website_news:2015111102

ឃាត់ខ្លួនពលករខ្មែរ បម្រុងឆ្លងដែនខុសច្បាប់ ២៤នាក់ តាមច្រកម៉ាឡៃ

( http://www.rasmeinews.com ថ្ងៃទី 11 វិច្ឆិកា 2015 ម៉ោង 11:20:AM )

បន្ទាយមានជ័យ: ពលករចំនួន២៤នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅរកការងារធ្វើនៅ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ភូមិដំបូកវិល ឃុំ-ស្រុកម៉ាឡៃ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោកឧ ត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកម៉ាឡៃ និងកម្លាំង នគរបាលវរៈ៨១៥ ប៉ុស្តិ៍ក្បាលស្ពាន បានចុះទប់ស្កាត់ ការឆ្លងដែនខុសច្បាប់ របស់ពលករខ្មែរដោយឃាត់ខ្លួនបាន២៤នាក់ មានស្រី៧នាក់ កុមារ៦នាក់។

ក្រោយពី ធ្វើការ អប់រំ សមត្ថកិច្ចបានអោយពួកគាត់ត្រឡប់ ទៅលំនៅស្ថាន វិញរៀងៗខ្លួន។ លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា ការធ្វើចំណាកស្រុកដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ដែលមិនគួរប្រថុយ ប្រថានសោះឡើយ។ ហេតុនេះ កម្លាំងរបស់លោកបានធ្វើការចុះល្បាត និងរឹតបន្តឹងការពារនៅតាមច្រកព្រំដែន មិនអោយមានការឆ្លងដែនខុសច្បាប់ទេ។ លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់បើចង់ធ្វើចំណាកស្រុកត្រូវមានលិខិតឆ្លងដែន ដោយស្របច្បាប់វិញ ទើបប្រសើរជាង៕

website_news/2015111102.txt · Last modified: 2017/03/20 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki