website_news:2015131103

ពលករចំណាកស្រុកមីយ៉ាន់ម៉ាដែលរស់នៅថៃមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នបន្ទាប់ពីការបោះឆ្នោត

(http://khmer.voanews.com 13 វិច្ឆិកា 2015 )

បាងកក: ពលករចំណាកស្រុកមកពីប្រទេស មីយ៉ាន់ម៉ា ឬភូមាដែលនៅក្នុងប្រទេសថៃ កំពុងតាមដានការបង្កើតរដ្ឋាភិបាលថ្មី របស់ប្រទេសមីយ៉ាន់ម៉ាយ៉ាងដិតដល់ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅកាត់ថា NLD មានសន្ទុះយ៉ាងខ្លាំងក្នុងការបោះឆ្នោតនាចុងសប្ដាហ៍នេះ។ ប៉ុន្តែ តំណាងសហគមន៍សំខាន់ៗថា កម្មករចំណាកស្រុកជាច្រើនមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថា រដ្ឋាភិបាលថ្មីនឹងអាចផ្ដល់នូវការគាំទ្រ ដែលពួកគេត្រូវការ ដើម្បីឱ្យជីវិតរបស់ពួកគេប្រសើរឡើង។ មានតែមនុស្សមួយភាគតូចប៉ុណ្ណោះនៃចំនួនពលករចំណាកស្រុក និងជនភៀសខ្លួនមីយ៉ាន់ម៉ាជាងពីរលាននាក់ដែលរស់នៅក្នុងប្រទេសថៃ មានសិទ្ធបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។

ប៉ុន្តែសម្រាប់មនុស្សភាគច្រើន សេចក្ដីសង្ឃឹមរបស់ពួកគេស្ថិតនៅលើការផ្លាស់ប្ដូរ របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិប តេយ្យ ឬហៅកាត់ថា NLD ដែលមេដឹកនាំគណបក្សប្រឆាំងនេះ គឺលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បាននាំមុខក្នុងការរាប់សន្លឹកឆ្នោត។ លោក Min Oo អ្នកសម្របសម្រួលមូលនិធិសម្រាប់ការអប់រំ និងអភិវឌ្ឍន៍នៅខេត្ត Phang Na ភាគខាងត្បូងប្រទេសថៃ ដែលជួយពលករចំណាកស្រុកនៅក្នុងវិស័យកសិកម្ម និងនេសាទបានឱ្យដឹងថា មានមនុស្សជាច្រើនកំពុងសម្លឹងមើលរួចហើយលើការបង្កើតរដ្ឋាភិបាល ថ្មីនេះ។

ឥឡូវនេះពួកគេមានអារម្មណ៍ថា ពួកគេបានអ្វីដែលពួកខ្លួនចង់បាន គឺដើម្បីទទួលបានរដ្ឋាភិបាលថ្មីមួយ។ ពួកគេចង់ឱ្យគណបក្ស NLD ឈ្នះ។ ប៉ុន្តែសម្រាប់កម្មករវិញ ពួកគេចង់ដឹងពីផែនការនាពេលអនាគតរបស់រដ្ឋាភិបាលថ្មីនេះ។ តើអ្វីដែលរដ្ឋាភិបាលថ្មីនឹងធ្វើសម្រាប់ពួកគេ? ហើយនេះគឺជាបញ្ហាដែលពួកគេត្រូវតែគិត»។ ប្រទេសថៃបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់ជនភៀសខ្លួន ដែលភៀសខ្លួនចេញពីទំនាស់ពូជសាសន៍ក្នុងប្រទេសមីយ៉ាន់ម៉ាដែរ។

នៅក្នុងក្រុង Mae Sot ភាគពាយ័ព្យនៃប្រទេសថៃវេជ្ជបណ្ឌិតជនជាតិភាគតិច Karen គឺ នាង Cynthia Muang ទទួលខុសត្រូវគ្លីនិកសេវាថែទាំ សម្រាប់អ្នកជំងឺជាង១សែន៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ នាង Muangបាននិយាយថា ស្ថាន ការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាបានលាតត្រដាងហើយ វាចាំបាច់ត្រូវតែមើលយ៉ាងដិតដល់។ «យើងនៅតែបន្តត្រួតពិនិត្យស្ថានភាពក្រោយការបោះឆ្នោតបន្តទៀត ក្នុងរយៈពេលប៉ុន្មានបីទៅបួនខែខាងមុខ ដោយសារតែការទំនាក់ទំនងជាមួយយោធា និងរដ្ឋាភិបាលស៊ីវិល ឬរដ្ឋាភិបាលថ្មី និងយោធា។

គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមដែលរដ្ឋាភិបាលថ្មីមាន ដូចជាក្នុងការដោះស្រាយជាមួយនឹងបទឈប់បាញ់នៅក្នុងតំបន់ទាំងអស់ នេះជាបញ្ហាដែលយើងត្រូវការត្រួតពិនិត្យយ៉ាងដិតដល់»។ នាង Muang បាននិយាយថា នាងសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងនាំផ្លូវទៅរកការធ្វើកំណែទម្រង់ ហេដ្ឋា រចនាសម្ព័ន្ធសុខភាព និងការធ្វើឱ្យប្រសើរឡើងផ្នែកវេជ្ជសាស្ត្រ ដើម្បីឲ្យប្រជាជនលែងឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃដើម្បីរកសេវា គ្លីនិកថែទាំសុខភាពនៅទីនោះ។ មនុស្សជាច្រើនបានរំឭកឡើងវិញ នូវជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស NLD ក្នុងការបោះឆ្នោតឆ្នាំ១៩៩០ ដែលលទ្ធផលបានទុក្ខជាមោឃៈដោយយោធាកាន់អំណាច។

website_news/2015131103.txt · Last modified: 2017/03/20 12:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki