website_news:2015121101

ស្ត្រីខ្មែរម្នាក់ធ្លាប់បម្រើការតាមផ្ទះនៅម៉ាឡេស៊ី ចងកសម្លាប់ខ្លួន

(http://www.postkhmer.com Wed, 11 November 2015 )

ត្បូងឃ្មុំ៖ ស្រ្តីបម្រើការតាមផ្ទះនៅម៉ាឡេស៊ីដែលត្រឡប់មកផ្ទះវិញម្នាក់ បានធ្វើអត្ដឃាតដោយចងកនៅក្នុងបន្ទប់ទឹកស្ថិតនៅឃុំ គរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលក្រុមគ្រួសារអះអាងប្រាប់សមត្ថកិច្ចថា នាងមានសតិមិនគ្រប់ពេលត្រលប់មកពីម៉ាឡេស៊ីវិញ។ លោក អ៊ូ សុធារី នាយប៉ុស្តិ៍ឃុំគរបានឲ្យដឹងថា ក្រុមគ្រួសារបានប្រទះឃើញសពព្យួរកនឹងខ្សែអង្រឹងក្នុងបន្ទប់ទឹក ក្រោយពីឪពុកម្តាយនិងក្រុមគ្រួសារចេញទៅវាលស្រែ។ ស្រ្តីឈ្មោះ ញ៉ ស្រីលីម អាយុ ៣០ ឆ្នាំរស់នៅក្នុងភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាងធ្លាប់បម្រើការជាស្រ្តីមេផ្ទះចាប់តាំងពីឆ្នាំ ២០០៨ ហើយវិលមកស្រុកកំណើតវិញកាលពីខែមេសា ឆ្នាំ ២០១៥។ លោកថា «ស្រ្តីរូបនោះធ្វើការនៅ ម៉ាឡេស៊ី ៥ ឆ្នាំមកហើយ ហើយទើបវិលមកស្រុកវិញក្នុងឆ្នាំនេះ ក្រុមគ្រួសារថាពេលត្រលប់មកវិញគាត់មានសតិអត់គ្រប់គិតច្រើនហើយ ក្រុមគ្រួសារយកទៅព្យាបាលតែមិនជា។ ក្រុមគ្រួសារសង្ស័យថា នាងធ្លាប់ប្រើថ្នាំ»។

ប៉ូលិសបានសន្និដ្ឋានថា ករណីនេះស្រ្តីរូបនោះពិតជាបានធ្វើអត្តឃាតមែន មិនមែនករណីធ្វើឃាតនោះទេក្រោយពី ពិនិត្យសាកសពរួច។ លោក ឆែម សំណាង មេឃុំគរ បានឲ្យដឹងដែរថា ចាប់តាំងពីនាងត្រឡប់មកបម្រើពីប្រទេសម៉ាឡេស៊ីវិញជាមួយហ្នឹងសតិ មិនប្រក្រតីក្រុមគ្រួសារមិនឲ្យនាងចេញធ្វើការឬស្នាក់នៅផ្ទះតែ ម្នាក់ឯងនោះទេ។ លោកថា «តាំងពីមកពី ម៉ាឡេស៊ីវិញនាងប្រែមិនធម្មតាដូចមនុស្សទូទៅគិតតែពីច្រៀននិង រាំតែឯងគ្រួសារមិនដែលឲ្យនាងនៅផ្ទះម្នាក់ឯងទេ ទើបថ្ងៃកើតហេតុគ្រួសាររវល់ទាំងអស់គ្នានៅចំការទើបនាងអាចគិត ខ្លី»។

លោក វ៉ន សេងធុយ មន្រ្តីអង្កេតអង្គការលីកាដូ ប្រចាំខេត្ត ត្បូងឃ្មុំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថានៅតែមានស្រ្តីខ្មែរដែលរស់នៅ ត្បូងឃុំព្យាយាមចាកចេញនិងចាកចេញទៅធ្វើការនៅក្រៅប្រទេស តួយ៉ាងដូចជានៅ ប្រទេសម៉ឡេស៊ីនិងចិនជាដើម តាមរយៈមេខ្យល់ហើយក្រុមគ្រួសារមកប្តឹងជួយអន្តរាគមន៍រឿងត្រូវគេ ធ្វើបាបនិងបាត់ដំណឹងជាដើម។ លោកថា «ជាធម្យម លីកាដូ ទទួលបានពាក្យបណ្តឹងយ៉ាងហោចណាស់ ២ ទៅ ៣ ក្នុងមួយខែរឿងក្រុមគ្រួសារមកប្តឹងឲ្យជួយរឿងបាត់ដំណឹងកូននិង ករណីរងការធ្វើបាបជាដើម»៕

website_news/2015121101.txt · Last modified: 2017/03/20 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki