website_news:2015131102

ស្ត្រីខ្មែរម្នាក់គេចផុតពីនរកកាមតណ្ហា នៅប្រទេសកូរ៉េ

(http://sensoknews.com August 18, 2015 )

រាជធានីភ្នំពេញ : អាពាហ៍ពិពាហ៍ជារូបភាពមួយដែលគេមើលឃើញថា ជាមធ្យោបាយមួយដ៏ល្អបំផុត ដើម្បីឲ្យបានទៅរស់នៅលើទឹកដីប្រទេសមួយដែលមានការអភិវឌ្ឍ និងរីកចម្រើនជាង ប្រទេសកំណើត។ នៅក្នុងសង្គមខ្មែរជាទូទៅគេតែងតែជញ្ជក់មាត់សរសើរថា នាងនេះ ឬនាងនោះ ពិតជាមានសំណាងណាស់ ដែលបានប្តីជាជនបរទេសមានប្រាក់កាសច្រើន ប៉ុន្តែសម្រាប់នារីខ្មែរម្នាក់នេះមិនដូច្នេះទេ។

ម្តាយនារីរងគ្រោះ អ្នកស្រី ម.ច.ន. អាយុ៥៣ឆ្នាំដែលសព្វថ្ងៃនេះរស់នៅក្នុងទឹកដីខេត្តកំពង់ធំបានរៀបរាប់ ពីដំណើរដើមទងនៃសាច់រឿងនេះទាំងអារម្មណ៍ក្តុកក្តួលលាយឡំដោយ ទឹកភ្នែករលីងរលោងថាកូនស្រីរបស់គាត់ ដែលជានារីរងគ្រោះនោះមានឈ្មោះ អ.ព.ទ.វ.បានរៀបការជាមួយ នឹងជនជាតិកូរ៉េម្នាក់ដែលសព្វថ្ងៃ អាយុ៤៣ឆ្នាំ។ អ្នកស្រី ម.ច.ន.មិនបានបង្គាប់ថ្លៃទឹកដោះ ឬថ្លៃផ្ទះប៉ុន្មាននោះទេ ប៉ុន្តែខាងកូនប្រុសបានជូនមួយពាន់ដុល្លារអាមេរិក។ បើតាមអ្វីដែលគាត់បានដឹងខាងកូនប្រុស នោះឲ្យមេខ្យល់ ឬមេអណ្តើករបស់គេប្រមាណជាប្រាំពាន់ដុល្លារអាមេរិកឯណោះ។

បន្ទាប់ពីទទួលបានប្រាក់ចំនួនមួយពាន់ដុល្លារ និងកំណត់ថ្ងៃរៀបការរួចរាល់អស់ហើយ គ្រួសារគាត់មានការរារែកចិត្ត និងមានការព្រួយបារម្ភជាខ្លាំង ព្រោះឮគេនិយាយថាអ៊ីចេះ អ៊ីចុះ ពីការទៅរស់នៅបរទេសពិសេសប្រទេសកូរ៉េនេះឯង។ គាត់ចង់បញ្ឈប់មង្គលការនេះប៉ុន្តែគាត់ត្រូវប្រឈមមុខនឹងបញ្ហាមួយ ដ៏ធំដែលគាត់មិនមានលទ្ធភាពដោះ ស្រាយចេញនោះ គឺការសងថ្លៃជំងឺចិត្តទៅគេវិញទ្វេមួយជាបី (បីពាន់ដុល្លារអាមេរិក)។

អ្នកស្រី ម.ច.ន. បាននិយាយថា “ខ្ញុំសុខចិត្តលក់ផ្ទះ និងដីដែលកំពុងរស់នៅយកប្រាក់សងជំងឺចិត្តគេចំនួនបីពាន់ដុល្លារ អាមេរិក”។ ដោយមើលឃើញពីស្ថានភាពទុក្ខលំបាករបស់ម្តាយបែបនេះនារីរងគ្រោះបាន បង្ខំចិត្តចូលរោងការ និងទៅរស់នៅប្រទេសកូរ៉េជាមួយប្តីទាំងមានអារម្មណ៍ភិតភ័យ។ បើទោះបីជាលក់ផ្ទះ និងដីក៏គ្មានកន្លែងសម្រាប់ជ្រកកោនដែរ ហេតុនេះមានតែពឹងលើព្រេងសំណាងទេ។ ពេលទៅដល់ប្រទេសកូរ៉េ ដំបូងឡើយប្តីរបស់នាងមិនទាន់ធ្វើទុក្ខបុកម្នេញដល់រូបនាងនោះទេ ប៉ុន្តែម្តាយក្មេកនាងចាប់ផ្តើមប្រកាន់ និងធ្វើបាបនាងភ្លាម។

មួយឆ្នាំក្រោយមកនារីរងគ្រោះបង្កើតបានកូនប្រុសម្នាក់ ទាំងប្តី ទាំងម្តាយក្មេក ចាប់ផ្តើមធ្វើបាបនាងកាន់តែខ្លាំងឡើងៗ គឺការជេរស្តីមាក់ងាយដោយគ្មានមូលហេតុ។ កាន់តែអាក្រក់ និងអមនុស្សធម៌ ជាងនេះទៅទៀតនោះ ប្តីរបស់នាងបានវាយដំលើរូបរាងកាយ នាងស្ទើររៀងរាល់ថ្ងៃ ហើយពេលមានរបួសស្នាមមិនឲ្យព្យាបាល។ នាងត្រូវប្តីបង្ខាំងមិនឲ្យចេញក្រៅផ្ទះ និងរំលោភបំពានលើសិទ្ធិសេដ្ឋកិច្ច សិទ្ធិពលកម្មនាងទៀតផង ដូចជាពេលថ្ងៃដឹកនាងឲ្យទៅធ្វើការនៅចម្ការកសិដ្ឋាននៅក្រោម កម្តៅថ្ងៃដោយស្ថិតនៅក្រោមការយាមកាមខ្លាចនាងលួចរត់។

រីឯលោកប្តីវិញអង្គុយនៅក្នុងរថយន្តបើកម៉ាស៊ីនត្រជាក់។ ពេលយប់យកការងារឲ្យនាងធ្វើនៅផ្ទះទៀតដូចជាបកមើមដំឡូងដល់ ពាក់កណ្តាលអាធ្រាត្រជាដើម។ ប្តីមិនឲ្យប្រាក់ចាយ និងមិនទាំងឲ្យកម្រៃពលកម្មដល់នាងថែមទៀត។ ប្តីបរិភោគអាហារឆ្ងាញ់ៗ ប៉ុន្តែ រូបនាងមិនបានបរិភោគទេ។ ក្រោយពេលបាយ ប្តីអង្គុយនៅផ្ទះផឹកស្រាបណ្តើរ ជេរប្រមាថនាងបណ្តើរ ដូចជាខ្ញុំកញ្ជះ។ ពេលនាងទ្រាំមិនបានតមាត់ ប្តីរក លេសវាយធ្វើបាបជាដំណំ។ ការធ្វើបាបនេះក្នុងគោលបំណងធ្វើឲ្យនាងមានការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ទ្រាំមិនបាន ហើយវិលត្រឡប់មកស្រុកខ្មែរ វិញតែម្នាក់ឯង ដោយទុកកូនឲ្យគ្រួសារគេ។ គេចង់តែឲ្យយើងបង្កើតកូនឲ្យគេ ហើយដេញយើងត្រឡប់មកនៅស្រុកយើងវិញ។

ទីបំផុតឱកាសល្អបានហុចឲ្យនាងពេលដែល កូនរបស់នាងឈឺ ដោយនាងបានយកលេសថាយកកូនមកពេទ្យ ព្រោះតាមធម្មតាគេមិនឲ្យនាងទៅណានោះទេ។ សំណាងល្អបន្ទាប់ពីដឹងថាមានរថយន្តក្រុង នាងក៏ប្រញាប់ប្រញាល់ទិញសំបុត្រ និងធ្វើដំណើរមកកាន់ព្រលានយន្តហោះ និងបានចាកចេញពីប្រទេសកូរ៉េដូចបំណងប្រាថ្នាមែន។ នាងបានមកដល់ស្រុកខ្មែរវិញតាមជើងយន្តហោះអាកាសចរណ៍ Korean Air នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សារទាំងអស់នេះ សារព័ត៌មានសែនសុខ សំណូមពរ ឲ្យមាតាបិតា ឬក៏ដូចជាស្ត្រីខ្មែរទូទៅដែលមានបំណងរៀបការជាមួយជនជាតិបរទេស សូមឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់កុំតាមអ្នកនាំ ឬមេខ្យល់។

ចំពោះគូជីវិត ឬមិត្តមួយរយឆ្នាំមិនអាចរស់នៅ ជាមួយគ្នាអស់មួយជីវិតតាមរយៈអ្នកនាំនោះទេ។ មានតែតាមរយៈខ្លួនយើងផ្ទាល់ ឬក៏ម្តាយឪពុកយើងក្រុមគ្រួសារយើង ព្រោះពួកគាត់មិនចង់ឲ្យកូនខូចអនាគតនោះទេ។សូមកុំឆាប់ជឿគេ ឬមើលតែសម្បកក្រៅហើយត្រូវតែចេះស្វែងយល់ពីប្រវត្តិរូប ឬជីវប្រវត្តិ (មានប្រពន្ធ ឬ នៅលីវ) គណីយភាពអាសយដ្ឋានតាមរយៈស្ថានទូតទើបជាការប្រការល្អ៕

website_news/2015131102.txt · Last modified: 2017/03/20 12:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki