website_news:2015101101

ពលរដ្ឋ ២ គ្រួសារសុំអាដហុកជួយរឿងគេយកកូន ៤ នាក់ទៅវ៉ៃបង្ខំឲ្យធ្វើការ

(http://www.postkhmer.com Mon, 9 November 2015)

កំពង់ឆ្នាំងៈ អង្គការអាដហុកគ្រោងនឹងបញ្ជូនបណ្តឹងពលរដ្ឋ ២ គ្រួសារទៅក្រសួងមហាផ្ទៃនៅសប្តាហ៍នេះដើម្បីសុំអន្តរាគមន៍ជួយកុមារ ៤ នាក់ដែលទទួលរងការវ៉ៃធ្វើបាប និងបង្ខំឲ្យដើរលក់គ្រឿងម្ជូរទាំងយប់នៅក្នុងរាជធានីភ្នំពេញ។ កុមារប្រមាណ ៨ នាក់កំពុងត្រូវបានថៅកែវ៉ៃធ្វើបាប និងបង្ខំឲ្យដើរលក់គ្រឿងម្ជូរអស់រយៈពេលជាច្រើនខែមកហើយដោយសារ ឪពុកម្តាយជំពាក់បំណុលគេ។ ក្នុងចំណោមក្មេងៗទាំងនោះមានម្តាយម្នាក់ និងបងស្រីចុងម្នាក់បានប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុកខេត្ត កំពង់ឆ្នាំងកាលពីថ្ងៃសុក្រសប្តាហ៍មុននិងកាលពីខែតុលាដើម្បីជួយ អន្តរាគមន៍។

កញ្ញា ឈៀង តាំងអ៊ី អាយុ ២៧ ឆ្នាំបានឲ្យដឹងថាម្តាយនាងបានខ្ចីលុយពីស្ត្រីឈ្មោះ ស៊ឹម ណេង នៅក្រុងកំពង់ឆ្នាំងចំនួន ១០០ ដុល្លារកាលពី ៤ ឆ្នាំមុន។ ដោយគ្មានលុយសងគាត់ក៏ឲ្យប្អូនស្រីម្នាក់ និងប្អូនប្រុសម្នាក់ដែលកាលនោះមានអាយុ ១១ ឆ្នាំ និង ៧ ឆ្នាំទៅនៅជាមួយអ្នកស្រី ណេង បណ្តោះអាសន្នឲ្យជួយធ្វើការងារផ្ទះ និងការងារចម្ការមួយចំនួនដោយមិនបានទៅសាលារៀនបរិភោគ និងដេកមិនគ្រប់គ្រាន់ឡើយ។ នាងបន្តថាប្រហែលជាង ៨ ខែមុននេះប្អូននាងទាំងពីរនាក់ដែលមានឪពុកផ្សេងគ្នាម្តាយតែមួយ ជាមួយនាងនោះត្រូវបានអ្នកស្រី ណេង យកទៅឲ្យរស់នៅជាមួយនឹងកូនប្រុសរបស់គាត់ពីរនាក់ឈ្មោះ មុំាង និងឈ្មោះ វិត ដើម្បីដើរលក់គ្រឿងម្ជូរនៅភ្នំពេញ។

តាំងអ៊ី បានអះអាងកាលពីម្សិលមិញថា៖ «គេឲ្យដើរលក់គ្រឿងម្ជូរចាប់ពីម៉ោង ៥ ឬ ៦ ល្ងាចរហូតដល់ម៉ោង ៣-៤ ភ្លឺ។ ដាក់ថាសទូលលើក្បាលហើយមានយួរដៃទៀតលក់តាមហាង។ លក់អស់ទើបឲ្យចូលផ្ទះ។ មិនអស់មិនឲ្យចូលផ្ទះទេ និងវ៉ៃទៀត»។ នាងបានបន្តថា ប្អូននាងត្រូវបានថៅកែទះកំផ្លៀងបើសិនជាចូលលក់នៅក្នុងហាងយូរ ពេកហើយលុយធីបដែលបានមកពីការធ្វើសរសៃឲ្យភ្ញៀវគឺត្រូវថៅកែដកយក ហើយវ៉ៃធ្វើបាបថែមទៀតដោយចោទថាពួកគេលួចកិបកេងលុយលក់ម្ជូរនោះ។ កញ្ញាថ្លែងថា៖ «ខ្ញុំអាណិតប្អូនណាស់។ គេយកជើងធាក់ក្បាល វ៉ៃនឹងខ្សែភ្លើង និងស្មា។ មួយថ្ងៃឲ្យបាយតែ ១ ទៅ ២ ពេលទេ។ ប្អូនប្រុសខ្ញុំគេធ្វើបាបជាងប្អូនស្រី។ សូមជួយប្អូនខ្ញុំផងខ្ញុំខ្លាចគេចាប់ទៅវិញធ្វើបាបលើសដើម។

តាំងអ៊ី បានឲ្យដឹងថាពីមុននាងធ្លាប់តែបានឮអ្នកជិតខាងប្រាប់ពីការ ធ្វើបាបនោះប៉ុណ្ណោះ ប៉ុន្តែ បន្ទាប់ពី បានជួបគ្នានៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌក្នុងខេត្តកំពង់ឆ្នាំងទើប ប្អូនៗនាងហ៊ានប្រាប់រឿងនោះដល់នាង។ ពួកគេមិនព្រមទៅវិញទេហើយបានជួយឲ្យនាំពួកគេមកភ្នំពេញ។ ដោយសារតែមានចិត្តអាណិតប្អូនៗពេកនាងក៏ព្រមនាំពួកគេមកភ្នំពេញ ជាមួយដែលធ្វើឲ្យអ្នកស្រី ស៊ឹម ណេង និងកូនប្តឹងនាងទៅតុលាការខេត្តកំពង់ឆ្នាំងពាក់ព័ន្ធទៅនឹងការនាំ ក្មេងមិនទាន់គ្រប់អាយុរត់ហើយនាងបានចូលទៅបំភ្លឺនៅតុលាការកាលពី ថ្ងៃសុក្រ។

លោក សំ ច័ន្ទគា អ្នកសម្របសម្រួលអង្គការអាដហុកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គ្រួសារទាំងពីរនោះបានសុំអន្តរាគមន៍ជួយកូន និងប្អូនសរុប ៤ នាក់។ ពួកគេមានអាយុពី ៧ ទៅ ១៤ ឆ្នាំដែលមានស្រីម្នាក់ និងប្រុស ៣ នាក់។ «៤ នាក់ហ្នឹងមានបណ្តឹងសុំអន្តរាគមន៍។ តែគេប្រាប់ថាកន្លែងនោះមានក្មេងៗសរុបទាំងអស់ ៨ នាក់ត្រូវគេរំលោភសិទ្ធិដូចគ្នានោះ»។

លោកស្រី ឡៃ អ៊ីម បុគ្គលិកអង្កេតផ្នែកស្ត្រី និងកុមាររបស់អង្គការអាដហុកខេត្តកំពង់ឆ្នាំងក៏បានឲ្យដឹងផងដែរថា គ្រួសារទាំងពីរនោះរកស៊ីលក់គ្រឿងម្ជូរដោយប្រើប្រាស់កម្លាំង ពលកម្មកុមារ។ លោកស្រីបានជួប និងសាកសួរក្មេងរងគ្រោះម្នាក់ហើយក្មេងនោះបានអះអាងប្រាប់ថាថៅកែ បានទះកំផ្លៀងមួលស្លឹកត្រចៀក វ៉ៃ និងឲ្យហូបចុកមិនគ្រប់គ្រាន់ទេ។ ពិសេសគឺពេលល្ងាចមិនឲ្យអ្វីហូបនោះទេ។ លោកស្រីថា៖ «គេប្រើរូបភាពឲ្យខ្ចីលុយហើយយកក្មេងទៅនៅជាមួយ។ ក្មេងនៅតូចមិនដឹងអីទេគេយកទៅវាទៅហើយ។ គ្រួសារទី ១ កូនប្រុសទាំង ២ គឺអាយុ ១២ ឆ្នាំ និង ១៤ ឆ្នាំ។

គ្រួសារទី ២ គឺស្រីអាយុ ១៥ ឆ្នាំ និងប្អូន ១១ ឆ្នាំ»។ អង្គការអាដហុកគ្រោងនឹងបញ្ជូនបណ្តឹងសុំអន្តរាគមន៍ទាំងនោះទៅ ក្រសួងមហាផ្ទៃនៅសប្តាហ៍នេះ។ ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពទាក់ទងទៅអ្នកស្រី ស៊ឹម ណេង ដើម្បីសុំអត្ថាធិប្បាយបានទេទាក់ទងទៅនឹងការចោទប្រកាន់នេះ។ ទោះយ៉ាងណាកញ្ញា តាំងអ៊ី និយាយថាអ្នកស្រី ស៊ឹម ណេង បានអះអាងថាម្តាយរបស់កញ្ញាបានផ្តិតមេដៃប្រគល់កូនផ្តាច់ទៅឲ្យ គាត់។

លោក សំ ច័ន្ទគាថា ករណីនេះជារឿងជួញដូរកម្លាំងពលកម្មកុមារហើយវាចម្លែកគឺនៅត្រង់ថា ភាគីអ្នកកេងប្រវ័ញ្ចហ៊ានចេញមុខប្តឹងអាណាព្យាបាលជនរងគ្រោះទៅវិញ។ លោកថា កន្លងមកធ្លាប់មានភាគីជនរងគ្រោះត្រូវបានគេដាក់ទោសទៅតាមបណ្តឹង ជនល្មើសដែរហើយលោកបារម្ភថាករណីនេះបើតុលាការធ្វើការស្រាវជ្រាវ មិនដិតដល់ទេនោះគ្រួសាររងគ្រោះក៏ទំនងជាត្រូវដាក់ទោសដែរ។ លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាតុលាការខេត្ត កំពង់ឆ្នាំង មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ៕

website_news/2015101101.txt · Last modified: 2017/03/20 12:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki