website_news:2015101103

ប៉ូលីសជាន់ខ្ពស់ថៃទទួលបន្ទុកលើការស៊ើបអង្កេតជួញដូរមនុស្សប្រកាសលាលែងពីតំណែង

( http://vayofm.com 09-11-2015 3:56 pm )

នៅទីបំផុត មន្ត្រីប៉ូលីសជាន់ខ្ពស់ទទួលបន្ទុកស៊ើបអង្កេតការជួញដូរមនុស្សលោក Paween Pongsirinបានប្រកាសលាលែងចេញពីតំណែង។ កន្លងមកលោកPaween Pongsirinធ្លាប់បានប្ដេជ្ញាថា នឹងបញ្ចប់ការធ្វើពាណិជ្ជកម្មខុសច្បាប់ និងបញ្ចប់ការការពារមន្ត្រីថៃដែលប្រព្រឹត្តខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីសិទ្ធិមនុស្សថៃនៅថ្ងៃទី០៩ វិច្ឆិកានេះ។ រដ្ឋាភិបាលថៃបានចោទប្រកាន់មនុស្ស៨៨នាក់ ក្នុងនោះមានទាហានថៃម្នាក់ និងមន្ត្រីប៉ូលីសថៃ៤នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សបន្ទាប់ពីអាជ្ញាធរថៃរកឃើញ ផ្នូរ៣០កន្លែងក្បែរព្រំដែនថៃ-ម៉ាឡេស៊ី។ កាលណោះអន្តរជាតិបានជំរុញយ៉ាងខ្លាំង ដើម្បីចាប់ខ្លួនអ្នកចូលរួមក្នុងការជួញដូរមនុស្ស។

ក្រុមមន្ត្រីសិទ្ធិមនុស្សបានបញ្ជាក់ថា ថៃបើកការស៊ើបអង្កេតអ្នកជួញដូរមនុស្ស ក៏បានធ្វើឱ្យមានវិបត្តិជនចំណាកស្រុកមកពីមីយ៉ាន់ម៉ា និងបង់ក្លាដេសជាប់គាំងនៅកណ្ដាលសមុទ្រ ដោយសារឈ្មួញរបស់ពួកគេបោះបង់ចោល។ យ៉ាងណាក៏ដោយ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីបានសម្រេចយកជនភៀសខ្លួនទាំងនោះ ឱ្យរស់នៅក្នុងប្រទេសខ្លួនហើយ។ ក្រុមមន្ត្រីសិទ្ធិមនុស្សបានបន្ថែមដែរថា ទោះបីថៃបើកការបង្ក្រាបអ្នកជួញដូរមនុស្ស ក៏សហរដ្ឋអាមេរិកចាត់ទុកថា ថៃជាប់ចំណាត់ថ្នាក់លេខ៣នៃការជួញដូរមនុស្សនៅទូទាំងពិភពលោក។បើតាមប្រធានប៉ូលីសជាតិថៃលោក Jakthip Chaijindaបានបញ្ជាក់ថា លោកPaween Pongsirin អាចស្នើសុំការពារខ្លួនបាន ប៉ុន្តែលោកបានប្រកាសលាលែងពីតំណែងជំនួសវិញ។

បើតាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ពាក់ព័ន្ធនឹងមូលហេតុនៃការចុះចេញពីតំណែងរបស់មន្ត្រីប៉ូលីស ជាន់ខ្ពស់ថៃ មិនអាចសុំការទាក់ទងលោកPaweenបានឡើយ។សូមបញ្ជាក់ថា នៅថ្ងៃទី១០វិច្ឆិកា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សចំនួន៨៨នាក់ នឹងត្រូវផ្លាស់ទីពីភាគខាងត្បូងប្រទេសថៃទៅទីក្រុងបាងកក ដើម្បីដោះស្រាយករណីការជួញដូរមនុស្ស និងចាប់ពិនិត្យសាក្សីឡើងវិញ ក្នុងការកាត់ទោសទៅតាមផ្លូវច្បាប់ថៃ៕

website_news/2015101103.txt · Last modified: 2017/03/20 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki