website_news:2015101104

ជនសង្ស័យជួញដូរមនុស្ស៨៨នាក់ត្រូវបញ្ជូនទៅកាន់ទីក្រុងបាងកក មុនការវិនិច្ឆ័យទោស

(http://beta.nokorwatnews.com ថ្ងៃទី១០ វិច្ឆិកា ២០១៥ )

មនុស្ស៨៨នាក់ដែលសង្ស័យជាប់ ពាក់ព័ន្ធក្នុងករណីជួញដូរមនុស្សត្រូវនាំទៅកាន់ទីក្រុងបាងកក មុនការវិនិច្ឆ័យទោសរបស់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ជនសង្ស័យទាំងនេះត្រូវបញ្ជូនដើម្បីឲ្យសាក្ស៊ីចង្អុលបង្ហាញមុខ មុនការជនុំជម្រះទោសកើតឡើង ក្រោយវិធានការយ៉ាងតឹងរ៉ឹងប្រទេសនេះក្នុងការប្រឆាំងទៅលើក្រុម ជួញដូរ ក្រុមរត់ពន្ធមនុស្សខុសច្បាប់ នៅអំឡុងពេលចុងក្រោយនេះ ។ ការបង្ហាញមុខដល់សាក្ស៊ីពីសំណាក់ជនសង្ស័យទាំងនោះត្រូវធ្វើឡើង អូសបន្លាយពេលរហូតដល់៤ថ្ងៃ ហើយបន្ទាប់មកនឹងមានការជំនុំជម្រះទោស ដែលសវនាការត្រូវគេមើលឃើញថា មានរយៈកាលយូរអង្វែង ស្មុគស្មាញ ជាងសំណុំរឿងណាៗទាំងអស់ ។

ការស៊ើបអង្កេត និងការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះបន្ទាប់ពីមានការរកឃើញថា សាកសពប្រមាណជា៣០ កាលពីខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងរណ្តៅមួយក្នុងជំរុំជួញដូរមនុស្សកណ្តាលព្រៃជ្រៅ ជិតព្រំដែនថៃ-ម៉ាឡេស៊ី ។ ការរកឃើញរណ្តៅសាកសពរួមនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ និងការរិះគន់ជាអន្តរជាតិ ។ ទោះបីយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សមួយចំនួនបានដាក់ការសង្ស័យថាទៅលើអាកប្បកិរិយា របស់អាជ្ញាធរនៅក្នុងការអនុវត្តដើម្បីបញ្ចប់ការធ្វើពាណិជ្ជកម្ម ខុសច្បាប់ ក្រោយអំពីមេប៉ូលិសជាន់ខ្ពស់មួយរូប កាលពីចុងសប្តាហ៍មុននេះបានលាលែងពីតំណែង ដោយសារតែមានការស៊ើបអង្កេតស្រាវជ្រាវឃើញថា មានជាប់ពាក់ព័ន្ធក្នុងករណីល្វើសច្បាប់នោះ ។ មេប៉ូលិសជាន់ខ្ពស់ Paween Pongsirin ដែលក្រុមរបស់លោកជាច្រើននាក់ត្រូវគេចាប់ខ្លួននោះ បានថ្លែងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា បទបញ្ជាថ្មីដែលបញ្ជូនលោកទៅកាន់តំបន់ភាគខាងត្បូងនោះ ធ្វើឲ្យលោកមានការព្រួយបារម្ភថា នឹងទទួលរងការសងសឹកដោយក្រុមជួញដូរមនុស្សខុសច្បាប់ ខណៈដែលក្រុមនេះកំពុងមានចំនួនច្រើននៅទីនោះ ។

លោក Pawwen បានបញ្ជាក់ថា ក្រុមរបស់លោកទំនងមានការបែកខ្ញែក ហើយការណ៍នេះនាំឲ្យមានការព្រួយបារម្ភចំពោះការការពារដល់មន្ត្រី ប៉ូលិស ក៏ដូចជាសាក្ស៊ីឃើញហេតុការណ៍ផ្ទាល់ភ្នែកនៅមុនការជំនុំជម្រះទោស ដោយសារតែពួកគេធ្លាប់ទទួលរងការគំរាមកំហែងបំភិតបំភ័យ ។ លោកបន្តថា លោកពិតជាសុំទោសចំពោះបញ្ហានេះ លោកចង់នៅបន្តបម្រើប្រយោជន៍សង្គមដោយនៅធ្វើជាប៉ូលិស ។ ជនភៀសខ្លួនខុសច្បាប់ ភាគច្រើនជាជនជាតិដើមភាគតិច រ៉ូហ៊ីនយ៉ា មកពីភាគខាងកើតមីយ៉ាន់ម៉ា និងបង់ក្លាដែស ដែលរងទុក្ខបុកម្នេញខាងជំនឿសាសនា និងការរស់នៅនោះ ជានិច្ចកាលតែងតែផ្សងព្រេងធ្វើដំណើរតាមផ្លូវទឹកចូលទៅកាន់ប្រទេស ម៉ាឡេស៊ី និងប្រទេសថៃ ។ ជនភៀសខ្លួនទាំងនោះជាញឹកញាប់ត្រូវគេឃុំឲ្យនៅក្នុងព្រៃជ្រោះ ដើម្បីទាមទាររកលោះ អ្នកខ្លះទទួលរងការធ្វើទារុណកម្ម និងការអង់អាហារជាដើម ។ ជនសង្ស័យពាក់ព័ន្ធករណីរត់ពន្ធមនុស្សខុសច្បាប់៨៨នាក់ត្រូវ បញ្ជូនទៅកាន់រាជធានីបាងកកតាមរថយន្តក្រុង២គ្រឿង ។

ក្នុងនោះផងដែរ មានអតីតមន្ត្រីប៉ូលិស២នាក់ ដែលសមត្ថកិច្ចអះអាងថា សង្ស័យជាប់ពាក់ព័ន្ធជាមួយបណ្តាញក្រុមជួញដូរមនុស្ស ។ លោក Patchuban Angchotipan អតីតជាមន្ត្រីរដ្ឋាភិបាលខេត្ត Satun ភាគខាងត្បូងថៃ ខណៈដែល លោក Manas Kongpan អតីតមានតួនាទីជាអ្នកដឹកនាំរបស់ក្រុមប្រតិបត្តិការទប់ស្កាត់ ជនភៀសខ្លួនខុសច្បាប់ប្រចាំនៅតំបន់សមុទ្រAndaman ជាអ្នកដែលសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយក្រុមជួញដូរមនុស្សខុសច្បាប់ ៕

website_news/2015101104.txt · Last modified: 2017/03/20 12:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki