website_news:2015081004

អឺរ៉ុបបើកប្រតិបត្តិការយោធា ដំបូង វាយស្ទាក់ ទូករបស់មេខ្យល់ ចេញពីលីប៊ី

(http://km.rfi.fr 07/10/2015)

ទាហានអាល្លឺម៉ង់នៅលើនាវាចម្បាំងក្បែរដែនសមុទ្រលីប៊ី នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមឈ្មួញជួញដូរមនុស្សចូល អឺរ៉ុប AFP PHOTO / ALBERTO PIZZOLI សហភាព អឺរ៉ុប បានផ្តើមនៅថ្ងៃពុធនេះ ប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមឈ្មួញជួញដូរមនុស្ស និងក្រុមមេខ្យល់ ក្នុងសមុទ្រមេឌីទែរ៉ាណេ។ ប្រតិបត្តិការ ក្រោមឈ្មោះថា Sophia ឈ្មោះរបស់ក្មេងស្រីអន្តោប្រវេសន៍ ដែលកើតនៅលើកប៉ាល់សង្រ្គោះអ៊ីតាលី ត្រូវដឹកនាំដោយឧត្តមនាវី អ៊ីតាលី និងមានការចូលរួមពីកប៉ាល់ចម្បាំង និងទាហាន១៣១៨នាក់។ ប្រតិបត្តិការយោធា ដែលមានប្រទេសអឺរ៉ុបចំនួន ២២ចូលរួម មានទិសដៅ ចាប់ស្ទាក់ទូកមេខ្យល់ និងក្រុមមេឈ្មួញ ជួញដូរមនុស្ស ចេញពីលីប៊ី។

សហភាព អឺរ៉ុបបានសម្រេចបើកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឈ្មួញជួញដូរមនុស្ស នៅក្នុងសមុទ្រមេឌីទែរ៉ាណ តាំងពីខែមិថុនាមកម្ល៉េះ។ ការងាររបស់កងកម្លាំងអឺរ៉ុប ដែលធ្វើការក្រោមឈ្មោះថា EU Navfor Med ត្រូវបែងចែកចេញជា២ ដំណាក់កាល។ ក្នុងដំណាក់កាលទី ១ដែលបិទបញ្ចប់ទៅនៅចុងខែកក្កដាកន្លងទៅ កងកម្លាំងអឺរ៉ុប មកពី២២ប្រទេស ដែលបំពាក់ដោយនាវាចម្បាំង នាវាដឹកយន្តហោះរបស់អ៊ីតាលី និងឧទ្ធម្គាគចក្រ មាននាទីត្រឹមយកការណ៍សម្ងាត់ លួចស្តាប់ព័ត៌មាន ដែលក្រុមឈ្មួញជួញដូរមនុស្សនៅក្នុងដែនទឹកលីប៊ី និយាយទាក់ទងគ្នា។

តាមឧត្តមនាវីបារំាង គេបានដឹងព័ត៌មានជាច្រើនរបស់ក្រុមជួញដូរមនុស្ស ឬក្រុមមេខ្យល់ ដែលដឹកនាំជនអន្តោប្រវេសន៍សំដៅត្រើយអឺរ៉ុប។ ពួកឈ្មួញទាំងនោះ ភាគច្រើនគឺធ្វើការប្រមូលមនុស្ស នៅតាមឆ្នេរសមុទ្រនៅពេលយប់។ ជនអន្តោប្រវេសន៍ម្នាក់ៗត្រូវបង់យ៉ាងតិច ១៥០០អឺរ៉ូ ដើម្បីអាចឡើងជិះទូករបស់ក្រុមមេខ្យល់សំដៅអឺរ៉ុប។ ពួកក្រុមឈ្មួញនោះឆ្លាតណាស់។ គេប្រើតែទូកឈើ បាក់កំពុក ឬទូកកៅស៊ូ ដើម្បីដឹកជនអន្តោប្រវេសន៍។ ពួកគេបានបូមយកសាំងខ្លះ និងដកទឹក អាហារពីជនអន្តោប្រវេសន៍ មុននឹងធាក់រុញទូកជនអន្តោប្រវេសន៍ ចេញទៅក្រៅដែនទឹកដីលីប៊ី។ មុននឹងធ្វើដូច្នេះ ក្រុមមេខ្យល់បានជ្រើសរើសផងដែរ យកជនអន្តោប្រវេសន៍ម្នាក់ឲ្យមកធ្វើ ជាមេទូក ហើយបង្រៀនឲ្យចេះចុចសញ្ញា ស្រែករកជំនួយពីកប៉ាល់ល្បាតអ៊ីតាលី នៅពេលទូកដឹកជនអន្តោប្រវេសន៍អណ្តែតចូលដល់ដែនទឹកអ៊ីតាលី។

ឥលូវនេះ កងកម្លាំងអឺរ៉ុប បានដឹងពីល្បិចកលរបស់ក្រុមឈ្មួញរួចអស់ហើយ គឺដល់ពេលដែលត្រូវធ្វើសកម្មភាពជាក់ស្តែងវិញម្តង។ តាមការបោះឆ្នោតរបស់សហភាពអឺរ៉ុប កាលពីពាក់កណ្តាលខែកញ្ញា ដំណាក់កាលទី នៃប្រតិបត្តិការជើងទឹកប្រឆាំង នឹងក្រុមជួញដូរមនុស្សនៅសមុទ្រមេឌីទែរ៉ាណេ ត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃពុធទី ៧តុលានេះ។ តាមសហភាពអឺរ៉ុប នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេចាប់សញ្ញាឃើញមានទូកជាង២០ មកពីលីប៊ី និងអេហ្ស៊ីប ដែលក្រុមមេខ្យល់បានប្រើ ដើម្បីនាំមនុស្សចូលអឺរ៉ុប។ មានន័យថា បើសិន ប្រតិបត្តិការដំណាក់កាលទី ២ចាប់ផ្តើម តាំងពីយូរ ម្ល៉េះសម គេអាចចាប់ឃាត់ខ្លួនក្រុមមេខ្យល់នេះ បានយ៉ាងច្រើន។ នៅក្នុងដំណាក់កាលទីពីរ កងកម្លាំងអឺរ៉ុប ដែលមានទាហានសរុប ដល់ទៅ ១៣១៨នាក់ គឺនឹងមានសិទ្ធិចូលទៅឆែកឆេរ ទូក ដែលគេសង្ស័យថា មានក្រុមមេខ្យល់។ កងកម្លាំងអឺរ៉ុបមានសិទ្ធិបើកប្រតិបត្តិការយោធា តែនៅក្នុងដែនទឹក អន្តរជាតិ ប៉ុណ្ណោះ ពោលគឺត្រូវរង់ចាំឲ្យទូករបស់មេខ្យល់ ចាកចេញឆ្ងាយពី ឆ្នេរសមុទ្រលីប៊ីសិន។ បន្ទាប់មក បើសិនគេចាប់បានមេខ្យល់ នោះ គេនឹងបញ្ជូនក្រុមទាំងនោះ ទៅឲ្យតុលាការអ៊ីតាលីកាត់ទោសតាមផ្លូវច្បាប់។

តើកងកម្លាំងអឺរ៉ុប នឹងធ្វើយ៉ាងម៉េច ដើម្បីកុំឲ្យមានជនរងគ្រោះស៊ីវិល នៅក្នុងពេលវាយប្រហារ ទៅលើទូកមេខ្យល់? ក្រុមមេខ្យល់ ដែលសុទ្ធ តែមានអាវុធនៅក្នុងដៃ នោះ។ នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរមនុស្ស នៅលីប៊ី បេសកកម្មរបស់ទាហានអឺរ៉ុបមានដែនកំណត់។ សហភាពអឺរ៉ុបដែលចង់គាស់រំលើងគល់ ក្រុមបណ្តាញជួញដូរមនុស្សនៅលីប៊ី ចង់ឈានទៅប្រើដំណាក់កាលទី៣ នោះ គឺចូលទៅ ប្រយុទ្ធ បោសសម្អាតក្រុមជួញដូរមនុស្សដល់ក្នុងដែនទឹក លីប៊ីតែម្តង។ ប៉ុន្តែ ដើម្បីធ្វើដូច្នេះ បានអឺរ៉ុបត្រូវមានការអនុញ្ញាតពីរដ្ឋាភិបាលលីប៊ី និងក្រុមប្រឹក្សាសន្តិសុខជាមុនសិន។ មើលទៅ អឺរ៉ុបមិនងាយនឹងបានភ្លើងខៀវ ព្រោះថា រដ្ឋាភិបាល លីប៊ី បានប្រឆាំងរួចហើយ មិនឲ្យអឺរ៉ុប ប្រើកម្លាំងទ័ពក្នុងដែនទឹករបស់ខ្លួន។ ការនាំមនុស្សទៅអឺរ៉ុបបានធ្វើឲ្យបណ្តាញជួញដូរមនុស្សរកចំនូលបានច្រើន មិនចាញ់ជំនួញអាវុធនោះទេ។ ក្រុមនេះ អាចសូកប៉ាន់មន្រ្តីរដ្ឋាភិបាល ដើម្បីបិទភ្នែក បណ្តោយឲ្យគេប្រើឆ្នេរលីប៊ី ដើម្បីដឹកមនុស្សចេញទៅអឺរ៉ុប។ ខ្សែផ្លូវធ្វើដំណើរតាមទឹកចេញពីលីប៊ីត្រូវក្រុមឈ្មួញ ជួញដូរមនុស្សប្រើច្រើន ព្រោះតែលីប៊ីស្ថិតនៅមិនឆ្ងាយពីទឹកដីអឺរ៉ុប គឺគ្រាន់តែខ័ណ្ឌគ្នា ដោយសារសមុទ្រមេឌីទែរ៉ាណេតែប៉ុណ្ណោះ។

ប្រតិបត្តិការយោធារបស់អឺរ៉ុបផ្តើមឡើងនៅពេលដែលក្រុមមេខ្យល់បានប្តូរខ្សែធ្វើដំណើរ។ គេបានប្រើដែនដីតួកគី ដើម្បីនាំមនុស្សចូលអឺរ៉ុប។ ក្រុមមនុស្សដែលប្រើប្រាស់ទឹកដីតួកគីឆ្លងចូលទៅ ប្រទេសក្រិក សមាជិករបស់អឺរ៉ុប ភាគច្រើន ជាក្រុមមនុស្ស ដែលភៀសខ្លួនចេញពីសង្រ្គាមនៅស៊ីរី ឬនៅអាហ្វហ្កានីស្ថាន ឬអ៊ីរ៉ាក់ជាដើម។ ដើម្បីកាត់បន្ថយការហូរចូលដោយគំហុក ជនភៀសខ្លួន សហភាពអឺរ៉ុបកំពុងបញ្ចុះបញ្ចូល រដ្ឋាភិបាលតួកគី ឲ្យបង្កើតមណ្ឌលចុះឈ្មោះអ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងទឹកដីតួកគី ជាថ្នូរនឹងប្រាក់ជំនួយអឺរ៉ុបជាង ១ពាន់លានអឺរ៉ូ។

តួកគីដែលកំពុងទទួលជនភៀសខ្លួនស៊ីរី ជាង ២លាននាក់ និងចំណាយ លុយជាង ៦ពាន់លានអឺរ៉ូសម្រាប់ជនភៀសខ្លួន ស៊ីរី មិនចង់បានលុយ ពីអឺរ៉ុប និងបានបដិសេធសំណើរបស់អឺរ៉ុបរហូតមក។ យ៉ាងណាក៏ដោយ តួកគីនឹងអាចប្តូរជំហរ មកទទួលតាមការស្នើរបស់សហភាពអឺរ៉ុប បើសិន គេយល់ព្រមបង្កើតតំបន់ហាមការហោះហើរ នៅភាគខាងជើង ស៊ីរី ជាប់ នឹងព្រំដែនតួកគី។ តួកគី ចង់បានមែនទែន ឲ្យគេបិទតំបន់ហោះហើរនៅពីលើទឹកដីស៊ីរី ក្បែរ ព្រំដែនតួកគី ព្រោះថា តួកគីមិនឲ្យយន្តហោះចម្បាំងស៊ីរី ឬរុស្ស៊ី ហោះចូលយកការណ៍ពីខ្លួននោះទេ។ ជាក់ស្តែង នៅប៉ុន្មានថ្ងៃនេះ តួកគីបានតវ៉ាច្រើនដង ទៅរុស្ស៊ី និងថា យន្តហោះរបស់រុស្ស៊ី បានហោះចូលក្នុងដែនអាកាសរបស់ខ្លួន និងបញ្ជាររំខានប្រព័ន្ធរ៉ាដា យន្តហោះតួកគី៕

website_news/2015081004.txt · Last modified: 2017/03/17 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki