website_news:2015111103

ថៃបើកសវនការទ្រង់ទ្រាយធំ កាត់ទោសក្រុមជួញដូរមនុស្ស

(http://km.rfi.fr 10/11/201510/11/2015 )

តុលាការ ថៃ កាលពីថ្ងៃ អង្គារ ទី ១០វិច្ឆិកា បានបើកសវនការកាត់ទោសក្រុមជួញមនុស្ស ដែលអាជ្ញាធរថៃ ទើបចាប់ខ្លួន បាននៅក្នុងយុទ្ធនាការបង្រ្កាបបណ្តាញជួញដូរមនុស្សកាលពីពាក់កណ្តាល ឆ្នាំនេះ។ គឺការរកឃើញ រណ្តៅកប់សាកសព នៅក្នុងព្រៃ ក្បែរព្រំដែនថៃ ម៉ាឡេស៊ី ដែលជំរុញឲ្យរបបសឹកថៃ បើកប្រតិបត្តិការចាប់ក្រុមជួញដូរមនុស្ស ដែលនៅក្នុងនោះ មានជាប់ពាក់ព័ន្ធផងដែរ មន្រ្តីយោធាជាន់ខ្ពស់ និងអ្នកជំនួញថៃ។ សំណុំរឿង ជួញដូរមនុស្ស ដែលតុលាការថៃ ទើបចាប់បើកដំបូង កាលពីថ្ងៃអង្គារ មានជនសង្ស័យដល់ទៅ ៨៨នាក់ ហើយនិងសាក្សី ប្រមាណ ៥០០នាក់។

តាមមន្រ្តីតុលាការថៃ គេត្រូវការពេលវេលាយ៉ាងតិច២ឆ្នាំ ដើម្បីពិនិត្យ សំណុំរឿង និងសាកសួរសាក្សីប្រមាណ២០០នាក់។ ចង់ ឬមិនចង់ សវនការជំនុំជម្រះក្រុមជួញដូរមនុស្ស នឹងប្រព្រឹត្តទៅក្នុងរយៈពេល យូរ មុននឹងចៅក្រមប្រកាសសាលក្រម ផ្តន្ទាទោសក្រុមជួញដូរមនុស្ស។

តាមទីភ្នាក់ងារព័ត៌មានបារាំង AFP ក្នុងចំណោមជនសង្ស័យជួញដូរមនុស្ស ទាំង ៨៨នាក់ ដែលលេចមុខនៅតុលាការ កាលពីថ្ងៃអង្គារម្សិលមិញ មានខ្លះនិយាយភាសាថៃ ភាសា ម៉ាឡេ ឬភាសារ៉ូហ៊ីងយ៉ា របស់ជនជាតិភាគតិចដែលរស់នៅប្រទេសភូមា។ ពួកគេត្រូវបានតុលាការថៃ ចោទប្រកាន់ថា បានចូលរួម ឬមានពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដែលប្រព្រឹត្តឡើង ចន្លោះឆ្នាំ២០១១ និងឆ្នាំ ២០១៥។ ក្នុងចំណោមជនសង្ស័យមានផងដែរ មន្រ្តីយោធាថៃ ៤នាក់ ដែលក្នុងនោះ មានលោកម៉ាណាស់ គង់ព័ន្ធ មេបញ្ជាការយោធាថៃដែលត្រូវគេចាត់ទុកថា មេជំហរបណ្តាញជួញដូរមនុស្សនៅថៃ។

តាមមេធាវី របស់លោកម៉ាណាស់ កូនក្តីរបស់លោកបាននិយាយការពារខ្លួនជាជនស្អាតស្អំ។ ចៅក្រមថៃម្នាក់ បាននិយាយថា ជនចោទប្រកាន់ទាំង ៨៨នាក់ បានបណ្តោយឲ្យជនរងគ្រោះស្លាប់ ដោយការអត់ឃ្លាន និងគ្មានថ្នាំព្យាបាល។ លើសពីនោះ ពួកគេបានលាក់កប់សាកសពជនរងគ្រោះ កណ្តាលព្រៃភ្នំ។ ប្រទេសថៃ ជាច្រកឆ្លងកាត់សំខាន់របស់ក្រុមឈ្មួញជួញដូរមនុស្ស។

កាលពីខែឧសភា របបសឹកថៃ បានបើកប្រតិបត្តិការបង្រ្កាបក្រុមមេខ្យល់ ដែលនាំជនជាតិបង់ក្លាដែស និងរ៉ូហ៊ីងយ៉ា ឆ្លងកាត់ទឹកដីភាគខាងត្បូងថៃ សំដៅប្រទេសម៉ាឡេស៊ី។ វិធានការរបស់រដ្ឋាភិបាលថៃ បានឈានទៅដល់ការរកឃើញ រណ្តៅសាកសពជនអន្តោប្រវេសន៍ និងការបំផ្លាញបណ្តាញជួញដូរមនុស្ស ដែលសកម្មខ្លាំង នៅប្រទេសថៃ ដោយសារតែការបិទភ្នែក ពីរដ្ឋាភិបាល ឬការចូលរួមពាក់ព័ន្ធរបស់មន្រ្តីយោធាថៃ។

អ្នកតំណាងអង្គការការពារសិទ្ធិមនុស្សHuman Rights Watch អបអរនឹងការបើកសវនការកាត់ទោសក្រុមជួញដូរមនុស្ស ប៉ុន្តែ បានអំពាវនាវឲ្យមានការការពារសន្តិសុខដល់សាក្សី។ គេបារម្ភផងដែរ ពីឆន្ទៈរបស់រដ្ឋាភិបាលថៃ ក្នុងការប្រយុទ្ធប្រឆាំងក្រុមជួញដូរមនុស្ស ឲ្យដល់ឫសគល់ បន្ទាប់ពីប្រធានក្រុមស៊ើបអង្កេតការជួញដូរមនុស្សបានលាឈប់ពីតំណែង ដោយសារបារម្ភពីសន្តិសុខផ្ទាល់ខ្លួន។

ឧត្តមសេនីយ៍ទោ ប៉ាវីន ពង់ស៊ីរិនបាននិយាយកាលពីថ្ងៃចន្ទថា លោកបានរំលាយចោលអង្គភាពរបស់ខ្លួន កាលពីចុងសប្តាហ៍មុន ហើយ ការផ្ទេររូបលោកផ្លាស់ទៅធ្វើការនៅភាគខាងត្បូងថៃ គឺដូចជាបញ្ជូនរូបលោកទៅឲ្យក្នុងដៃរបស់បណ្តាញក្រុមជួញដូរមនុស្សដែល កំពុងសកម្មនៅភាគខាងត្បូង និងកំពុងរង់ចាំសងសឹក។ និយាយសាមញ្ញ គឺដូចជាបញ្ជូនទៅឲ្យខ្លាចាប់ហែកស៊ី យ៉ាងដូច្នេះដែរ៕

website_news/2015111103.txt · Last modified: 2017/03/20 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki