website_news:2015091002

ជនចំណាកស្រុកជិត២សែននាក់ឆ្លងកាត់ប្រទេសអូទ្រីសក្នុងខែកញ្ញា

( http://vayofm.com/08-10-2015 2:55 pm)

តាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៧តុលា មានជនចំណាកស្រុកជិត២សែននាក់បានឆ្លងកាត់ប្រទេសអូទ្រីសក្នុងខែកញ្ញា។ ទីភ្នាក់ងារសារព័ត៌មានAPAបានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃថា តួលេខច្បាស់លាស់ពិបាកកំណត់ណាស់ ដោយសារចំនួននៃអ្នកធ្វើដំណើរមានចំនួនច្រើន អញ្ចឹងហើយទើបពិបាកកំណត់ថាមានអ្នកធ្វើដំណើរតាមរថភ្លើងឆ្លងកាត់ប្រទេសប៉ុន្មាននាក់។ ចំនួនជនចំណាកស្រុកភាគច្រើនគឺឆ្លងកាត់ទៅប្រទេសអាល្លឺម៉ង់ ហើយរដ្ឋាភិបាលអាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃទី០៧តុលាថា មានជនស្វែងរកកន្លែងជ្រកកោណដល់ទៅ១៦៤,០០០នាក់ ចូលមកដល់ប្រទេសខ្លួនកាលពីខែមុន។ រីឯរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអូទ្រីបាននិយាយថា មានមនុស្សប្រហែល១ម៉ឺននាក់ បានដាក់ពាក្យសុំជ្រកកោណក្នុងប្រទេសអូទ្រីសដែរ។

គួរបញ្ជាក់ថា ចំនួនជនចំណាកស្រុកធ្វើដំណើរមកដល់ប្រទេសអូទ្រីសបច្ចុប្បន្ននេះ ជាសញ្ញាមួយបង្ហាញថា គ្មានការធ្លាក់ចុះឡើយ ជាមួយនឹងចំនួនជនភៀសខ្លួនជាង៦ពាន់នាក់បានសម្រាកនៅទីតាំងសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃទី០៦តុលា និងមាន៩៨០នាក់ផ្សេងទៀតបានប្រមូលផ្ដុំគ្នានៅស្ថានីយ៍រថភ្លើងកាលពីព្រឹកថ្ងៃទី០៧តុលា។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ។ ចំនួនជនភៀសខ្លួននិងជនចំណាកស្រុកកើនឡើងនៅតំបន់អឺរ៉ុប ជាពិសេសឆ្លងកាត់ប្រទេសអូទ្រីសចូលទៅអាល្លឺម៉ង់និងប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប ភាគច្រើនជាជនភៀសខ្លួនដោយសារសង្គ្រាមនៅស៊ីរី។

ពួកគេបានធ្វើដំណើរទាំងថ្ងៃទាំងយប់ ដើម្បីទៅដល់គោលដៅរបស់ខ្លួនស្វែងរកជីវិតថ្មី ហើយអ្នកខ្លះក៏ត្រូវចាប់ខ្លួន ទទួលរងទណ្ឌកម្មនៅពេលឆ្លងដែនខុសច្បាប់ ហើយអ្នកស្លាប់ក៏មានដោយសារតែឆ្លងកាត់យ៉ាងប្រថុយប្រថានតាមសមុទ្រ។ បច្ចុប្បន្ន ប្រទេសនៅតំបន់អឺរ៉ុបកំពុងចាត់វិធានការដោះស្រាយបញ្ហាជនភៀសខ្លួនទាំងនេះ ហើយក៏មានប្រទេសដទៃទៀតប្រកាសនឹងទទួលយកពួកគេនៅពេលក្រោយផងដែរ៕

website_news/2015091002.txt · Last modified: 2017/03/17 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki