website_news:2015111201

កម្ពុជា-ម៉ាឡេស៊ីចុះ MOU ស្ដីពីការប្រើប្រាស់កម្លាំង ពលកម្ម និងការជ្រើសរើសពលករខ្មែរធ្វើការតាមផ្ទះ

(“http://www.freshnewsasia.com 2015-12-10)

(ភ្នំពេញ)៖ កម្ពុជា និងម៉ាឡេស៊ី ចុះអនុស្សារណយោគយល់គ្នា (MoU) ស្តីពីការប្រាស់កម្លាំងពលកម្ម និងការជ្រើសរើស ឲ្យពលករខ្មែរ ធ្វើការនៅតាមផ្ទះ ដោយរំពឹងថា នឹងជួយការពារសិទ្ធិ និងផលប្រយោជន៍ របស់ពលករ កម្មករ និងនិយោជិត នៃប្រទេសទាំងពីរ។

អនុស្សារណៈយោគយល់នេះ ត្រូវបានធ្វើឡើងរវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងលោក Dato Sri Richart Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលលោក អ៊ិត សំហេង បំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹង ថា អនុស្សារៈ ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម និងអនុស្សារណៈស្តីពីការជ្រើសរើស និងដាក់ឲ្យពលករខ្មែរធ្វើការតាមផ្ទះនេះ គឺជាឧប ករណ៍ ដ៏សំខាន់សម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ កម្មករ និងនិយោជិត នៃប្រទេសទាំងពីរ ទាំងនៅក្នុងដំណាក់កាល ជ្រើសរើសធ្វើការ និងមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកំណើត។ មិនតែប៉ុណ្ណោះ អនុស្សារណៈ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិ បត្តិការលើវិស័យការងាររវាងកម្ពុជា-ម៉ាឡេស៊ី ស្របតាមក្របខណ្ឌសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានឲ្យដឹងផងដែរថា ក្នុងជំនួបពិភាក្សាថ្ងៃទី ១០ ខែធ្នូ លោក អ៊ិត សំហេង និង Dato Sri Richart Riot Anak Jaem ក៏បានឯកភាពគ្នាលើកិច្ចព្រមព្រាងចំនួន ៧ចំណុចផ្សេងទៀតរួមមាន៖

១. ជំរុញមន្រ្តីជំនាញ នៃប្រទេសទាំងពីរជួបប្រជុំពិភាក្សាគ្នាឲ្យបានឆាប់ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ត MoU ទាំងពីរនេះ។ ២. បង្កើតប្រព័ន្ធគ្រប់គ្រងពលករ កម្មករ និយោជិត តាមប្រព័ន្ធអេឡិចត្រូនិច។

៣. ធ្វើបច្ចុប្បន្នភាពពលករកម្ពុជានៅម៉ាឡេស៊ី។

៤. ភាគីម៉ាឡេស៊ី នឹងជួយសម្រួលក្នុងការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលមិនទានស្របច្បាប់។

៥. បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក។

៦. ចាត់វិធានការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

៧. រដ្ឋមន្រ្តីក្រសួងធនធានមនុស្សម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាឆ្នាំ២០១៦ខាងមុខ តាមការអញ្ជើញរបស់ភាគី កម្ពុជា។ សមិទ្ធផលលើវិស័យការងាររវាងកម្ពុជា-ម៉ាឡេស៊ី នៅថ្ងៃនេះ គឺការវិវឌ្ឍន៍ថ្មីទៀត ដើម្បីជាប្រយោជន៍ដល់ពលករ ពលការិនីកម្ពុជា ដែល ជារឿយៗតែងតែបានចាញ់ក្រុមមេខ្យល់ជួយដូរកម្លាំងពលកម្មទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងតែងទទួលបការធ្វើទុក្ខបុកម្នេញ និង រងការប្រើហិង្សាយ៉ាងដំណំជាដើមនោះ៕

website_news/2015111201.txt · Last modified: 2017/03/20 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki