website_news:2015121103

មេដឹកនាំអាហ្រ្វិក និងសហភាពអឺរ៉ុបជួបគ្នា ដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក

(http://khmer.voanews.com 11 វិច្ឆិកា 2015 )

ក្រុមមេដឹកនាំជាង៦០នាក់មកពីទ្វីបអាហ្វ្រិក និងសហភាពអ៊ឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះនៅប្រទេសម៉ាល់តា ដើម្បីធ្វើឲ្យការឆ្លើយតបរបស់ពួកគេចំពោះវិបត្តិជនចំណាកស្រុកមាន លក្ខណៈល្អប្រសើរឡើង។ វិបត្តិជនចំណាកស្រុកនេះបានធ្វើឲ្យមនុស្សរាប់សែននាក់ ភៀសខ្លួនទៅទ្វីបអឹរ៉ុបក្នុងឆ្នាំនេះ។សហភាពអឺរ៉ុបនិយាយថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតទៅលើការដោះស្រាយបញ្ហា ដែលទាក់ទងនឹងមូលហេតុនៃការចាកចេញរបស់ប្រជាជនពីប្រទេសកំណើតរបស់ពួកគេ ការរៀបចំឲ្យបានល្អជាងមុននូវច្រកចេញចូលស្របច្បាប់ ការជំរុញកិច្ចការពារជនចំណាកស្រុក ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស អាហ្វ្រិក ស្តីពីការបញ្ជូនជន ដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សុំសិទ្ធិជ្រកកោនឲ្យ ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាស់ (Donald Tusk) បាននិយាយកាលពីថ្ងៃអង្គារថា មិនថាកិច្ចប្រជុំនេះនិយាយអំពីការសម្របសម្រួលលិខិតឆ្លងដែន ឬការបញ្ជូនប្រាក់ត្រឡប់មកស្រុកកំណើតវិញ ឬក៏ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក៏ដោយ ក៏កិច្ចប្រជុំនេះនឹងនិយាយពីសកម្មភាព និងការធ្វើប្រតិបត្តិការជាក់ស្ដែងតែម្តង។ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះ អឺរ៉ុបនឹងផ្តល់ជំនួយថ្មីទៀតដែលមានទឹកប្រាក់១,៨ពាន់លាន ដុល្លារអាមេរិកដល់បណ្តាប្រទេសនៅអាហ្វ្រិក។ ប៉ុន្តែក្រុមអ្នករិះគន់បានសួរសំណួរអំពីការឆ្លើយតបរបស់អឺរ៉ុប ដោយនិយាយថា សហភាពអឺរ៉ុបកំពុងព្យាយាមរុញច្រានប្រជាជនឲ្យវិលត្រឡប់ទៅរកកន្លែង ដែលគេមានមន្ទិលអំពីសិទ្ធិមនុស្ស និងកង្វះឱកាសសេដ្ឋកិច្ចជាដើម៕

website_news/2015121103.txt · Last modified: 2017/03/20 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki