website_news:2015081003

បន្ទាប់ពីកម្ពុជា អូស្តា្រលីកំពុងពិចារណារកប្រទេសផ្សេងទៀត ដើម្បីទទួលជនភៀសខ្លួន

(http://km.rfi.fr 06/10/2015)

រដ្ឋមន្រ្តី អន្តោប្រវេសន៍អូស្ត្រាលី នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ថា រដ្ឋាភិបាលកំពុងស្វែងរកប្រទេសដទៃទៀត ដើម្បីទទួលជនភៀសខ្លួន បន្ទាប់ពីមានតែជនភៀសខ្លួន ៤នាក់ បានសុខចិត្ត ទៅរស់នៅប្រទេសកម្ពុជា។ ទៅតាមកិច្ចព្រមព្រៀង ដ៏ចម្រូងចម្រាស កម្ពុជាយល់ព្រមទទួលជនភៀសខ្លួន ពីអូស្ត្រាលី ជាថ្នូរនឹងប្រាក់ជំនួយរាប់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍រយៈពេល ៤ឆ្នាំ នៅកម្ពុជា។

នៅ វិទ្យុអូស្ត្រាលីABC រដ្ឋមន្រ្តីអន្តោប្រវេសន៍ អូស្ត្រាលី Peter Dutton បាននិយាយ ថា អូស្ត្រាលីបាន និងកំពុងធ្វើការលើជម្រើសផ្សេង ជាមួយប្រទេសដៃគូដទៃទៀត ក្នុងរឿងទទួលជនភៀសខ្លួនពីអូស្ត្រាលី។ អូស្ត្រាលី ចង់ជួយជនភៀសខ្លួន ឲ្យទៅកសាង ជីវិត នៅកន្លែងផ្សេង ប្រសិនបើគេមិនចង់ ត្រលប់ទៅរស់នៅក្នុងដែនដីកំណើត របស់ពួកគេ។ នេះបើតាមការអះអាងររបស់លោករដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្ត្រាលី Peter Dutton ។ យ៉ាងណាក៏ដោយ លោក Peter Dutton មិនបានបញ្ជាក់ឈ្មោះប្រទេស ដែលអូស្ត្រាលី កំពុងចរចា ឲ្យទទួលជនភៀសខ្លួន បន្ទាប់ពីកម្ពុជានោះទេ។

កាលពីខែកញ្ញា ឆ្នាំ ២០១៤ កន្លងទៅ អូស្ត្រាលីបានចុះកិច្ចព្រមព្រៀង ជាមួយ កម្ពុជា ដែលយល់ព្រមទទួលជនភៀសខ្លួន ដែលអូស្ត្រាលីមិនចង់បាន ជាថ្នូរនឹងទឹកប្រាក់ជំនួយប្រមាណ ៤លានដុល្លារ។ កិច្ចព្រមព្រៀងកម្ពុជា អូស្ត្រាលីបានរងការរិះគន់ យ៉ាងខ្លាំងពីអង្គការការពារសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ មានតែជនភៀសខ្លួន៤នាក់ប៉ុណ្ណោះ ដែលរស់នៅ សំចតលើកោះ ណូរុ ក្បែរអូស្ត្រាលី ដែលបានស្ម័គ្រចិត្ត ទៅរស់នៅកម្ពុជា។ តាមរដ្ឋមន្រ្តីអន្តោប្រវេសន៍ អូស្ត្រាលី កម្ពុជាជាជម្រើសល្អមួយ ប៉ុន្តែ អង្គការការពារសិទ្ធិជនភៀសខ្លួនបានធ្វើយុទ្ធនាការឃោសនាផ្សព្វផ្សាយ បញ្ចុះបញ្ចូលជនភៀសខ្លួន នៅលើកោះ ណូរុ កុំឲ្យទទួលយកសំណើ ទៅរស់នៅតាំងទី នៅកម្ពុជា។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយបដិសេធមិនទទួលជនភៀសខ្លួន ដែលធ្វើដំណើរតាមទូក ចង់ទៅស្វែងរកសិទ្ធិជ្រកកោន នៅអូស្ត្រាលី។ រាល់ទូកដឹកជនអន្តោប្រវេសន៍ ឬជនភៀសខ្លួន ដែលអូស្ត្រាលីចាប់សញ្ញាបាន គឺរមែងត្រូវអូស្ត្រាលី ចាប់បង្វែរ ឲ្យទៅចូលសំចតនៅលើកោះ ណូរុ ឬ កោះ ម៉ានុ របស់ប៉ាពូអាស៊ី ហ្គេណេថ្មី ដែលនៅទីនោះ អូស្ត្រាលី ចំណាយលុយ រាប់លានដុល្លារ ដើម្បីបង្កើតមណ្ឌលដាក់ជនភៀសខ្លួន ដែលអូស្ត្រាលី មិនចង់ទទួលយកទៅរស់នៅក្នុងទឹកដីអូស្ត្រាលី៕

website_news/2015081003.txt · Last modified: 2017/03/17 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki