក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ចលនាភូមិថ្មី គឺជាកម្មវិធីអភិវឌ្ឍន៍ជនបទសហគមន៍ចម្រុះជាមូលដ្ឋាននៃសាធារណរដ្ឋ កូរ៉េ ដែលបានកំណែទម្រង់ ប្រទេសកូរ៉េ ពីប្រទេសទទួលជំនួយ ទៅជាប្រទេសផ្តល់ជំនួយ។ អ្វីដែលធ្វើឲ្យមានភាពខុសគ្នា នៃចលនាភូមិថ្មី ពីកម្មវិធីអភិវឌ្ឍន៍ផ្សេងទៀត គឺការចូលរួម និងគោលការណ៍៣យ៉ាងគឺ ឧស្សាហ៍ព្យាយាម ជួយខ្លួនឯង និងសហប្រតិបត្តិការ។ លោកបន្ថែមថា ចលនាភូមិថ្មី ផ្តោតលើ ៣ ចំណុចធំៗគឺ ទី១ ជ្រើសរើស និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ ដោយពួកគេផ្ទាល់ ក្នុងរយៈពេលយូរ ទី ២ លើកកម្ពស់បរិស្ថានរស់នៅតាមរយៈការសហការគ្នា និងចែករំលែកធនធាន ទី ៣ បង្កើនប្រាក់ចំណូល តាមរយៈប្រភពចំណូលផ្សេងៗ ជាមួយនឹងបច្ចេកទេសសមស្រប។ ចលនាភូមិថ្មី បានយកចិត្តទុកដាក់ទៅដល់ការអភិវឌ្ឍសហករណ៍ក្នុងរយៈពេលយូរអង្វែង មួយ ដោយផ្តល់អំណាចទៅសហគមន៍មូលដ្ឋាន។

លោក កុក សារឿន ប្រធានភូមិគំរូចលនាភូមិថ្មី ភូមិកំពង់ថ្នល់ បានថ្លែងថា ចាប់តាំងពីមានការបង្កើតចលនាភូមិថ្មីមកបានកែប្រែមុខមាត់ភូមិ កំពង់ថ្នល់ឲ្យមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជាពិសេស ធ្វើឲ្យមានផ្លូវថ្នល់ក្នុងភូមិ ប្រព័ន្ធស្រោចស្រព សម្រាប់ធ្វើកសិកម្ម ក្នុងមួយឆ្នាំ បានពី ៣ ទៅ៤ ដង ព្រមទាំងបានផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកភូមិ ឲ្យចេះជួយគ្នា និងរួមសហការគ្នាក្នុងការអភិវឌ្ឍភូមិផងដែរ។ លោកបញ្ជាក់ថា៖«កាលពីមុនប្រជាពលរដ្ឋក្នុងភូមិ ៩០ ភាគរយបានធ្វើចំណាកស្រុក ប៉ុន្តែឥឡូវ ពួកគេវិលចូលភូមិវិញហើយ»។ ភូមិកំពង់ថ្នល់ ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ បើតាមលោកសា រឿន ភូមិនេះ មានផ្ទៃដីសរុប ១១១ ហិកតា ផ្ទៃសម្រាប់ធ្វើកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ១០០ ហិកតា មានប្រជាពលរដ្ឋចំនួន ៧៨ គ្រួសារ មានមនុស្ស ៣៣៦ នាក់ (ស្រី ២០១ នាក់) មានចំណូលសំខាន់ៗ គឺធ្វើស្រែ នេសាទ និង ចិញ្ចឹមសត្វ។ ចំណែកឯភូមិគំរូចលនាភូមិថ្មី សុណន់ចៃ គឺស្ថិតនៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច មានផ្ទៃដីសរុប ២០៥ ហិកតា ផ្ទៃសម្រាប់ធ្វើកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ១៨៧ ហិកតា មានប្រជាពលរដ្ឋ ២១៣ គ្រួសារ ក្នុងនោះមានមនុស្ស ៩១២ នាក់ (ស្រី ៤៧៤ នាក់) មានចំណូលសំខាន់ៗ ធ្វើស្រែ នេសាទ និងចិញ្ចឹមសត្វ។

លោក ប៉ិច សុង អភិបាលស្រុកព្រះស្តេច បាននិយាយឲ្យដឹងថា នៅចុងឆ្នាំ ២០១៥ និង ដើមឆ្នាំ ២០១៦ ខាងមុខ លោកមានគម្រោងនឹងពង្រីកចលនាភូមិថ្មីនេះ ទៅកាន់ឃុំចំនួន ៩ ផ្សេងទៀត ដើម្បីអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋ ចេះគ្រប់គ្រងជីវភាពរបស់ពួកគាត់ ឲ្យមានការរីកចម្រើនហើយប្តូរផ្នត់គំនិតរបស់ពួកគាត់ដែលធ្លាប់ តែ មានគំនិតមួយថា «រកបានប៉ុន្មានហូបប៉ុណ្ណឹង ប្តូរផ្នត់គំនិតពួកគាត់ឲ្យធ្វើអ្វី ក៏លឿន គិតអ្វីក៏លឿន ធ្វើកិច្ចការអី គឺមានការរួមសហការគ្នាទាំងភូមិតែម្តង ដើម្បីធ្វើការអភិវឌ្ឍភូមិរបស់ពួកខ្លួនឲ្យមានការរីកចម្រើន នាពេលអនាគត»។ លោកប៉ិច សុង បានសំណូមពរឲ្យមជ្ឈមណ្ឌលចលនាភូមិថ្មី ប្រទេសកូរ៉េខាងត្បូង បន្តជួយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀត និងជួយបណ្តុះបណ្តាលផ្នែកផ្នត់គំនិត និងថវិកាខ្លះទៀត ដល់ឃុំទាំង៩ នោះ ដើម្បីអភិវឌ្ឍដូចជាការជួយសង់ផ្ទះ ផ្តល់ប្រាក់ឲ្យប្រជាពលរដ្ឋទិញគោ ឬជ្រូកចិញ្ចឹមនិងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិដូចជា ប្រឡាយទឹកសម្រាប់ស្រោចស្រពធ្វើកសិកម្ម និងធ្វើផ្លូវក្នុងភូមិទាំង ៩នោះ៕

website_news/2015081001.txt · Last modified: 2017/03/17 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki